លោកម្ចាស់ព្រឿង ថូយ ជាអតីតសមណសិស្សនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត (ក្រុងភ្នំពេញ) ដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៥។ លោកម្ចាស់បានជាប់អាហារូបករណ៍និមន្តទៅសិក្សាផ្នែកព្រះពុទ្ធសាសនា នៅពុទ្ធិកមហាវិទ្យាល័យសិង្ហបុរី (Buddhist College of Singapore) ប្រទេសសិង្ហបុរី កាលពីចុងឆ្នាំ២០១៦។
សព្វថ្ងៃនេះលោកម្ចាស់ ព្រឿង ថូយ គង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ ហើយក៏កំពុងជួយបង្រៀនភាសាអង់គ្លេសថ្នាក់ដំបូង (Headway for Beginner) ដល់ប្អូនៗដែលមករៀនផ្ទាល់ និងរៀនតាមប្រព័ន្ធអនឡាញ (Online) ។
Q: តើមានកត្តាអ្វីខ្លះជំរុញទឹកចិត្តលោកគ្រូ ក្នុងការចែករំលែកចំណេះដឹង ក៏ដូចជាបង្រៀនលើបណ្ដាញសង្គម ក្នុងបរិបថកូវីដ១៩នេះ?
A: ការបង្រៀន គឺជាកិច្ចការដែលខ្ញុំករុណាស្រឡាញ់។ ហើយកត្ដាដែលជំរុញឱ្យខ្ញុំករុណាចែករំលែក និងបង្រៀននៅលើបណ្ដាញសង្គម។ ទីមួយ ជាពេលដែលខ្ញុំករុណាមានវិស្សមកាល សម្រាកពីការសិក្សាផ្ទាល់ខ្លួន។ ទីពីរ ដោយយល់ឃើញថា ពេលនេះជាពេលដែលប្អូនៗសិស្សានុសិស្សខ្មែរយើងមានពេលវេលាច្រើនសិក្សានៅលើអនឡាញ ព្រោះពួកគាត់ត្រូវបានណែនាំឱ្យរៀនពីចម្ងាយនៅផ្ទះដោយខ្លួនឯងក្នុងអំឡុងពេលកូវីដនេះ។ ម្យ៉ាងវិញទៀត ឆ្លៀតក្នុងឱកាសដែលយើងមិនអាចចេញទៅក្រៅបានច្រើន ដូចនេះការផ្ដល់ចំណេះដឹង និងរៀនសូត្រតាមបណ្ដាញសង្គម ឬអ៊ីនធឺណេតនេះគឺជាឱកាស និងជាវិធីសាស្ត្រមួយដ៏សំខាន់ដែលយើងគួរមាន។ ទាំង៣ខាងលើនេះ ជាកត្ដាចម្បងជំរុញទឹកចិត្តឱ្យខ្ញុំករុណាបើកបង្រៀន និងចែករំលែកនៅលើបណ្ដាញសង្គមរហូតមកដល់សព្វថ្ងៃនេះ។
Q: តើវាមានផលប្រយោជន៍ និងផលលំបាកអ្វីខ្លះចំពោះលោកគ្រូក្នុងការបង្រៀនតាមប្រព័ន្ធអនឡាញ?
A: និយាយអំពីផលប្រយោជន៍ គឺខ្ញុំករុណាមិនទទួលបានអ្វីនោះទេ។ ព្រោះថ្នាក់រៀនដែលករុណាកំពុងបង្រៀននេះ គឺផ្ដល់ជូនដោយមិនគិតថ្លៃទេ។ តែវាជារឿងមួយដែលខ្ញុំករុណា សប្បាយចិត្ត ព្រោះឃើញមានប្អូនៗជាច្រើន មានការចាប់អារម្មណ៍នៅក្នុងការរៀនសូត្រ ដោយពួកគាត់មិនទុកពេលវេលាចោល។ នៅពេលដែលគាត់ខំប្រឹងរៀន មិនថារៀននៅថ្នាក់ផ្ទាល់ ឬរៀនតាមអនឡាញក៏ដោយ គាត់នឹងទទួលបានចំណេះដឹងដូចគ្នា។ ចំណែកភាពលំបាកដែលករុណាមាន នៅពេលដែលបង្ហាត់អនឡាញនោះមានមួយចំនួនដូចជា ការឆ្លើយឆ្លងជាមួយសិស្ស ឬអ្នកសិក្សា ព្រោះយើងនៅឆ្ងាយពីគ្នា។ ហើយការបង្រៀនត្រូវចំណាយពេលច្រើន ទាំងពេលបង្រៀន និងចប់ម៉ោង ដោយយើងត្រូវចំណាយពេលចែករំលែក និងឆ្លើយសំណួរមួយចំនួនដែលសិស្សសាកសួរមកទៀត។ ភាពលំបាកមួយទៀតនោះ ដោយសារថ្នាក់ដែលខ្ញុំករុណាបង្រៀននេះជាថ្នាក់បង្រៀនទូទៅ ដូច្នេះសិស្សដែលចូលរៀនមានកម្រិតនៃការយល់ដឹងផ្សេងគ្នា ដែលជាហេតុអ្វីឱ្យលំបាកក្នុងការចែករំលែកឱ្យបានតាមតម្រូវការរបស់ពួកគាត់។
Q. បើតាមការសង្កេត និងការយល់ឃើញរបស់លោកគ្រូ តើសិស្សដែលរៀនតាមប្រព័ន្ធអនឡាញអាចចាប់បានកម្រិតណា ហើយអ្វីជាបញ្ហាដែលពួកគាត់តែងប្រឈម?
A: សម្រាប់ករុណាដែលជាអ្នកបង្រៀនផ្ទាល់យល់ថា សិស្សដែលរៀនតាមអនឡាញទទួលបានចំណេះដឹងមិនខុសទៅនឹងអ្វីដែលពួកគាត់មករៀននៅក្នុងថ្នាក់នោះទេ។ ព្រោះអ្វីដែលជាការបង្រៀន គឺយើងផ្ដល់ឱ្យដូចគ្នា ឬល្អជាងការមករៀនផ្ទាល់ខ្លះផងក៏មាន។ តែអ្វីដែលជាបញ្ហាសម្រាប់ពួកគាត់នោះ ទីមួយ គឺប្រព័ន្ធអ៊ីនធឺណេត។ សិស្សមួយចំនួនរស់នៅតាមបណ្ដាខេត្ត ហើយសិស្សខ្លះនៅឆ្លាយពីទីប្រជុំជនដែលធ្វើឱ្យសេវាទូរស័ព្ទមិនសូវល្អ។ មួយទៀត ការមិនចូលរួមពីឪពុកម្ដាយ ដែលពេលខ្លះពួកគាត់អាចរវល់ជួយកិច្ចការងារផ្ទះជាដើម។ ហើយការផ្ដោតអារម្មណ៍ក៏ជាភាពលំបាកមួយផងដែរសម្រាប់សិស្សដោយច្រើន ព្រោះនៅផ្ទះអាចនឹងមានសំឡេង ឬរឿងមួយចំនួនធ្វើឱ្យរំខាន ហើយពួកគាត់មិនអាចផ្ដោតអារម្មណ៍បានល្អ។
Q. តាមការយល់ឃើញរបស់លោកគ្រូក្នុងសម័យកូវីដ១៩នេះ តើក្រសួងគួរតែមានវិធីសាស្ត្រដូចម្ដេច ដើម្បីឱ្យការបង្រៀនដល់សិស្សានុសិស្សមានប្រសិទ្ធភាពខ្ពស់?
A: យើងត្រូវដឹងថា ដើម្បីឱ្យគុណភាពអប់រំតាមប្រព័ន្ធអនឡាញនេះមានប្រសិទ្ធភាព ការចូលរួមពីសំណាក់អាណាព្យាបាលគឺជារឿងមួយដែលមិនអាចខ្វះបាន។ ជាពិសេស ទៅលើប្អូនៗដែលនៅក្មេងមិនទាន់អាចប្រើប្រាស់ និងគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតនេះបានល្អនៅឡើយ។ រឿងនេះវាក៏ទាក់ទងទៅនឹងការអភិវឌ្ឍ និងភាពជឿនលឿននៃប្រទេសរបស់យើងផងដែរ។
Q: ក្នុងនាមលោកគ្រូជាគ្រូបង្រៀនមួយអង្គបានបណ្ដុះបណ្ដាលប្អូនៗសិស្សានុសិស្សជាច្រើនកន្លងមក តើអ្វីជាគោលបំណងធំបំផុតរបស់លោកគ្រូចំពោះយុវជនខ្មែរទៅថ្ងៃខាងមុខ?
A: ដូចដែលបានប្រគេនមកពីខាងដើមហើយថា ការបង្ហាត់បង្រៀន ឬចែករំលែកគឺជាកិច្ចការងារដែលខ្ញុំករុណាចូលចិត្ត។ ហើយក៏ជាអ្វីដែលខ្ញុំករុណាយល់ថា វាពិតជាសំខាន់ផងដែរសម្រាប់ប្រទេសជាតិទាំងមូលរបស់យើង។ គោលបំណងរបស់ខ្ញុំករុណានោះគឺប្អូនៗ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបស្រឡាញ់ការសិក្សា និងខិតខំប្រឹងប្រែងក្នុងការសិក្សាដើម្បីទទួលបានចំណេះដែលអាចយកទៅធ្វើ ឬបម្រើជាប្រយោជន៍សម្រាប់ខ្លួនពួកគាត់ផ្ទាល់ គ្រួសារ និងសង្គមជាតិរបស់យើងឱ្យមានការរីកចម្រើនរុងរឿង និងសុខសន្តិភាព។
Q: ជាចុងក្រោយតើលោកម្ចាស់មានជាសំណូមពរអ្វីជូនទៅអាណាព្យាបាលក្នុងការយកចិត្តទុកដាក់ជាមួយកូនៗរបស់ពួកគាត់?
A: សូមឱ្យមាតាបិតាទាំងអស់របស់ប្អូនៗសិស្សានុសិស្សជំរុញលើកទឹកចិត្ត និងធ្វើការតាមដានការសិក្សារបស់កូនៗតាមដែលអាចធ្វើបាន។ ហើយសហការជាមួយក្រសួងអប់រំ និងលោកគ្រូអ្នកគ្រូដើម្បីជួយដល់ដំណើរការនៃការសិក្សារបស់ប្អូនៗ។ យើងដឹងហើយថា ការសិក្សាតែងមានភាពលំបាក តែយើងនឹងទទួលបានរឿងល្អៗជាច្រើនពេលដែលយើងមានចំណេះដឹង។ ដូចសុភាសិតមួយថា «ការអប់រំមានឬសល្វីង ប៉ុន្តែមានផ្លែផ្អែម»។ ដូច្នេះយើងត្រូវបន្តសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍន៍ខ្លួន។ ហើយជាពិសេសយកឱកាសនៃសម័យកូវីដនេះ ដើម្បីរៀនសូត្រពីបច្ចេកវិទ្យា និងភាពជឿនលឿននៃពិភពលោក។ បើយើងអាចគ្រប់គ្រង និងប្រើឱកាសនេះបានល្អ ថ្ងៃអនាគតយើងនឹងទទួលបានភាពរុងរឿងជាច្រើននៅក្នុងជីវិត។
Q: អរព្រះគុណលោកម្ចាស់សម្រាប់ការផ្តល់សម្ភាសន៍៕