ក្រសួង​សុខាភិបាលបាន​​ប្រកាស​ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩​​ថ្មី ចំ​នួន ៦៤នាក់ ជាតួរលេខស្ថិតក្នុងចំណោមតួរលេខខ្ពស់បំផុតមិនធ្លាប់មានពីមុន ហើយ​សុទ្ធតែពាក់ព័ន្ធ​​​នឹងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ខណៈអ្នកឆ្លងសរុបទូទាំងប្រទេសបានឡើងដល់ ១១២៤នាក់។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនេះ មានករណីជាសះស្បើយចំនួន១១នាក់ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។

របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងចំណោមករណីវិជ្ជមានកូវីដ ១៩ ចំនួន៦៤នាក់ គឺ​
សុទ្ធតែជា​អ្នក​ពាក់ព័ន្ធ​​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៩នាក់
ជនជាតិវៀតណាមចំនួន ២នាក់ និងជនជាតិចិនចំនូន ២៣នាក់។

ចំពោះខេត្តដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ នេះរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ ខេត្តព្រៃវែង និងខេត្តសៀមរាប។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១០ ខែមីនានេះ មានចំនួនសរុប៦១៣នាក់​ រួមមានស្រ្តីចំនួន ២៩៥នាក់ និងបុរសចំនួន៣១៨នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១២៤នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៤៧៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៤៧នាក់៕