លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី នៅថ្ងៃព្រហស្បតិ៍នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) របស់ចក្រភពអង់គ្លេស បន្ទាប់ពីអាយុរបស់អ្នកទាំងពីរមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាមបាន។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្សាយផ្ទាល់ (Live) នៅថ្ងៃព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យឃើញថា មានថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀតក៏បានមកទទួលការចាក់វ៉ាក់សាំងនៅព្រឹកនេះ ក្នុងនោះមានដូចជារដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា ជាដើម នៅមន្ទីរពេទ្យកាល់ម៉ែត។
វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) គឺជាវ៉ាក់សាំងទីពីរហើយបន្ទាប់ពីវ៉ាក់សាំង Sinopharm របស់ប្រទេសចិន ដែលរដ្ឋាភិបាលកម្ពុជាដាក់ឱ្យដំណើរការចាក់លើក្រុមមនុស្សងាយរងគ្រោះជាអាទិភាព ក្នុងនោះមានដូចជាក្រុមគ្រូពេទ្យ ទាហ៊ាន អ្នកសារព័ត៌មានជាដើម។
គួរបញ្ជាក់ដែរថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) គឺអាចចាក់បានទៅលើក្រុមមនុស្សដែលមានអាយុលើស ៦០ឆ្នាំ។ ចំណែកឯវ៉ាក់សាំង Sinopharm វិញ គឺអាចចាក់បានចំពោះក្រុមមនុស្សចន្លោះអាយុចាប់ពី១៨ រហូតដល់៥៩ឆ្នាំ តែប៉ុណ្ណោះ៕