ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ មានករណីឆ្លងជំងឺកូវីដ ១៩ថ្មី ចំនួន ៦៤នាក់ ជាតួរលេខស្ថិតក្នុងចំណោមតួរលេខខ្ពស់បំផុតមិនធ្លាប់មានពីមុន ហើយសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈអ្នកឆ្លងសរុបទូទាំងប្រទេសបានឡើងដល់ ១១២៤នាក់។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនេះ មានករណីជាសះស្បើយចំនួន១១នាក់ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។
របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងចំណោមករណីវិជ្ជមានកូវីដ ១៩ ចំនួន៦៤នាក់ គឺ
សុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៩នាក់
ជនជាតិវៀតណាមចំនួន ២នាក់ និងជនជាតិចិនចំនូន ២៣នាក់។
ចំពោះខេត្តដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ នេះរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ ខេត្តព្រៃវែង និងខេត្តសៀមរាប។
សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១០ ខែមីនានេះ មានចំនួនសរុប៦១៣នាក់ រួមមានស្រ្តីចំនួន ២៩៥នាក់ និងបុរសចំនួន៣១៨នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១២៤នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៤៧៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៤៧នាក់៕