ផ្ទៃដីប្រមាណ១០ហិចតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺត្រូវយកធ្វើជាកន្លែងត្រៀមបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមសារសំឡេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបានចែកចាយលើបណ្តាញសង្គមតេឡេក្រាម។
ការរៀបចំទីកន្លែងត្រៀមបូជាសពនេះ ធ្វើឡើងបន្ទាប់ពីមានករណីបុរសជនជាតិចិនម្នាក់ស្លាប់ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្នុងមណ្ឌលសុខភាពព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ ដោយក្រសួងសុខាភិបាលបញ្ជាក់ថា សភាពអ្នកជំងឺ រើថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗ។
បើតាមសារសំឡេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានរយៈពេលជាង៧នាទី និងត្រូវបានផ្សព្វផ្សាយបន្តដោយក្រសួងព័ត៌មានកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តីបានចេញបញ្ជាដល់មន្ត្រីថ្នាក់ក្រោម អភិបាលរាជធានី ខេត្ត រកទីកន្លែងរៀបចំសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩។
«ខ្ញុំស្នើឱ្យចាត់វិធានការតាមបណ្តាខេត្តនានាដើម្បីរៀបចំក្នុងករណីមានការស្លាប់នូវអ្នកដែលមានជំងឺកូវីដ ត្រូវប្រើប្រាស់នូវបច្ឆាដែលមានស្រាប់ ដើម្បីធ្វើការបូជា ហើយក្នុងពេលជាមួយគ្នានេះ ក៏ត្រូវរៀបចំទីបច្ឆាមួយ ឱ្យបានសមរម្យដើម្បីធ្វើការបូជានៅកន្លែងដែលមានការរៀបចំ ហើយបច្ឆានោះថ្ងៃក្រោយក៏ត្រូវរៀបចំសម្រាប់ការបូជាប្រជាជនធម្មតាក៏បាន»។
ក្រោយសារសំឡេងរបស់លោកនាយករដ្ឋមន្រ្តីត្រូវបានចែកចាយ សាលារាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការឈូសឆាយដី ប្រមាណ១០ហិចតា សម្រាប់ធ្វើជាកន្លែងបូជាសពដែលស្លាប់ដោយសារកើតជំងឺកូវីដ១៩។
លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្រុកឱរ៉ាល់នៅសល់ដីធំអាចជាកន្លែងល្អសម្រាប់ធ្វើជាទីបូជា ឬបញ្ចុះសព។
«ស្រុកឱរ៉ាល់ គឺមានដីធំទំនេរបន្តិចសម្រាប់ធ្វើជាទីស្មរសាន [ដែលអាចយកអ្នកស្លាប់ដោយសារវីរុសកូវីដ១៩] បញ្ចុះក៏បាន បូជាក៏បាន»។
សារសំឡេងដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើទៅរដ្ឋមន្តី្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សាអនុក្រឹត្យ ស្តីពីចំនួនអ្នកចូលរួមបូជាសពដែលមានជំងឺកូវីដ១៩ និងកំណត់រយៈពេលដែលត្រូវបូជា។
«ខ្ញុំសូមស្នើឱ្យឯកឧត្តម ម៉ប ប៊ុនហេង និងសហការី ឯកឧត្តម កើត រិទ្ធ និងសហការី ដែលទទួលបន្ទុកតាក់តែង អនុក្រឹត្យពាក់ព័ន្ធជាមួយនឹងការចាត់វិធានការតាមផ្លូវអនុក្រឹត្យដែលច្បាប់ប្រគល់ឱ្យ ទៅលើភាពលម្អិតនៃវិធានការសុខាភិបាល ក៏សូមចែងទាក់ទងការរៀបចំអនុក្រឹត្យមួយស្តីពី ការបូជាសពនៃអ្នកដែលមានជំងឺកូវីដ១៩ ដោយបញ្ជាក់អំពីការកំណត់ចំនួនមនុស្សនៃការចូលរួម និងកំណត់វិធានការប៉ុន្មានម៉ោងនៃការស្លាប់ត្រូវយកទៅបូជា»។
ដោយឡែក វិធានការបូជាសពចំពោះអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវលើកលែងចំពោះជនជាតិខ្មែរឥស្លាម និងជនជាតិដើមភាគតិច ដោយធ្វើការបញ្ចុះសព ឱ្យស្របទៅតាមជំនឿ ប្រពៃណី និងទំនៀមទម្លាប់។
Newsroom Cambodia បានទាក់ទងទៅលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញតាមរយៈទូរស័ព្ទ និងតេឡេក្រាម អំពីការរៀបចំសាងសង់ទីបញ្ចុះសពនេះដែរ ប៉ុន្តែលោកឆ្លើយតបមកវិញយ៉ាងខ្លីថា៖ «លើទំហំផ្ទៃដី១០ហិចតា»។
ក្រោយពីលោក ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីថ្នាក់ក្រោមរៀបចំរកកន្លែងបូជាសពដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ថ្មីៗនេះកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានករណីជនជាតិខ្មែរ អាយុ៥០ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ដំបូងគេ នៅមន្ទីរពេទ្យខ្មែរសូវៀត។
ភរិយារបស់បុរសដែលបានបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ១៩ ឈ្មោះអ្នកស្រី វេង សុម៉ាលី បានផ្តល់បទសម្ភាសន៍ជាមួយ Newsroom Cambodia តាមរយៈទូរស័ព្ទដោយសំឡេងសោកសៅថា
ប្តីរបស់គាត់បានបូជារួចរាល់ហើយ បន្ទាប់ពីមួយថ្ងៃក្រោយពេលប្តីរបស់គាត់បានទទួលមរណភាព។ អ្នកស្រី អ្នកស្រីមិនបានចូលរួមបុណ្យសពប្តីរបសអ្នកស្រីនោះទេ ដោយសារអ្នកស្រីជាប់ធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ក្នុងសង្កាត់ចាក់អង្រែ។
«[ប្តីរបស់ខ្ញុំ] បូជាបន្ទាប់ថ្ងៃដែលគាត់ស្លាប់ ហើយធាតុរបស់ប្តីខ្ញុំ គឺមន្ទីរពេទ្យរុស្សី រៀបចំស្អាត ដាក់ក្នុងកោដ្ឋ បាញ់សម្លាប់មេរោគត្រឹមត្រូវ តម្កល់ទុកដាក់ឱ្យខ្ញុំ»។
ស្រ្តីមេម៉ាយវ័យ៤១ឆ្នាំ ដែលមានកូន៤នាក់ក្នុងបន្ទុករូបនេះ បានប្រាប់ឱ្យដឹងទៀតថា សពប្តីរបស់អ្នកស្រី ត្រូវបានគេបូជានៅក្នុងទីវត្តឬស្សីសាញ់ ក្នុងរាជធានីភ្នំពេញ។
គិត មកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះមានករណីជនជាតិខ្មែរ អាយុ៥០ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩ ហើយជនជាតិចិន២នាក់ និងជនជាតិខ្មែរម្នាក់ បានស្លាប់ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនដោយជំងឺកូវីដ១៩នោះទេ គឺដោយសារជំងឺរ៉ាំរ៉ៃផ្ទាល់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល៕