ផ្ទៃដីប្រមាណ១០ហិចតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ត្រូវ​​យកធ្វើ​ជា​កន្លែងត្រៀម​​បូជា​សព​អ្នក​ដែល​​ស្លាប់ដោយសារជំងឺកូវីដ១៩។ នេះ​បើ​តាម​សារ​សំឡេង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ដែល​ត្រូវ​បាន​ចែក​ចាយ​​លើ​បណ្តាញ​សង្គម​តេឡេក្រាម។​

ការរៀបចំទីកន្លែង​ត្រៀម​​បូជាសពនេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​បុរស​ជន​ជាតិ​ចិន​ម្នាក់​ស្លាប់ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្នុងមណ្ឌលសុខភាពព្យាបាលជំងឺ​កូវីដ១៩ ព្រែកព្នៅ ដោយ​​​ក្រសួង​សុខា​ភិបាលបញ្ជាក់ថា សភាពអ្នកជំងឺ រើថ្នាំញៀនធ្ងន់ធ្ងរ បណ្តាល​​ឱ្យ​គាំង​បេះដូង​ស្លាប់​ភ្លាមៗ។

បើ​តាម​សារ​សំឡេង​​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​មាន​រយៈពេល​ជាង​៧​នាទី និង​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​ដោយ​​ក្រសួង​ព័ត៌មាន​​កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​បានចេញបញ្ជាដល់មន្ត្រីថ្នាក់ក្រោម អភិបាលរាជធានី ខេត្ត រកទី​កន្លែង​រៀបចំ​សម្រាប់​បូជាសព​អ្នក​ដែល​ស្លាប់​ដោយ​សារ​ជំងឺកូវីដ១​៩។

«ខ្ញុំស្នើឱ្យចាត់វិធានការតាមបណ្តាខេត្តនានាដើម្បីរៀបចំក្នុងករណីមានការស្លាប់នូវអ្នកដែលមានជំងឺកូវីដ ត្រូវប្រើប្រាស់នូវបច្ឆាដែលមានស្រាប់ ដើម្បីធ្វើការបូជា ហើយក្នុងពេលជាមួយគ្នានេះ ក៏ត្រូវ​រៀប​ចំទីបច្ឆាមួយ ឱ្យបានសមរម្យដើម្បីធ្វើការបូជានៅកន្លែងដែលមានការរៀបចំ ហើយបច្ឆានោះថ្ងៃក្រោយក៏ត្រូវរៀបចំសម្រាប់ការបូជាប្រជាជនធម្មតាក៏បាន»។

ក្រោយ​សារ​សំឡេង​​របស់​​លោក​នាយករដ្ឋមន្រ្តី​​ត្រូវ​បាន​ចែក​ចាយ សាលារាជធានីភ្នំពេញ បាន​សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការឈូសឆាយដី ប្រមាណ១០ហិចតា សម្រាប់​ធ្វើជា​កន្លែង​បូជាសពដែលស្លាប់ដោយសារកើតជំងឺកូវីដ១៩។

លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្រុកឱរ៉ាល់​នៅស​ល់​ដី​ធំអាច​ជា​កន្លែងល្អសម្រាប់ធ្វើជាទីបូជា ឬបញ្ចុះសព។

«ស្រុកឱរ៉ាល់ គឺមានដីធំទំនេរបន្តិចសម្រាប់ធ្វើជាទីស្មរសាន [ដែលអាចយកអ្នក​ស្លាប់​ដោយ​សារ​វីរុ​សកូវីដ១៩] បញ្ចុះក៏បាន បូជាក៏បាន»។

សារ​សំឡេង​ដដែល​នោះ​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើទៅរដ្ឋមន្តី្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​សិក្សា​អនុក្រឹត្យ ស្តីពីចំនួនអ្នកចូលរួមបូជាសពដែលមានជំងឺកូវីដ១៩ និងកំណត់រ​យៈពេលដែលត្រូវបូជា។

«ខ្ញុំសូមស្នើឱ្យឯកឧត្តម ម៉ប ប៊ុនហេង និងសហការី ឯកឧត្តម កើត រិទ្ធ និងសហការី ដែល​ទទួល​បន្ទុក​តាក់តែង អនុក្រឹត្យ​ពាក់ព័ន្ធ​ជាមួយ​នឹងការចាត់វិធានការតាម​ផ្លូវអនុក្រឹត្យដែ​ល​ច្បាប់​ប្រគល់​ឱ្យ​ ទៅ​លើភាពលម្អិតនៃវិធានការសុខាភិបាល ក៏សូមចែងទាក់ទងការរៀបចំអនុក្រឹត្យមួយស្តីពី ការ​បូជា​សព​នៃអ្នកដែលមានជំងឺកូវីដ១៩ ដោយបញ្ជាក់អំពីការកំណត់ចំនួនមនុស្សនៃការចូលរួម និង​កំណត់​វិធានការ​ប៉ុន្មាន​ម៉ោង​នៃការស្លាប់ត្រូវយកទៅបូជា»។

ដោយឡែក វិធានការបូជាសពចំពោះអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវលើកលែង​ចំពោះ​ជនជាតិ​ខ្មែរ​ឥស្លាម និងជនជាតិដើម​ភាគតិច ដោយធ្វើការបញ្ចុះសព ឱ្យស្របទៅតាមជំនឿ ប្រពៃណី និង​ទំនៀមទម្លាប់។

Newsroom Cambodia បានទាក់ទងទៅលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​តាមរយៈ​ទូរស័ព្ទ និងតេឡេក្រាម អំពីការរៀបចំសាងសង់ទីបញ្ចុះសពនេះដែរ ប៉ុន្តែ​លោក​ឆ្លើយ​តប​មកវិញយ៉ាង​ខ្លី​ថា៖ «លើទំហំផ្ទៃដី១០ហិចតា»។

ក្រោយពីលោក​ ហ៊ុន សែន បានបញ្ជា​ឱ្យមន្ត្រីថ្នាក់ក្រោមរៀបចំរកកន្លែងបូជាសព​ដែលបាន​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ថ្មីៗនេះកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១  មានករណីជនជាតិខ្មែរ អាយុ​៥០ឆ្នាំ​ម្នាក់​ បាន​ស្លាប់ដោយសារជំងឺកូវីដ១៩​ដំបូងគេ នៅមន្ទីរពេទ្យខ្មែរសូវៀត។

ភរិយារបស់បុរសដែលបានបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ១៩ ឈ្មោះអ្នកស្រី វេង សុម៉ាលី បាន​ផ្តល់បទសម្ភាសន៍ជាមួយ Newsroom Cambodia តាមរយៈទូរស័ព្ទដោយសំឡេងសោកសៅថា

ប្តីរបស់គាត់បានបូជារួចរាល់ហើយ បន្ទាប់ពីមួយថ្ងៃក្រោយពេល​ប្តីរបស់គាត់​បាន​ទទួល​មរណភាព។ អ្នកស្រី អ្នកស្រី​មិនបាន​ចូល​រួម​បុណ្យ​សព​ប្តី​របស​អ្នកស្រី​នោះទេ  ដោយសារ​អ្នកស្រី​ជាប់​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​របស់ខ្លួន ក្នុងសង្កាត់​ចាក់អង្រែ។

«[ប្តីរបស់ខ្ញុំ] បូជាបន្ទាប់ថ្ងៃដែលគាត់ស្លាប់ ហើយធាតុរបស់ប្តីខ្ញុំ គឺមន្ទីរពេទ្យរុស្សី រៀបចំស្អាត ដាក់​ក្នុងកោដ្ឋ បាញ់សម្លាប់មេរោគ​​ត្រឹមត្រូវ តម្កល់ទុកដាក់ឱ្យខ្ញុំ»។

ស្រ្តី​មេម៉ាយ​​វ័យ៤១ឆ្នាំ ដែលមាន​​កូន៤នាក់​ក្នុង​បន្ទុក​រូបនេះ​ បានប្រាប់ឱ្យដឹងទៀតថា សពប្តី​របស់​អ្នកស្រី ត្រូវបានគេបូជានៅក្នុងទីវត្តឬស្សីសាញ់ ក្នុងរាជធានីភ្នំពេញ។

គិត​ មកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះមានករណីជនជាតិខ្មែរ អាយុ​៥០ឆ្នាំ ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ហើយជនជាតិ​ចិន​២នាក់ និងជនជាតិខ្មែរម្នាក់ បានស្លាប់​ក្នុង​អំឡុង​ពេល​​ធ្វើ​ចត្តាឡីស័ក​​ ប៉ុន្តែ​មិនមែន​ដោយ​ជំងឺ​កូវីដ១៩នោះទេ គឺដោយសារជំងឺរ៉ាំរ៉ៃផ្ទាល់ខ្លួន​។ នេះ​បើ​តាមការ​បញ្ជាក់​​របស់​​ក្រសួង​សុខាភិបាល៕