បុរស២នាក់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ពេលកំពុងធ្វើចត្តាឡីស័កក្នុងខេត្ត២ផ្សេងគ្នា ប៉ុន្តែអាជ្ញាធរចេញលិខិតបញ្ជាក់ថា មិនមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះទេ ប៉ុន្តែពួកគេបាត់បង់ជីវិតដោយសារមានជំងឺប្រចាំកាយធ្ងន់ធ្ងរស្រាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តព្រៃវែង ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា បញ្ជាក់ថា មានបុរសម្នាក់ជាជនជាតិខ្មែរបានទទួលមរណភាព នាវេលាម៉ោង៩:៤០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងដោយសារជំងឺដាច់សរសៃឈាមបេះដូង។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា បុរសម្នាក់នោះមានអាយុ៦៩ឆ្នាំ មានទីលំនៅក្នុងភូមិជ័យឧត្តម ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង បានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពេលរសៀលថ្ងៃទី១៣ ខែមីនា ហើយក៏រកឃើញថាមានជំងឺកូវីដ១៩ ដោយសារបានយកសំណាកទៅពិនិត្យកាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ ប៉ុន្តែសភាពអ្នកជំងឺនៅពេលនោះមិនមានក្អកមិនហត់ មិនក្ដៅខ្លួន តែមានសម្ពាធឈាមឡើងខុសធម្មតា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់តាមន័យដើមថា៖ «នៅវេលាប្រហែលម៉ោង១១អាធ្រាត ថ្ងៃទី១៣ ខែមីនា ក្រុមគ្រូពេទ្យបានទៅពិនិត្យមើលសុខភាពគាត់ម្ដងទៀត ឃើញថាសុខភាពគាត់ធម្មតា នៅវេលាពេលព្រឹកម៉ោងប្រហែល៦:០០ព្រឹក គាត់បានចេញមកធ្វើលំហាត់ប្រាណយ៉ាងយូរ ហើយក៏បានចូលទៅសម្រាកក្នុងបន្ទប់របស់ខ្លួនវិញ ដោយសម្រាន្តលង់លក់រហូតដល់មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតដែលសំរាកនៅជិតនោះមកដាស់ឱ្យពិសារបាយព្រឹក ក៏ឃើញថាបុរសវ័យ៦៩ឆ្នាំនោះបានស្លាប់បាត់បង់ជីវិតទៅហើយ»។
ចំណែកខេត្តព្រះសីហនុក៏មានករណីជនជាតិចិនម្នាក់បានស្លាប់នៅថ្ងៃទី១៤ ខែមីនា អំឡុងពេលធ្វើចត្តាឡីស័កផងដែរ។ បុរសចិននោះបានចូលមកដល់កម្ពុជានៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានជាតិខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា។
សេចក្ដីប្រកាសដដែលឲ្យដឹងថា បុរសនោះចូលធ្វើចត្តាឡីស័កថ្ងៃទី២៦ ខែកុម្ភៈ ក្នុងអគារស្នាក់នៅរួមរបស់បុគ្គលិកកាស៊ីណូមួយកន្លែង ក្នុងខេត្តព្រះសីហនុ ហើយនៅយប់ទី១៣ ខែមីនា បុរសនោះមានអាការៈហត់ និងចុះខ្សោយខ្លាំងក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ តែនារសៀលថ្ងៃទី១៤ ខែមីនា បុរសនោះបានស្លាប់បាត់បង់ជីវិតដោយសារសុខភាពគាត់ចុះខ្សោយពេក។
«តាមការពិនិត្យវាយតម្លៃបឋមរបស់ក្រុមគ្រូពេទ្យបានបង្ហាញថា បុរសខាងលើមានជំងឺរលាកលំពែងរ៉ាំរ៉ៃ ព្រមទាំងជាតិស្ករឡើងខ្លាំង»។
គួរបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី១៦ ខែមីនានេះ កម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ១៩ សរុបចំនួន១,៤៣០នាក់។ អ្នកព្យាបាលជាសះស្បើយចំនួន៨១៨នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៦០៩នាក់ និងស្លាប់០១នាក់៕