ក្រសួងសុខាភិបាលប្រកាស គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែមីនានេះថា មានករណីឆ្លងជំងឺកូវីដ១៩ចំនួន២៣នាក់ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានរៀបរាប់ថា៖ «ករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ២៣នាក់ និងមានករណីជាសះស្បើយចំនួន៥នាក់ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១»។
សេចក្តីជូនព័ត៌មានដដែលបន្ថែមថា ក្នុងចំណោមករណីវិជ្ជមានកូវីដ១៩ ចំនួន២៣នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះជនជាតិខ្មែរចំនួន១០នាក់ ជនជាតិសាំងហ្គាពួរចំនួន១នាក់ ជនជាតិចិនចំនូន១១នាក់ និងជនជាតិឥណ្ឌូណេស៊ីចំនួន១នាក់ ហើយអ្នកមានផ្ទុកជំងឺកូវីដ១៩ទាំងនេះគឺសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក ចំនួន១៥នាក់ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុចំនួន៥នាក់ មន្ទីពេទ្យបង្អែកខេត្តកោះកុងចំនួន២នាក់ និង មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាលចំនួន១នាក់។
សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មកដល់ថ្ងៃទី០៥ ខែមីនានេះ មានចំនួនសរុប៤៤២៥នាក់ រួមមានស្រ្តីចំនួន២១៣នាក់ និងបុរសចំនួន២១២នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៩៣២នាក់ អ្នកព្យាបាលជាសះស្បើយចំនួន៣៩៥នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៥៣៧នាក់៕