កញ្ញាមាស​ គឹមធួន សិក្ខាកាមសារព័ត៌មាន Newsroom Cambodia បានធ្វើបទសម្ភាសន៍ជាមួយលោកលីម អាស៊ីគីន និស្សិតឆ្នាំទី៤ផ្នែកអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងបង្រៀនប្អូនៗនិស្សិតឆ្នាំទី១ លើមុខវិជ្ជាតែងនិពន្ធក្នុងជំនាញអក្សរសាស្ត្រខ្មែរ ហើយលោកក៏ជាអនុប្រធានសមាគមវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម​។

​​កិច្ចសម្ភាសន៍ជាមួយលោកលីម អាស៊ីគីន ដែលជាប្រធានការិយាល័យសិក្សានៅសាលាអន្តរជាតិប្រាយឡៃធ៏​ ផងដែរ បានផ្តោតលើប្រធានបទអក្សរសាស្ត្រខ្មែរ គុណសម្បត្តិ និងគុណវិបត្តិអក្សរសាស្ត្រខ្មែរ។

Q: សួស្តីបង​ ហេតុអ្វីបានជាបងចាប់យកជំនាញអក្សរសាស្រ្តខ្មែរ? តើវាបានផ្តល់នូវផលប្រយោជន៍អ្វីខ្លះដល់បង?

A: ទាក់ទងនឹងអក្សរសាស្ត្រខ្មែរ បើនិយាយមែនទែនសម្រាប់ខ្ញុំផ្ទាល់ពីដើមឡើយ ក៏ខ្ញុំមិនគិតថាខ្ញុំចាប់យកជំនាញនេះដែរ ប៉ុន្តែអ្វីដែរសំខាន់គឺវាមានកត្តាផ្សេងៗធ្វើអោយខ្ញុំមកសិក្សានៅជំនាញនេះ។ កត្តាទី១ ខ្ញុំមើលឃើញថាប្រទេសកម្ពុជាយើងខាងផ្នែកវិស័យអក្សរសាស្រ្តក៏ដូចជាផ្នែកអក្សរសិល្ប៍ គឺនូវមានការខ្វះខាត ដែលត្រូវការឲ្យយើងទាំងអស់គ្នាចូលរួមក្នុងនាមជាកូនខ្មែរគ្រប់រូប មានន័យថាអក្សរសាស្ត្រ អក្សរសិល្ប៍គ្រប់ប្រទេសទាំងអស់គេមានហើយសុទ្ធតែសំខាន់។

ក្នុងនាមយើងជាយុវជនយើងអាចនិយាយបានថាប្រសិនបើយើងចាប់យកជំនាញមួយហ្នឹងទៅយើងអាចយកអក្សរសិល្ប៍ អក្សរសាស្ត្រយកទៅអភិវឌ្ឍន៍ខ្លួនមានន័យថាគឺបានជួយលើកស្ទួយតាមរយៈការសរសេរ ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក៏ដូចជាយុវជនផ្សេងៗទៀតដែលគាត់មានជំនាញផ្សេង ដែលពួកគាត់មិនសូវដឹងទាក់ទងនឹងជំនាញមួយនេះគឺយើងអាចផ្សព្វផ្សាយឱ្យពួកគាត់បានដឹង និងដើម្បីឲ្យមានភាពទូលំទូលាយ។

សម្រាប់ខ្ញុំមូលហេតុដែលខ្ញុំចាប់យកជំនាញមួយនេះគឺ ទីមួយអាចនិយាយបានថាស្រលាញ់ ប៉ុន្តែមិនស្រលាញ់​ខ្លាំងនោះទេ ទីពីរគឺខ្ញុំចង់ឱ្យប្រទេសកម្ពុជារបស់យើងពោរពេញទៅដោយអ្នកដែលចេះសរសេរអក្សរខ្មែរបានត្រឹមត្រូវ ហើយអ្វីដែលសំខាន់គឺចង់ជួយសង្គ្រោះអក្សរជាតិយើងហ្នឹងឯង។

Q: តើជំនាញអក្សរសាស្ត្រខ្មែរនេះផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

A:ទាក់ទងជាមួយអក្សរសាស្រ្តខ្មែរ បើនិយាយពីគុណសម្បត្តិ ជាមួយការសិក្សាស៊ីជម្រៅ ឬចេះស្ទាត់ជំនាញ គឺទីមួយយើងអាចក្លាយជាគ្រូបង្រៀនអក្សរសាស្រ្តភាសាខ្មែរ ទីពីរយើងអាចយកជំនាញរបស់យើងនឹងយកទៅប្រើប្រាស់ប្រចាំថ្ងៃដូចជាការសរសេរ ការផ្សព្វផ្សាយនានា ជាពិសេសអ្នកខាងសារព័ត៌មាន គឺចាំបាច់ណាស់ត្រូវតែចេះនូវអក្សរសាស្ត្រនេះឯង មិនអាចសរសេរផ្តេសផ្តាស ប៉ាតណាប៉ាតណីដោយមើលមិនយល់ ស្តាប់មិនកើតនោះទេ ទីបី យើងអាចចងក្រងសៀវភៅ ធ្វើជាឯកសារទុកឲ្យក្មេងៗជំនាន់ក្រោយ ដូចយើងបានដឹងហើយកន្លងទៅឯកសារនៅប្រទេសកម្ពុជាយើងវាខ្វះខាតច្រើនណាស់ ហើយរាល់ថ្ងៃភាគច្រើនយើងមានតែឯកសារបារាំង ដូចជាសិលាចារឹកខ្លះដែលបារាំងបានបកប្រែមក​ឱ្យ បើខ្មែរយើងខ្លួនឯងវិញមិនទាន់ឃើញមានអ្នកណាខ្នះខ្នែងទៅលើរឿងអស់ហ្នឹងច្រើន ចឹងអក្សរសាស្រ្តខ្មែរបើនិយាយឲ្យមែនទែនទៅគឺមានគុណសម្បត្តិច្រើនព្រោះមែកធាងវាច្រើន មានទាំងភាសាវិទ្យា សង្គមវិទ្យា ប្រវត្តិសាស្រ្ត និងអក្សរសិល្ប៍ជាដើម។

បើនិយាយពីគុណវិបត្តិវិញ​ សម្រាប់អ្នកសិក្សាអក្សរសាស្ត្រខ្មែរគឺខ្វះខាតឯកសារក្នុងកាសិក្សារស្រាវជ្រាវ ហើយការសិក្សាអក្សរសាស្រ្តនេះគឺទាមទារឲ្យយើងអានសៀវភៅឲ្យច្រើន ដែលធ្វើឱ្យអ្នករៀនពិបាកខ្លះដែរ ពីព្រោះអក្សរសាស្ត្រខ្មែរមិនដូចរូប គណិត គីមីទេដែលត្រូវមានរូបមន្តដើរនោះទេ។

Q:តើអ្វីទៅជាគ្រឹះសំខាន់បំផុតសម្រាប់អ្នកសិក្សាអក្សរសាស្រ្តខ្មែរ?

A: គ្រឹះសំខាន់បំផុតសម្រាប់អ្នកសិក្សាអក្សរសាស្រ្តខ្មែរគឺការស្រាវជ្រាវ ការសិក្សាអំពីឬសគល់នៃពាក្យ ឬឯកសារមួយចំនួន ហើយឧស្សាហ៍អាន បើយើងខ្វះការអានវាពិបាក អ្នកប្រវត្តិសាស្ត្រ អ្នកអក្សរសាស្រ្តគឺទាមទារការអានឱ្យបានច្រើនដើម្បីឲ្យដឹងច្បាស់ទៅលើអក្សរសាស្រ្តជាតិ។ ហើយគ្រឹះដែលសំខាន់បំផុតរបស់អ្នកសិក្សាអក្សរសាស្រ្តខ្មែរគឺការអាន មើល គិត ពិចារណា មិនថាមុខវិជ្ជាមួយណាទេគឺត្រូវមាន សុ ចិ បុ លិ។ យើងពុំអាចរៀនច្បោលៗបានទេហើយអ្វីដែលសំខាន់គឺត្រូវមានទឡ្ហីករណ៍លក្ខណៈវិទ្យាសាស្រ្ត មិនមែនអាងតែវិទ្យាសាស្រ្តសង្គមឆ្លើយប៉ាតណាប៉ាតណី គេសួរមកឆ្លើយច្បោលៗលំៗបាននោះទេ។

Q: សម្រាប់ជំនាញអក្សរសាស្ត្រខ្មែរពេលដែលបញ្ចប់ឆ្នាំសិក្សា តើយើងអាចបម្រើការងារអ្វីបាន?

A: នៅពេលរៀនចប់បរិញ្ញាប័ត្រផ្នែកអក្សរសាស្រ្តខ្មែរ ចេញទៅរកការងារធ្វើយើងមិនផ្តោតខ្លាំងទៅលើគ្រូបង្រៀននោះទេ។ ជាក់ស្តែងបច្ចុប្បន្នអ្នកដែលរៀនអក្សរសាស្ត្រខ្មែរ ជាទូទៅគាត់ធ្វើជាអ្នកនិពន្ធ នាយកនិពន្ធ បណ្ណាធិការ គ្រូបង្រៀន ពិធីករឬពិធីការនី អ្នកសារព័ត៌មាន អ្នករដ្ឋបាល មន្ត្រីក្របខ័ណ្ឌនៅតាមក្រសួងស្ថាប័ននានា ឬអាចក្លាយទៅជាអ្នកសរសេររឿង ឬប្រលោមលោក ឬជាអ្នកវិភាគសង្គមទូទៅ។

Q: ជាចុងក្រោយតើបងមានសំណូមពរ និងមតិយោបល់អ្វីខ្លះផ្តាំទៅដល់ប្អូនៗនិស្សិតឆ្នាំក្រោយៗ?

A: ក្នុងនាមខ្ញុំជានិស្សិតអក្សរសាស្ត្រគឺខ្ញុំសូមអំពាវនាវ និងសំណូមពរដល់ក្មេងៗដែលគាត់ស្រលាញ់ចូលចិត្តជំនាញមួយនេះ ព្រោះថាការរៀនអក្សរសាស្ត្រមិនអាចចេះតែរៀនៗបាននោះទេ ទាល់តែស្រលាញ់ មាននិស្ស័យ ហើយមានការតាំងចិត្តណាស់ទើបអាចរៀនបាន ម្យ៉ាងទៀតមិនមែនតែអក្សរសាស្ត្រខ្មែរទេរៀនអ្វីក៏ដោយ គ្រប់មុខជំនាញទាំងអស់គឺត្រូវផ្តោតហើយស្រលាញ់ណាស់​ ព្រោះអ្វីដែលយើងរៀនអត់ស្រលាញ់ចូលចិត្តគឺពិបាកធ្វើចិត្តទទួលយកណាស់ ទាល់តែស្រលាញ់ប្តូរផ្តាច់ ធ្វើម៉េចទាល់តែរៀនឲ្យស៊ីជម្រៅ ពិស្តារទៅលើអស់ហ្នឹងបានយើងអាចទៅចាប់យកមុខជំនាញផ្សេងៗបាន នេះជាការយល់ឃើញរបស់ខ្ញុំ។

Q: អរគុណច្រើនបង សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់បងក្នុងការចែករំលែកបទពិសោធន៍ និងការយល់ឃើញលើការរៀនអក្សរសាស្រ្តខ្មែរនេះដល់ប្អូន ជាពិសេសយុវជនជំនាន់ក្រោយ។​ អរគុណច្រើន ជម្រាបលាបង៕