អ្នកស្រី ម៉ាង ផាវីណា ជាម្ចាស់កសិដ្ឋានដាំបន្លែលើទឹក (Hydroponic)​ មួយដែលមានឈ្មោះ Hydroponic in Cambodia & Kannika Modern Farm។ អ្នកស្រី​កើត​ក្នុង​ឆ្នាំ​១៩៦៩ ហើយ​គ្រួសារ​អ្នកស្រីបានចេញទៅរស់នៅប្រទេសថៃ​តាំងពីអ្នកស្រី​មាន​​អាយុ​៦​ឆ្នាំ​ដោយសារ​សង្គ្រាម​ និង​បាន​ត្រឡប់​មកវិញនៅឆ្នាំ១៩៩៣។

Q: តើបងចាប់ផ្ដើមអាជីវកម្មនេះបានរយ:ពេលប៉ុន្មានឆ្នាំហើយ?

A: ចូលឆ្នាំហ្នឹងឆ្នាំទី៩។​ ខ្ញុំចាប់ផ្ដើមបើកហាងនៅថ្ងៃទី១២ ខែ០២ ឆ្នាំ២០១២ ប៉ុន្តែ​ដំបូង​គឺ​យើង​ដាំលេង ដាំអីនៅផ្ទះនិង ធ្វើមុននឹងប្រហែល១ឆ្នាំហើយ។

Q: តើមូលហេតុអ្វីដែលជំរុញបងឱ្យងាកមកដាំបន្លែលើទឹកបែបនេះ?

A: ដំបូងខ្ញុំធ្វើជា hobby ដូចថាយើងធ្វើលេង ខ្ញុំមានផ្ទះហើយផ្ទះចាក់សាបទាំងអស់ដល់​ពេលចាក់​សា​បទាំងអស់ទៅដាំបន្លែអីក៏អត់បាន ហើយតាមការពិតទៅខ្ញុំមានមិត្តភ័ក្រ្តគាត់ដាំHydroponic ហ្នឹងនៅថៃយូរហើយ ហើយគាត់ឱ្យខ្ញុំចូលមានភាគហ៊ុនជាមួយគាត់១៥% យើងក៏ដាំអីអត់បានចឹងយើងក៏សាកដាំ Hydro ។​​​​​​​ យើងក៏យកឈុតដាំធ្វើខ្លួន​​​​​​​​​​​​​​​​ឯង ដាក់ដាំនៅផ្ទះណាអូន ហើយ​ដល់ពេលហើយយើងក៏អត់ដឹងថាមានមនុស្សចាប់អារម្មណ៍ច្រើន​ ខ្ញុំអត់ដឹងថានៅស្រុកខ្មែរអត់មាន។ ដល់ពេលយើងដាំហើយ ​កាលហ្នឹងខ្ញុំធ្វើការនៅស្ថានទូត​ថៃ ហើយលោកជំទាវអគ្គរាជទូតពាណិជ្ជកម្មថៃក៏ឱ្យយោបល់ថា នៅស្រុកខ្មែរអត់ទាន់មានអ្នកណាមានទេហើយយើងក៏ចេះតែបង្ហោះក្នុងហ្វេសប៊ុកនឹង ក៏មានពួក NGO ពួកអង្គការគាត់ចាប់អារម្មណ៍ច្រើនមកសូមមើល ខ្ញុំនៅជាមួយខាងពាណិជ្ជកម្មថៃដែរគាត់ឱ្យយោបល់ថា ឱ្យបើកអាជីវកម្មអាជីព ណាច៎ា ក៏ចាប់ផ្ដើមបើកចាប់តាំងពីពេលនោះមក។

Q: តើបងមើលឃើញយ៉ាងណាចំពោះការដាំបន្លែលើទឹកបែបនេះ​ ផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកញ៉ាំ?

A: សម្រាប់ខ្ញុំតាំងពីដំបូងយើងកុំនិយាយថាយើងបើកហាងលក់អីណា សម្រាប់យើងដែលដាំលេងខ្លួនឯងនោះគឺ បើអ្នកមានការងារធ្វើជាប់លាប់វាជាកំសាន្តរបស់យើងមួយដូចរដូវកាលកូវីដនេះយើងចេញទៅណាអត់កើតពេលយើងដាំបន្លែលេងបែបនេះទៅវាបានស្អំចិត្ត និងលំហែខួរក្បាលដែរ។ ហើយយើងក៏មានមោទនភាពចំពោះ​​ដែលដាំបានព្រោះយើងដឹងថាវាជាបន្លែសុវត្ថិភាព ហើយយើងក៏មិនដឹងថាបន្លែដែលទិញពីផ្សារគេដាំយ៉ាងម៉េចដាក់អ្វីខ្លះអំឡុងពេលដាំ មានបាញ់ថ្នាំ ឬអត់។

Q: តើបងយល់យ៉ាងណាដែរចំពោះទីផ្សារបន្លែដែលបងកំពុងតែដាំ (ធំទូលាយ ឬអត់)?

A: ចំពោះរឿងទីផ្សារវិញ យើងកំពុង​តែ​មាន​ការបារម្ភ​ជាខ្លាំងយើងក៏មានក្រុមមួយរបស់យើងគ្នាប្រហែល២០០នាក់ ដែលកំពុងជជែកពិភាក្សាគ្នាដើម្បីបង្កើតសហគមន៍ដើម្បីអាចបន្តទៅមុខបាន។ បើដូចនៅផ្សារថៃគេដាក់ផ្លាកនៅលើបន្លែគេតែម្ដងដូចជា នេះជាបន្លែ Organic នេះជាបន្លែសុវត្ថិភាព នេះជាបន្លែធម្មតាអីជាដើមបន្លែដួចគ្នាប៉ន្តែតំលៃខុសគ្នា។​ហើយនេះជាទីផ្សារសេរីដូច្នេះអ្នកទិញគេសំឡឹងមើលតំលៃមួយណាគេអាចទិញបាន ប៉ុន្តែនៅយើងអ្នកទិញវាយតំលៃស្មើគ្នានិងរបស់នាំចូលពីក្រៅទាំងអស់។ គេថាបន្លែនាំពីចិន វៀតណាមលក់២០០០៛បានហើយគាត់ព្យាយាមទំលាក់តំលៃយើងដែលបន្លែរបស់យើងដាំក្នុងមុងដាំអត់មានបាញ់ថ្មាំចឹងលទ្ធផលវាអត់ដូចរបស់គេទេ។ដូចពេលបច្ចុប្បន្នក៏មានក្រុមហ៊ុនចិនជួលកសិករខ្មែរដាំបន្លែដែរដូច្នេះវាមានការជ្រេតំលៃយើងអស់ហើយណាអូន។ត្រង់នេះខ្ញុំក៏ចង់ឪ្យរដ្ឋាភិបាលជួយដែរ។

Q: តើបងមើលឃើញយ៉ាងណាចំពោះបន្លែទូទៅនៅក្នុងស្រុក?

A: ទីមួយទាក់ទងនិងកសិកររបស់យើងគឺពួកគាត់អត់យល់ដឹងអំពីទីផ្សារទេ ឃើញ​អ្នកណា​ដាំ​អី​គាត់​ដាំ​តាមគ្នាទាំងអស់។ ដូច្នេះបើត្រូវការគឺត្រូវការចំណេះដឹងផ្នែកទីផ្សារឱ្យបានល្អ។ ទីពីរគឺទាក់ទងនិងការដាំដំណាំណាដែលស្រួលៗនិងមានគេដាំច្រើនហើយ។ ហើយគួរកុំដាំបន្លែតែមួយមុខដាំលាយគ្នា និងបន្លែដែលមានតម្លៃខ្ពស់ក្នុងទីផ្សារ ព្រោះបើគេសង្កត់តម្លៃយើងណាមួយយើងមានរបស់ផ្សេងសម្រាប់លក់។

Q: តើបងមានសំនូមពរអ្វី ឬផ្ដាំផ្ញើដល់ប្រជាជនខ្មែរដែរ ឬទេ?

A: ខ្ញុំយល់ថាបងប្អូនមានចំណូលខុសគ្នា ប៉ុន្តែគួរគិតដល់សុខភាពផង បើយើងទិញបន្លែដែលអត់ដឹងប្រភពច្បាស់លាស់យើងអាចទិញបន្លែថោកហូបបាន តែដល់ពេលយើងមើល​ឃើញយូរអង្វែងទៅ ពេលមានជំងឺឈឺអីនិងយើងក៏មើលអស់លុយច្រើនដែរ។ ពេលចឹងខ្ញុំសូមសំណូមពរឱ្យជួយទិញបន្លែកសិករខ្មែរយើង និងជួយថែសុខភាពយើងដែរ។ ដូច្នេះចង់ឱ្យត្រឡប់មកទិញបន្លែផ្លែឈើក្នុងស្រុកវិញ។

Q: ជាចុងក្រោយខ្ញុំសូមអរគុណបងស្រីដែលចំណាយពេលវេលាជាមួយប្អូន។

A: ចាស​ អរគុណប្អូនដែលចាប់អារម្មណ៍កន្លែងបង បើមានចម្ងល់អីទៀតអាចសួរបងបាន៕​