បុរស២នាក់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ពេលកំពុង​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខេត្ត២ផ្សេងគ្នា ប៉ុន្តែ​អាជ្ញាធរ​ចេញ​លិខិត​បញ្ជាក់​ថា​ មិនមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះទេ ​ប៉ុន្តែ​ពួកគេ​បាត់បង់​ជីវិត​ដោយសារ​មានជំងឺប្រចាំកាយធ្ងន់ធ្ងរស្រាប់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី១៤ ខែមីនា បញ្ជាក់ថា មាន​បុរស​ម្នាក់ជាជនជាតិខ្មែរបានទទួលមរណភាព នា​វេលា​ម៉ោង​៩:៤០នាទីព្រឹក ថ្ងៃទី​១៤ ខែ​មីនា នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រៃវែង​ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែមថា បុរស​ម្នាក់​នោះមាន​អាយុ​៦៩ឆ្នាំ​ មាន​ទីលំ​នៅ​ក្នុង​ភូមិ​ជ័យ​ឧត្តម ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង​​ បាន​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ពេល​រសៀល​ថ្ងៃទី១៣ ខែមីនា​ ហើយ​ក៏​រក​ឃើញ​ថា​មាន​ជំងឺ​កូវី​ដ១៩ ដោយសារ​​បាន​យក​សំណាក​ទៅ​ពិនិត្យ​កាល​ពីថ្ងៃទី១១ ខែមីនា​កន្លងទៅ ប៉ុន្តែ​សភាពអ្នកជំងឺនៅពេលនោះមិនមានក្អក​មិនហត់ មិន​ក្ដៅខ្លួន​ តែមាន​សម្ពាធ​ឈាម​ឡើង​ខុស​ធម្មតា។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «នៅវេលាប្រហែលម៉ោង១១អាធ្រាត ថ្ងៃទី១៣ ខែមីនា ក្រុមគ្រូពេទ្យ​បាន​ទៅ​ពិនិត្យ​មើលសុខភាពគាត់ម្ដងទៀត ឃើញថា​សុខភាព​គាត់​ធម្មតា នៅវេលាពេលព្រឹកម៉ោងប្រហែល៦​:០០ព្រឹក​ គាត់បានចេញមកធ្វើលំហាត់​ប្រាណ​យ៉ាងយូរ ហើយក៏បានចូលទៅសម្រាកក្នុងបន្ទប់របស់ខ្លួនវិញ ដោយសម្រាន្តលង់​លក់​រហូត​ដល់​មាន​អ្នកជំងឺកូវីដ១៩​ម្នាក់ទៀត​ដែល​សំរាក​នៅ​ជិតនោះ​មកដាស់​ឱ្យ​ពិសារ​បាយ​ព្រឹក ក៏ឃើញថាបុរស​វ័យ​៦៩​ឆ្នាំនោះបានស្លាប់​បាត់បង់ជីវិតទៅហើយ»។

ចំណែក​ខេត្ត​ព្រះសីហនុ​ក៏មានករណីជនជាតិចិនម្នាក់បានស្លាប់នៅថ្ងៃទី១៤ ខែមីនា អំឡុង​ពេល​​ធ្វើចត្តាឡីស័ក​ផង​ដែរ។ បុរស​ចិន​នោះ​បាន​ចូល​មក​ដល់​កម្ពុជា​នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២០ តាមច្រកអាកាសយានដ្ឋានជាតិខេត្តព្រះសីហនុ។ នេះបើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា។

សេចក្ដីប្រកាសដដែល​ឲ្យ​ដឹងថា បុរសនោះចូលធ្វើចត្តាឡីស័កថ្ងៃទី២៦ ខែកុម្ភៈ ក្នុង​អគារ​ស្នាក់នៅ​រួម​របស់​បុគ្គលិកកាស៊ីណូមួយកន្លែង ក្នុង​ខេត្តព្រះសី​ហនុ ហើយ​នៅ​យប់ទី១៣ ខែមី​នា បុរសនោះមានអាការៈហត់ និងចុះខ្សោយខ្លាំងក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត និង​មន្ទីរ​ពេទ្យ​នៅ​​រាជធានី​ភ្នំពេញ តែ​នារសៀល​ថ្ងៃទី១៤ ខែមីនា បុរសនោះ​បានស្លាប់​បាត់បង់​ជីវិត​ដោយសារសុខភាពគាត់ចុះខ្សោយពេក។

«តាមការពិនិត្យវាយតម្លៃបឋមរបស់ក្រុមគ្រូពេទ្យបានបង្ហាញថា បុរសខាងលើមានជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ ព្រមទាំងជាតិស្ករ​ឡើងខ្លាំង»។

គួរបញ្ជាក់ថា គិត​មក​​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា​នេះ កម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ១៩​ សរុបចំនួន១,៤៣០នាក់។​ អ្នកព្យាបាលជាសះស្បើយចំនួន៨១៨នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៦០៩នាក់ និងស្លាប់០១នាក់៕