ព្រឹន្ទបាលទោម្នាក់នៃកងយោធពលខេមរៈភូមិន្ទ ត្រូវបានពិនិត្យឃើញថាមានវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ក្រោយចាក់វ៉ាក់សាំងស៊ីណូហ្វាមលើកទីមួយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋានខុទ្ទកាល័យបានឱ្យដឹងថា ព្រឹន្ទបាលទោឈ្មោះ លីចាន់សុវណ្ណបញ្ញា អាយុ ២៤ឆ្នាំ តួនាទីជាជំនួយការការិយាល័យហិរញ្ញវត្ថុ ខុទ្ធកាល័យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងស៊ីណូហ្វាមលើកទី១ រួចរាល់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ បានពិនិត្យឃើញមានវិជ្ជមានកូវីដ១៩។ នេះបើយោងតាមការផ្សព្វផ្សាយតាមទំព័រហ្វេកប៊ុករបស់ លោកខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ក្នុងលិខិតដដែលបានបញ្ជាក់ថា៖ «ព្រឹន្ទបាលទោលី ចាន់សុវណ្ណបញ្ញា បានចាក់វ៉ាក់សាំងស៊ីណូហ្វាមលើកទី១ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ និងពុំទាន់បានចាក់វ៉ាក់សាំងលើកទី២នៅឡើងទេ»។

ចំពោះប្រពន្ធ និងឪពុកបង្កើតរបស់លី ចាន់សុវណ្ណបញ្ញា ដែលជាប់ពាក់ព័ន្ធគឺកំពុងធ្វើចត្តាឡីស័ក។

Newsroom Cambodia បានព្យាយាមទាក់ទងទៅលោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន
ដើម្បីសុំការបញ្ជាក់បន្ថែមក្នុងករណីនេះដែរ នៅថ្ងៃទី១២ ​ខែមីនា ឆ្នាំ២០២១ ប៉ុន្តែគាត់ប្រាប់ថា «ខ្ញុំកំពុងប្រជុំ
….សុំសាកសួរទៅខាងកងទ័ព»។

Newsroom Cambodia ក៏បានទាក់ទងតាមរយៈទូរសព្ទទៅលោកឈុំ សុជាត នាយឧត្តមសេនីយ៍
និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ប៉ុន្តែគ្មានការឆ្លើយតប៕