លោកម្ចាស់ព្រឿង ថូយ ជាអតីតសមណសិស្សនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត (ក្រុងភ្នំពេញ) ដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៥។ លោកម្ចាស់​បានជា​ប់​អាហា​រូបករណ៍​​​និមន្ត​ទៅ​សិក្សា​ផ្នែក​ព្រះពុទ្ធសាសនា នៅពុទ្ធិកមហាវិទ្យាល័យសិង្ហបុរី (Buddhist College of Singapore) ប្រទេសសិង្ហបុរី កាលពីចុងឆ្នាំ២០១៦។

សព្វថ្ងៃនេះលោកម្ចាស់ ព្រឿង ថូយ គង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ ហើយ​ក៏​កំពុង​ជួយ​បង្រៀន​ភាសា​អង់គ្លេស​ថ្នាក់​ដំបូង (Headway for Beginner) ដល់​ប្អូនៗ​ដែល​មក​រៀន​ផ្ទាល់ និង​រៀន​តាម​ប្រព័ន្ធ​អនឡាញ (Online) ។

Q: តើមានកត្តាអ្វីខ្លះជំរុញទឹកចិត្តលោកគ្រូ ក្នុងការចែករំលែកចំណេះដឹង ក៏​ដូចជា​បង្រៀន​លើ​បណ្ដាញសង្គម ក្នុងបរិបថ​កូវីដ១៩​នេះ?

A: ការបង្រៀន គឺជាកិច្ចការដែលខ្ញុំករុណាស្រឡាញ់។ ហើយ​កត្ដា​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​ករុណា​ចែក​រំលែក និង​បង្រៀន​នៅ​លើ​បណ្ដាញ​​សង្គម​។ ទីមួយ ជាពេលដែលខ្ញុំករុណាមានវិស្សមកាល សម្រាក​ពីការ​សិក្សា​ផ្ទាល់​ខ្លួន។ ទីពីរ ដោយ​យល់ឃើញ​ថា ពេល​​នេះ​​ជា​ពេល​ដែល​ប្អូនៗ​សិស្សា​នុ​សិស្ស​ខ្មែរ​យើង​មានពេលវេលាច្រើន​សិក្សានៅលើអនឡាញ ព្រោះ​ពួកគាត់​ត្រូវ​បាន​ណែនាំ​​ឱ្យ​រៀន​ពី​ចម្ងាយ​នៅ​ផ្ទះ​ដោយ​ខ្លួនឯង​ក្នុង​អំឡុង​ពេល​កូវីដ​នេះ។​​ ម្យ៉ាង​វិញ​ទៀត​ ឆ្លៀត​ក្នុង​ឱកាស​ដែលយើងមិនអាចចេញ​ទៅ​ក្រៅបានច្រើន ដូចនេះការផ្ដល់ចំណេះដឹង និង​រៀន​សូត្រ​តា​ម​បណ្ដាញ​សង្គម ឬអ៊ីនធឺណេត​នេះ​គឺជា​ឱកាស និង​ជា​វិធីសាស្ត្រ​មួយ​ដ៏​សំខាន់​ដែល​យើង​គួរ​មាន។ ទាំង៣ខាងលើនេះ ជាកត្ដាចម្បងជំរុញទឹកចិត្តឱ្យខ្ញុំករុណាបើកបង្រៀន និងចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​រហូត​មកដល់សព្វថ្ងៃនេះ។

Q: តើវាមានផលប្រយោជន៍ និងផលលំបាកអ្វីខ្លះ​ចំពោះ​លោក​គ្រូ​ក្នុង​ការបង្រៀនតា​ម​ប្រព័ន្ធ​អនឡាញ?

A: និយាយអំពីផលប្រយោជន៍ គឺខ្ញុំករុណាមិនទទួលបានអ្វីនោះទេ។ ព្រោះថ្នាក់​រៀន​ដែល​ករុណា​កំពុង​បង្រៀន​នេះ គឺផ្ដល់ជូនដោយមិនគិតថ្លៃទេ។ តែវាជារឿងមួយដែលខ្ញុំករុណា សប្បាយ​ចិត្ត ព្រោះឃើញមានប្អូនៗជាច្រើន មានការចាប់អារម្មណ៍នៅក្នុងការរៀនសូត្រ ដោយ​ពួកគាត់​មិន​ទុក​ពេល​វេលា​ចោល។ នៅ​ពេល​ដែល​គាត់​ខំ​ប្រឹង​រៀន មិន​ថា​រៀន​នៅ​ថ្នាក់​ផ្ទាល់ ឬ​រៀន​តាម​អនឡាញក៏ដោយ គាត់នឹងទទួលបានចំណេះដឹងដូចគ្នា។ ចំណែក​ភាព​លំបាក​ដែលករុណាមាន នៅពេលដែលបង្ហាត់អនឡាញនោះមានមួយចំនួនដូចជា ការឆ្លើយ​ឆ្លង​ជាមួយ​សិស្ស ឬអ្នកសិក្សា ព្រោះយើងនៅឆ្ងាយពីគ្នា។ ហើយការបង្រៀន​ត្រូវ​ចំណាយ​ពេល​ច្រើន ​ទាំងពេលបង្រៀន និងចប់ម៉ោង ដោយយើងត្រូវចំណាយពេលចែករំលែក និង​ឆ្លើយ​សំណួរ​មួយ​ចំនួន​ដែល​សិស្ស​សាកសួរ​មក​ទៀត។ ភាព​លំបាក​មួយ​ទៀត​នោះ ដោយសារ​ថ្នាក់​ដែល​ខ្ញុំ​ករុណា​បង្រៀន​នេះ​ជា​ថ្នាក់​បង្រៀន​ទូទៅ ដូច្នេះ​សិស្ស​ដែល​ចូល​រៀន​មាន​កម្រិត​នៃ​ការយល់​ដឹង​ផ្សេង​គ្នា ដែល​ជា​ហេតុអ្វី​ឱ្យ​លំបាក​ក្នុង​ការចែក​រំលែក​ឱ្យ​បាន​តាម​តម្រូវ​ការ​របស់​ពួកគាត់។

Q. បើតាមការសង្កេត និងការយល់ឃើញរបស់លោកគ្រូ តើ​សិស្ស​ដែល​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​​អាច​ចាប់​បាន​កម្រិត​ណា ហើយ​អ្វី​ជា​បញ្ហា​ដែល​ពួកគាត់​តែង​ប្រឈម?

A: សម្រាប់ករុណាដែលជាអ្នកបង្រៀនផ្ទាល់យល់ថា សិស្សដែលរៀនតាមអនឡាញ​ទទួល​បាន​ចំណេះដឹងមិនខុសទៅនឹងអ្វីដែលពួកគាត់មករៀននៅក្នុងថ្នាក់នោះទេ។ ព្រោះ​អ្វី​ដែល​ជា​ការ​បង្រៀន គឺយើងផ្ដល់ឱ្យដូចគ្នា ឬល្អជាងការមករៀនផ្ទាល់ខ្លះផងក៏មាន។ តែអ្វី​ដែល​ជា​បញ្ហា​សម្រាប់​ពួកគាត់នោះ ទីមួយ គឺប្រព័ន្ធអ៊ីនធឺណេត។ សិស្ស​មួយ​ចំនួន​រស់នៅ​តាម​បណ្ដា​ខេត្ត ហើយសិស្សខ្លះនៅឆ្លាយពីទីប្រជុំជន​ដែលធ្វើឱ្យសេវាទូរស័ព្ទមិនសូវល្អ។ មួយទៀត ការ​មិន​ចូលរួមពីឪពុកម្ដាយ ដែលពេលខ្លះពួកគាត់អាចរវល់ជួយកិច្ចការងារផ្ទះជាដើម។ ហើយ​ការ​ផ្ដោត​អារម្មណ៍ក៏ជាភាពលំបាកមួយផងដែរសម្រាប់សិស្សដោយច្រើន ព្រោះ​នៅ​ផ្ទះ​អាច​នឹងមានសំឡេង ឬរឿងមួយចំនួនធ្វើឱ្យរំខាន ហើយពួកគាត់មិនអាចផ្ដោតអារម្មណ៍បានល្អ។

Q. តាមការយល់ឃើញរបស់លោកគ្រូក្នុងសម័យកូវីដ១៩នេះ តើក្រសួង​គួរ​តែ​មាន​វិធីសាស្ត្រ​ដូចម្ដេច ដើម្បីឱ្យការបង្រៀនដល់សិស្សានុសិស្សមានប្រសិទ្ធភាពខ្ពស់?

A: យើងត្រូវដឹងថា ដើម្បីឱ្យគុណភាពអប់រំតាមប្រព័ន្ធអនឡាញនេះមានប្រសិទ្ធភាព ការចូល​រួម​ពី​សំណាក់អាណាព្យាបាលគឺជារឿងមួយដែលមិនអាចខ្វះបាន។ ជាពិសេស ទៅ​លើប្អូ​នៗ​ដែល​នៅ​ក្មេងមិនទាន់អាចប្រើប្រាស់ និង​គ្រប់​គ្រង​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណេត​នេះ​បាន​ល្អ​នៅ​ឡើយ។ រឿងនេះវាក៏ទាក់ទងទៅនឹងការអភិវឌ្ឍ និង​ភាព​ជឿនលឿន​នៃ​ប្រទេស​របស់​យើង​ផង​ដែរ។

Q: ក្នុងនាមលោកគ្រូជាគ្រូបង្រៀនមួយអង្គបានបណ្ដុះបណ្ដាលប្អូនៗសិស្សានុសិស្សជាច្រើន​កន្លង​មក តើអ្វីជាគោលបំណងធំបំផុតរបស់លោកគ្រូចំពោះយុវជនខ្មែរទៅថ្ងៃខាងមុខ?

A: ដូចដែលបានប្រគេនមកពីខាងដើមហើយថា ការបង្ហាត់បង្រៀន ឬ​ចែក​រំលែក​គឺជា​កិច្ច​​ការងារ​ដែលខ្ញុំករុណាចូលចិត្ត។ ហើយក៏ជាអ្វីដែលខ្ញុំករុណាយល់ថា វាពិតជា​សំខាន់​ផងដែរ​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល​របស់​យើង។ គោលបំណងរបស់ខ្ញុំករុណានោះគឺប្អូនៗ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ស្រឡាញ់​ការសិក្សា និងខិតខំប្រឹងប្រែងក្នុងការសិក្សាដើម្បី​ទទួល​បាន​ចំណេះ​ដែល​អាច​យក​ទៅ​ធ្វើ ឬបម្រើជាប្រយោជន៍សម្រាប់ខ្លួនពួកគាត់ផ្ទាល់ គ្រួសារ និង​សង្គម​ជាតិ​របស់​យើង​ឱ្យមានការរីកចម្រើនរុងរឿង និងសុខសន្តិភាព។

Q: ជា​ចុងក្រោយតើ​លោក​ម្ចាស់​មានជាសំណូមពរ​អ្វី​ជូនទៅអាណាព្យាបាល​ក្នុងការ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូនៗ​របស់​ពួកគាត់?

A: សូមឱ្យមាតាបិតាទាំងអស់របស់ប្អូនៗសិស្សានុសិស្សជំរុញលើកទឹកចិត្ត និងធ្វើការ​តាម​ដាន​ការ​សិក្សារបស់កូនៗតាមដែលអាចធ្វើបាន។ ហើយសហការជាមួយក្រសួងអប់រំ និង​លោក​គ្រូ​អ្នកគ្រូ​ដើម្បីជួយដល់ដំណើរការនៃការសិក្សា​របស់ប្អូនៗ។ យើងដឹងហើយ​ថា ការសិក្សា​​តែងមានភាពលំបាក តែយើង​នឹង​ទទួល​បាន​រឿងល្អៗជា​ច្រើន​ពេល​ដែល​យើង​មាន​ចំណេះ​ដឹង។ ដូចសុភា​សិត​មួយថា «ការអប់រំមានឬសល្វីង ប៉ុន្តែមានផ្លែផ្អែម»។ ដូច្នេះ​យើង​ត្រូវ​បន្ត​សិក្សា​​រៀន​សូត្រ ដើម្បីអភិវឌ្ឍន៍​ខ្លួន។ ហើយជាពិសេសយកឱកាសនៃសម័យកូវីដនេះ ដើម្បីរៀនសូត្រពីបច្ចេកវិទ្យា និងភាពជឿនលឿននៃពិភពលោក។ បើយើងអាចគ្រប់គ្រង និង​ប្រើឱកាសនេះបានល្អ ថ្ងៃអនាគតយើងនឹងទទួលបានភាពរុងរឿងជាច្រើននៅក្នុងជីវិត។

Q: អរព្រះ​គុណ​លោក​ម្ចាស់​សម្រាប់​ការ​ផ្តល់​សម្ភាសន៍៕