បណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យ​ប្រចាំកម្ពុជា​ ​បាន​​បង្ហោះ​សារ​អំពាវនាវ​ជា​ថ្មី ជំរុញ​ឲ្យ​កម្ពុជា​​​មានការផ្សះផ្សាជាតិ បន្ទាប់ពី​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​កាត់​ទោស​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​ប្រឆាំង​ជាច្រើន​រូប ឱ្យ​ជាប់ពន្ធនាគារពីចន្លោះពី​២០ ទៅ​២៥ឆ្នាំ កាលពីថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ។

បណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យ​ប្រចាំកម្ពុជា​ទាំង​នោះ ​រួម​​មាន​​តំណាង​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា ស្ថានទូត​អាល្លឺម៉ង់ អង់​គ្លេស បារាំង និង​អូស្រ្តាលី​​ជាដើម។​

ការ​បង្ហោះ​សារអំពាវនាវឲ្យ​កម្ពុជា​មានការ​ផ្សះផ្សា​ជាតិ​​នោះ​ កើត​ឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលថ្ងៃទី​១ ខែ​មីនា ប្រកាស​សាលក្រម​សម្រេចកាត់ទោសលោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង ឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ។ ចំណែក​អ្នកស្រី មូរ សុខហួរ ព្រមទាំងលោក អេង ឆៃអ៊ាង ត្រូវ​ជាប់​ពន្ធនាគារ​២២ឆ្នាំ និង​មន្ត្រីមួយចំនួនទៀត​រួម​មាន អ្នកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក  ឡុង រី និងលោក នុត រំដួល សម្រចឱ្យជាប់ពន្ធនាគារ២០ឆ្នាំ។

ក្រៅតែពីមានទោសជាប់ពន្ធនាគារ មេដឹកនាំអតីតបក្សប្រឆាំងទាំង ៩រូបនេះ ក៏​ត្រូវ​សម្រេច​ដក​ហូតសិទ្ធិជាពលរដ្ឋមួយចំនួនជាអាទិ៍ សិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ​និង​សិទ្ធិ​បម្រើរាជការ ព្រមទាំងផាកពិន័យជាប្រាក់រួមគ្នាចំនួន ១,៨០០ លានរៀល ចូលទៅរដ្ឋផងដែរ។

ក្រោយប្រកាសសាលក្រមជុំវិញការកាត់ក្ដីនេះ តំណាងអ្នកនាំពាក្យ នៃ​ការិយាល័យ​ក្រៅប្រ​ទេស​របស់​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ ដោយបានគត់សម្គាល់ថា សាលក្រមកាត់ក្ដីនេះ ត្រូវបានប្រកាសបន្ទាប់ពីសវនាការប្រញាប់ប្រញាល់ ដែលត្រូវបានធ្វើឡើងដោយកំបាំងមុខ។ ជនជាប់​ចោទ​មិនត្រូវបានអនុញ្ញាតឱ្យត្រឡប់មកកម្ពុជា​ដើម្បីការពារក្ដីរបស់ខ្លួន​នៅចំពោះមុខតុលាការ ដែល​នេះ​ត្រូវ​បានអ្នកនាំពាក្យសហភាពអឺរ៉ុប ចាត់ទុកថា ហាក់បីដូចជា ការរំលោភ​សិទ្ធិ​ទទួល​បាន​ការកាត់ក្ដី​ដ៏​ត្រឹមត្រូវ ដែលមានចែងយ៉ាងច្បាស់​ក្នុងច្បាប់អន្តរជាតិ​ស្ដីពីសិទ្ធិមនុស្ស។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយមិន​គិតពី​និន្នាការ​នយោបាយ​របស់​ពួកគេ គួរទទួលបានការធានាថា ពួកគេមានសិទ្ធិ ទទួលបានការកាត់ក្ដីដ៏ត្រឹមត្រូវ ស្របទៅតាម អនុសញ្ញា ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ រួមទាំងសិទ្ធិនានា ដែលមានចែង នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ អាជ្ញាធរកម្ពុជា ត្រូវគោរពនីតិរដ្ឋ និងការជំនុំជម្រះដ៏ត្រឹមត្រូវ និងធានាថា សិទ្ធិចូលរួមនយោបាយ និងសេរីភាពជាមូលដ្ឋានគ្រឹះ ត្រូវបានគោរពយ៉ាងពេញលេញ រាប់បញ្ចូលទាំងសេរីភាពបញ្ចេញ​មតិ ការបង្កើតអង្គការ សមាគម និងការប្រមូលផ្ដុំដោយសន្ដិវិធី។

ក្នុងលិខិតបន្ទាត់ចុងក្រោយបានសរសេរថា៖ «សហភាពអឺរ៉ុប សូមអំពាវនាវជាថ្មីម្ដងទៀត ដល់​អាជ្ញាធរ​កម្ពុជា ក្នុងការចាប់ផ្ដើមនូវដំណើរការផ្សះផ្សាជាតិ តាមរយៈកិច្ចពិភាក្សាប្រកបដោយ ភាពត្រឹមត្រូវ​ស្មោះត្រង់ និងចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។

ចំណែក​ទំព័រហ្វេសប៊ុកស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ផ្សាយ​នៅ​ថ្ងៃ​ទី​៣​ ខែមីនា​ ថា លោក Pablo KANG ឯកអគ្គរដ្ឋទូត​អូស្រ្តាលី​​ប្រចាំ​កម្ពុជា ​បាន​ជួប​​លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ដោយ​​បានលើកឡើងអំពីកង្វល់របស់រដ្ឋា​ភិបាល​អូស្ត្រាលី ក្នុងការកាត់ទោសសកម្មជនគណបក្សប្រឆាំង និងមន្ត្រីជាន់ខ្ពស់សំខាន់ៗ ឱ្យជាប់ពន្ធនាគារយូរឆ្នាំ និងដកសិទ្ធិពលរដ្ឋ នាពេលថ្មីៗ។ លោក Pablo Kang ​ក៏បានទទូច​ឲ្យ​​រដ្ឋាភិបាលកម្ពុជា​អនុវត្តតម្លាភាព និងនីតិវិធីត្រឹមត្រូវ លើដំណើរ​ការកាត់ក្ដីទាំ​ង​អស់ និងមានវិធានការកសាងទំនាក់ទំនងឡើងវិញ ជាមួយសមាជិកគណបក្សប្រឆាំង​ និងសង្គមស៊ីវិល។

ស្រដៀងគ្នានេះ លោក W. Patric Muphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​កម្ពុជា បានថ្លែងក្នុង​បណ្ដាញ​សង្គមធ្វីត​ធឺរ​បស់លោក​ថា ការកាត់ទោសនេះ គឺខ្វះនីតិវិធីត្រឹមត្រូវ ហើយក៏បានស្នើឱ្យអាជ្ញាធរ បើក​លម្ហ​នយោបាយឱ្យបានទូលំទូលាយឡើងវិញ និងអនុញ្ញាតឱ្យគ្រប់ភាគី​បញ្ចេញមតិយោបល់ និងចូលរួមធ្វើសកម្មភាពបានដូចគ្នា។

លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុកលោកប្រតិកម្មនឹង សាលក្រមផ្ដន្ទាទោសលោក និងអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិ ៨រូបទៀតថា «សាលក្រមគួរឱ្យអស់សំណើច ឆ្លុះបញ្ចាំង​ពីភាពភ័យខ្លាចរបស់លោក ហ៊ុន សែន ដែល​ចង់កម្ចាត់លោកចេញពីឆាកនយោបាយកម្ពុជា» ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់ Newsroom Cambodia តាមរយៈសម្ភាសតាមទូរស័ព្ទថា ចំពោះការសម្រេចរបស់តុលាការ​ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា មិនមានសមត្ថកិច្ចណាទៅលូកលាន់ទេ ព្រោះតុលាការជាស្ថាប័នឯករាជ្យ ហើយវិនិច្ឆ័យក្ដី ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលមានសរសេរក្នុងរដ្ឋធម្មនុញ្ញ រាល់ជនទាំងឡាយណា ដែលប្រព្រឹត្តរំលោភច្បាប់ គឺតុលាការជាអ្នកវិនិច្ឆ័យ។

លោកបន្ដថា ដូចយើងឃើញហើយថា អ្វីដែលផលប្រយោជន៍លើ​​សកលលោក គឺសន្ដិភាព និងការគោរពលិទ្ធិប្រជាធិបតេយ្យ ហើយបើមានជនណាអំពាវនាវ ធ្វើឱ្យមានចលាចល​ដើម្បីបែរចុងអាវុធ មកទម្លាក់នាយករដ្ឋមន្ត្រី ដែលកើតឡើង ដោយការបោះឆ្នោត ស្របច្បាប់ រឿងហ្នឹង គឺមិនអាចអនុគ្រោះឱ្យបានទេ។​ លោកបន្ថែមថា ចំពោះអ្នកអំពាវនាវ ញុះញង់បង្កើតអំពើហិង្សា ប្រឆាំងរំលោភលើច្បាប់នីតិរដ្ឋ ហេតុដូចម្ដេចតុលាការគ្មានសិទ្ធិកាត់សេចក្ដី ហើយអ្នក ដែល​ឆ្លង​កាត់​ការកាត់​សេចក្ដី​ហ្នឹង មានការវិនិច្ឆយដាច់ដោយឡែកមួយ ដែលជាបុព្វសិទ្ធិ​របស់​នាយក​រដ្ឋមន្ត្រី។

លោកបានឆ្លើយតបបញ្ជាក់បន្ថែមលើសេចក្ដីថ្លែងការណ៍ស្នើឱ្យមានការផ្សះផ្សាជាតិថា៖ «តុលាការវិនិច្ឆយក្ដី អ្នកដែលត្រូវបានកាត់ទោស ចំពោះរឿងបំពាន់ច្បាប់តែប៉ុណ្ណោះ។ ហើយការផ្សះផ្សាជាតិ មិនមែនជារឿងវិបត្តិនយោបាយឯណា, មានតែក្រុមឧទ្ទាមប្រឆាំងរាជរដ្ឋាភិបាល ប្រឆាំងប្រជាពលរដ្ឋ ដូច្នេះគេ មិនដែលទៅចរចាជាមួយក្រុមឧទ្ទាមទេ»។

ទាក់ទងនឹងរឿងនេះដែរ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរ​លើ​ហ្វេសប៊ុកលោកនៅថ្ងៃទី៣​ ខែមីនា ថា៖ «លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ច សម្រាប់​អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ការអនុវត្តច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិត​លម្ហប្រជាធិបតេយ្យនោះទេ។ ចំណែក​ឯការ​រិះគន់​លើ​នីតិវិធី និងការសម្រេចរបស់តុលាការ​ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា ហើយដើម្បីតែការពារក្រុមជនល្មើសនោះ វាជាការិះគន់​បែបអយុត្តិធម៌ និងមានស្តង់ដារពីរ» ។

លោក ឡៅ ម៉ុងហៃ អ្នកឃ្លាំមើលសង្គម បានសរសេរលើហ្វេសប៊ុកលោកទាក់ទងនឹងការឆ្លើយតបរបស់មន្ត្រីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា៖ «ការឆ្លើយតបទៅនឹងការទិតៀនអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនអាចធ្វើឲ្យគេជឿបានទេ បើមិនគិតថាសិទ្ធិមនុស្ស ជាច្បាប់ និងថារដ្ឋត្រូវការពារសិទ្ធិមនុស្សទាំងនោះ ។ មន្រ្តីច្បាប់ និងមន្ត្រីទទួលបន្ទុកសិទ្ធិមនុស្ស ច្រើនតែសង្កត់ធ្ងន់ថាអ្នកប្រើប្រាស់សិទ្ធិសេរីភាព ត្រូវគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ ដើម្បីតបទៅនឹង ការទិតៀនថាមានការបង្ក្រាបនិងដាក់ទោសទណ្ឌ ដល់អ្នកប្រើប្រាស់សិទ្ធិសេរីភាពកាន់តែច្រើនទៅៗ សឹងតែ មិនអាចប្រើប្រាស់សិទ្ធិនោះបានសព្វថ្ងៃនេះ» ។

លោក សម រង្ស៊ី និងក្រុមមន្ត្រីជាន់ខ្ពស់ ៨រូបទៀត បានត្រូវសម្រេចពីផ្ដន្ទាទោស ចោទពី បទឧបឃាត (បង្កការញុះញង់ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល និងរួមគំនិតក្បត់) ពាក់ព័ន្ធ​នឹង​គម្រោងវិលចូលស្រុករបស់លោក សម រង្ស៊ី និងក្រុមមន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩  ដែល​រដ្ឋាភិបាលកម្ពុជា​ចាត់ទុកជាការប៉ុនប៉ងបង្កការញុះញង់ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល៕