លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី នៅថ្ងៃព្រហស្បតិ៍នេះ បាន​​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) របស់​ចក្រភព​អង់គ្លេស បន្ទាប់ពី​អាយុ​របស់​អ្នក​ទាំងពីរ​មិន​អាច​ចាក់វ៉ាក់​សាំងស៊ីណូហ្វាម​បាន។

យោង​តាម​ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ផ្សាយផ្ទាល់ (Live) ​នៅ​ថ្ងៃព្រឹកថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២១​ បានឱ្យឃើញថា មាន​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ជាច្រើន​នាក់​ផ្សេង​ទៀត​ក៏​បាន​មក​ទទួល​ការចាក់​វ៉ាក់​សាំង​នៅព្រឹកនេះ ក្នុងនោះមា​ន​ដូចជា​រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​លោក ​ ជា​ សុផារ៉ា ជាដើម នៅមន្ទីរពេទ្យកាល់ម៉ែត។

វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) គឺជា​វ៉ាក់​សាំង​ទីពីរ​ហើយ​បន្ទាប់ពី​វ៉ាក់សាំង Sinopharm​ របស់ប្រទេសចិន ដែល​រដ្ឋាភិបាល​កម្ពុជា​ដាក់​ឱ្យ​ដំណើរការ​ចាក់​លើ​ក្រុម​មនុស្ស​​ងា​យ​​រង​គ្រោះជាអាទិភាព ក្នុងនោះមានដូចជាក្រុមគ្រូពេទ្យ ទាហ៊ាន អ្នកសារ​ព័ត៌មាន​ជាដើម។

គួរបញ្ជាក់ដែរថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) គឺ​អាច​ចាក់​បាន​ទៅ​លើ​ក្រុម​មនុស្សដែលមានអាយុលើស ៦០ឆ្នាំ។ ចំណែកឯវ៉ាក់សាំង Sinopharm វិញ គឺអាចចាក់បានចំពោះក្រុមមនុស្សចន្លោះអាយុចាប់ពី១៨ រហូតដល់៥៩ឆ្នាំ តែ​ប៉ុណ្ណោះ៕