លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាស​​ផ្ដល់​អាទិភាព​ក្នុង​ការចាក់​វ៉ាក់​សាំង​កូវីដ​១៩​ជូន​ដល់​សិស្ស​និស្សិត​ដែល​ត្រូវ​បន្តការ​សិក្សា​នៅ​បរទេស ​តាម​ការស្ម័គ្រ​ចិត្ត។

​យោងតាមសេចក្ដីថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នាព្រឹកថ្ងៃទី០៤ មីនា ឆ្នាំ២០២១ នាឱកាស​ដែល​លោក​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​ការពា​រ​ជំងឺ​កូវីដ​១៩ AstraZeneca លើកទីមួយមានប្រសាសន៍ថា៖ «ឥឡូវចេះហ្មងទៅ ដើម្បី​ឲ្យ បើសិន​ជា​មាន​វេលា​គ្រប់គ្រាន់ និស្សិត​ខ្មែរទាំ​ងអ​ស់​ដែល​ត្រូវ​ចេញ​ទៅ​ក្រៅប្រ​ទេស​ទាំងអស់ គួរត្រូវ​បាន​​ជាអា​ទិភាព​ក្នុង​ការទទួលបានវ៉ាក់សាំង»។

លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​អំពាវនាវឲ្យ​និស្សិតខ្មែរទាំ​ង​អស់​​ដែ​ល​ត្រូវ​​ចេញ​ទៅ​ក្រៅ​ប្រទេស ត្រូវ​​ទទួល​​បា​ន​អាទិភាព​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ១៩​ ហើយ​ថា និស្សិត​ទាំង​នោះ​គួរ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​របស់​ប្រទេស​ចិន ដោយសារ​​ចំណាយ​ពេល​ខ្លី។

«ប៉ុន្តែត្រូវគិតវ៉ាក់សាំងវាមានពីរប្រភេទ វ៉ាក់សាំងAstraZeneca នេះរវាង​ដូសទី១ និងដូសទី២ ត្រូវប្រើពេល៤អាទិត្យ ទៅ៣អាទិត្យ បាន​ទៅ១២ ពី៤ទៅ១២អាទិត្យ។ ហើយចំពោះ Sinopharm ប្រើរយៈពេលតែ១៤ថ្ងៃៗ អីចឹង​ពួកនិស្សិត​ត្រូវទៅរៀន​អាចនឹងទទួល​អាហ្នឹងគឺ​រហ័ស​ជាង»។

លោក ជា ពុំសក្ខីណា និស្សិតថ្នាក់បណ្ឌិតឆ្នាំទី២ ជំនាញវិស្វកម្មសំណង់ស៊ីវិល សាកល​វិទ្យាល័យ Tsinghua នៅទីក្រុង​ប៉េកាំង ប្រទេសចិន ដែល​កំពុង​រស់​នៅ​រាជធានី​ភ្នំពេញ​លើកឡើងថា លោក​រីក​រាយ ហើយ​នឹង​ទៅ​ចាក់​វ៉ាក់​សាំង​ ដោយ​សង្ឃឹម​ថា នឹង​អាច​ត្រឡប់​ទៅ​រៀន​នៅ​ប្រទេស​ចិន​វិញ​ដោយ​សុវត្ថិភាព។

«បើទោះបីជាមិនទាន់មានដំណឹងអនុញ្ញាតឱ្យនិស្សិតវិលត្រលប់ទៅប្រទេសចិនវិញ តែ​ការ​ចាក់​វ៉ាក់សាំងក៏ជាសញ្ញាវិជ្ជមានមួយផងដែរ ជាពិសេសវ៉ាក់សាំង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃការឆ្លងមេរោគ។ នៅតាមបណ្ដាសាកលវិទ្យាល័យនៅប្រទេសចិន ក៏ចាប់ផ្ដើម​ចាក់​ជូន​និស្សិត​ផងដែរ»។

លោក​បន្ថែមថា៖ «បើបានត្រលប់ទៅវិញ គ្រួសារ​ក៏មិន​សូវ​ជា​មាន​ការបារម្ភ​ខ្លាំង ព្រោះធម្មតា​គ្រាន់​ឈឺ​បន្តិចបន្តួច​ក៏ពួកគាត់បារម្ភដែរ ហើយបើ​មាន​បញ្ហា​នៅ​ស្រុក​គេ​គឺ​ពិបាក​ណាស់ ថ្លៃព្យាបា​ល​ក៏ថ្លៃ ដូច្នេះវ៉ាក់សាំងនេះគឺអាចផ្ដល់ទំនុកចិត្តខ្ពស់ពេលបានត្រលប់ទៅវិញ»។

គួរបញ្ជាក់ថា មាននិស្សិតជាច្រើនដែល​ត្រូវ​ត្រឡប់​ទៅ​បន្តកា​រ​សិក្សា​នៅ​បរទេស តែត្រូ​វ​ជាប់​គាំង​ដោយសារ​វិបត្តិ​​ជំងឺកូវីដ១៩៕​