ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបាន ជូនដំណឹង​ដល់​​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​​ក្នុង​ប្រទេស​វៀតណាមឱ្យ​ប្រុងប្រយ័ត្នចំពោះ​ខ្យល់​ពុល ដែល​ជា​ប្រភេទ​លោហៈ​ធ្ងន់​គ្រោះថ្នាក់​ខ្លាំង​​ណាស់​ដល់​សុខភាព​មនុស្ស។​

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមដែលចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា​ ឆ្នាំ២០២១​បញ្ជាក់​ថា ស្ថានទូត​​អំពាវនាវឲ្យ​និស្សិត សិក្ខាកាម យោធា នគបាល និងបងប្អូនខ្មែរដែលកំពុងសិក្សា ស្នាក់នៅ ឬ​មាន​វត្តមាន​ក្នុង​ប្រទេស​វៀតណាម ពិសេស​នៅ​ភាគខាង​ជើង​ ឲ្យ​​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្យល់​ពុល​។

សេចក្តី​ជូន​ដំណឹង​បន្ថែម​ថា៖ «ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅ​ភាគ​ខាង​ជើង​​ឈាង​​ខាងកើត និងតំ​បន់ដីសណ្តរទន្លេ Hong ប្រឈម​នឹង​ខ្យល់​ពុល​មាន​លាយ​នឹង​កំទេច​ល្អិតៗ​បំផុត ដែល​ជា​ប្រភេទ​លោហៈ​ធ្ងន់​ គ្រោះថ្នាក់ខ្លាំង​ណាស់​ដល់សុខភាពមនុស្ស។ វាអាចផ្ដុំ​ និង​ជ្រៀត​ចូល​ដល់​កូន​ថង់​តូចៗ (alveoli) នៃ​សួត និង​ក្នុង​សរសៃ​ឈាម​អាច​បង្ក​ឲ្យ​មាន​ជាជំ​ងឺ​មហារីក ឬប៉ះ​ពាល់ដ​ល់​ DNA និង​នាំ​ឲ្យ​មាន​បំរែ​បំរួល​សេណេ​ទីក»។​

សេចក្ដីជូនដំណឹងនោះក៏បានបន្ថែមថា៖ «អំឡុង​ពេល​ស្ថានភាព​អាក្រក់ និង​គុណភាព​ខ្យល់​មិនល្អ អ្នកជំនាញបរិស្ថានណែនាំឲ្យ​ជៀសវាងការចេញក្រៅ បិទ​បង្អួ​ច​នៅ​ពេលព្រឹក និង​ត្រូវ​ប្រើ​ម៉ាស់​ការពា​រ​ធូលី​ពេល​ចេញ​ទៅ​ក្រៅ ត្រូវលាងសម្អាតរន្ធច្រមុះនឹ​ងទឹកអំបិល»។

សេចក្ដី​ជូន​ដំណឹង​ដដែល​ក៏​បាន​ប្រាប់​ឲ្យ​និស្សិត សិក្ខាកាមយោធា នគបាល និងប្រជា​ពលរដ្ឋ​ខ្មែរដែលមានវត្តមានក្នុងប្រទេស​វៀតណាម ជាពិសេសភាគខាងជើង មេត្តា​យក​ចិត្ត​ទុកដាក់​ការពារ​​សុខភាព៕​