សមត្ថកិច្ចខេត្តសៀមរាបបានហៅអ្នកពាក់ព័ន្ធដឹកឈើទាំងប៉ុន្មានមកសារសួរ បន្ទាប់ពីចាងហ្វាងកាសែតអាណាចក្រខ្មែរ ត្រូវបានមនុស្សមួយក្រុមបានវាយប៉ុនប៉ងសម្លាប់រូបលោកកាលពីយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខប្រាសាទបេងមាលា ក្នុងស្រុកស្វាយលើ ខេត្តសៀមរាម ប៉ុន្តែលោកបានរួចខ្លួន ដោយសារតែបានរើបម្រាស និងហៅកូនចៅដែលគេងក្នុងឡានជិតនោះទាន់ពេល។

លោកប្រន ស៊ាន ចាងហ្វាងកាសែត អាណាចក្រខ្មែរ បានផ្ញើរូបដេកលើគ្រែ ដៃព្យួរសេរ៉ូម មកNewsroom Cambodia តាមរយៈតេឡេក្រាម ហើយបានអះអាងថាក្បាលខាងលើត្រូវបានដេរចំនួន ២៤ថ្នេរ
ខ្ទងច្រមុះ និងធ្មេញត្រូវបានបាក់ ដោយសារគេវាយដំនៅពេលលោកគេងក្នុងអង្រឹងក្បែរឡានជាមួយបុគ្គ​លិក​ម្នាក់ទៀតនៅមុខប្រាសាទបេងមាលា។

លោកប្រន ស៊ាន បាននិយាយបន្តថាលោកបានជិះកន្លែងនោះ ហើយដោយសារអស់កម្លាំង លោកក៏បានគេងនៅទីនោះតែម្តងទៅ ហើយលោកមិនបានដឹងពីមូលហេតុដែលគេមកវាយរូបលោកនោះទេ។

លោកបាននិយាយថា៖ «ខ្ញុំអត់ដឹងហេតុអ្វីគេមកវាយខ្ញុំ ពីព្រោះខ្ញុំកំពុងគេងលក់ ហើយខ្ញុំមិនដែលមានទំនាស់ជាមួយអ្នកណាម្នាក់នោះទេ ហើយករណីនេះគេចង់ធ្វើឃាតតែម្តង»។

អ្នកសារព័ត៌មានអស់រយៈពេលប្រមាណ ១៥ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងទៀតថា៖ «ខ្ញុំអង្វរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយរកជនដៃដល់ឱ្យបានឃើញឆាប់ៗផង»។

លោកសៀក សោភា ធ្វើការនៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាមបានប្រាប់សារព័ត៌មាន Newsroom Cambodia តាមរយៈទូរស័ព្ទថា សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកជនបង្កមកសួរនាំជាបន្តបន្ទាប់តាមការបំភ្លឺរបស់លោកប្រន ស៊ាន។

លោកសៀក សោភា បានបញ្ជាក់ថា៖ «សមត្ថកិច្ចបានហៅអ្នកសង្ស័យមកសួរនាំ ប៉ុន្តែមិនទាន់មានអង្គហេតុនៃរឿង អញ្ចឹងក៏ឱ្យជនសង្ស័យត្រឡប់ផ្ទះវិញ ហើយសមត្ថកិច្ចកំពុងធ្វើការស៊ើបសួ​របន្តទៀត ប៉ុន្តែមិនទាន់អាចវាយតម្លៃថារកឃើញ ឬមិនឃើញនៅឡើយទេ ពីព្រោះកំពុងស្ថិតក្នុងអំឡុងពេលធ្វើការតាមដាន ហើយសមត្ថកិច្ចក៏បានហៅអ្នកពាក់ព័ន្ធដឹកឈើទាំងប៉ុន្មានមកសារសួរបន្តទៀតផងដែរ»។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ សារព័ត៌មានអាណាចក្រខ្មែរ បានផ្សព្វផ្សាយព័ត៌មានទាក់ទងបទល្មើសព្រៃឈើយ៉ាងកក្រើកនៅស្រុកស្វាយលើ ដោយលើកឡើងពាក់ព័ន្ធមន្ត្រីជំនាញខេត្តសៀមរាមហាក់មិនរវល់អើពើរ។

រូបភាពលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញការដឹកជញ្ជូនព្រៃឈើតាមរយៈគោយន្ត និងខ្លឹមសារនៃការបង្ហោះរបស់សារព័ត៌មានអាណាចក្រខ្មែរបានរៀបរាប់ថា៖ «ជារៀងរាល់យប់គេតែងតែសង្កេតឃើញ​ថាមានគោយន្តកន្ត្រៃដឹកឈើជាច្រើនគ្រឿដូចហែរកឋិន អញ្ចឹង តែមិនដែលឃើញមានមន្ត្រីជំនាញណាម្នាក់រវល់អើពើរបង្ក្រាបសោះឡើយ នេះហើយជាហេតុដែលនាំអោយក្រុមឈ្មួញកាន់តែបានដៃបំផ្លាញព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា»។

លោកនឹក ប៊ុនលឹម ជាសមាជិកសមាគមន៍អ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ ក៏មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់រូបលោកផង ប្រសិនបើជាករណីប្រើអំពើហឹង្សាដូចលោកប្រន ស៊ាន។

«ខ្ញុំយល់ឃើញថាករណីនេះ ពិតជាមានគម្រោងទុកជាមុន ហើយខ្ញុំក៏មានការព្រួយបារម្ភ និងភ័យខ្លាចចំពោះសុវត្ថិភាពក្នុងការចុះយកសារព័ត៌មានម្តងៗ ដូចគេគំរាមកំហែង វាយធ្វើបាប អ្នកសារព័ត៌មានដូចលោកប្រន
ស៊ាន ជាដើម»។

លោកណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្កោលទោស និងបានទទួចម្តងហើយម្តងទៀតទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឱ្យចាត់វិធានការនិងធ្វើការស៊ើបអង្កេតឈានទៅដល់ការវែកមុខរកជនដៃដល់យកមកផ្តន្តាទោសទៅតាមផ្លូវច្បាប់។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ទៀតថា៖ «ការយល់ឃើញរបស់ខេមបូចា
គឺយើងពិនិត្យឃើញថាក្នុងករណីវាយដំមកលើអ្នកសារព័ត៌មានម្តងហើយម្តងទៀត ហើយជនដៃដល់មិនត្រូវបានចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ គឺជាគំរូមួយអាក្រក់ ដែលបន្តឱ្យមានការកើតមានឡើងនូវអំពើនិទណ្ឌភាពចំពោះឧក្រិដ្ឋកម្មទាំងឡាយណាដែលប្រឆាំងជាមួយអ្នកសារព័ត៌មាន»។

លោកណុប វី បានយល់ឃើញថាការវាយដំមកលើអ្នកសារព័ត៌មាន ជាការគំរាមកំហែង ពិសេសករណីអ្នកសារព័ត៌មានដែលរាយការណ៌អំពីបទឈ្មើសព្រៃឈើ អំពីការកាប់បំផ្លាញព្រៃឈើ និងករណីផ្សេងៗទៀតដែលជាការពិត ដែលវាជាតួនាទីមួយរបស់អ្នកសារព័ត៌មាននៅក្នុងការរាយការណ៍នូវបទល្មើសទាំងឡាយណាដែលកើតមានឡើងនៅក្នុងសង្គម។

លោកណុប វី ក៏បានបន្តទៀតថា៖ «ប្រសិនបើអ្នកសារព័ត៌មានត្រូវបានវាយដំដោយសារសកម្មភាពទាំងអស់ហ្នឹង វាជាចំណុចនៃការគំរាមកំហែងចំពោះឆន្ទៈរបស់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀតដែលហ៊ានធ្វើសេចក្តីរាយការណ៍រឿងបទល្មើសនានានៅក្នុងសង្គម»។

លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់ Newsroom Cambodia
តាមរយៈទូរស័ព្ទថាអ្នកសារព័ត៌មានដែលហ៊ានសរសេររិះគន់ លើការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការការពារព្រៃឈើ ឬអំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋាភិបាលគឺមានហានិភ័យខ្ពស់។

លោកស៊ឹង សែនករុណា បន្តទៀតថា ក្នុងករណីរឿងលោក ប្រន ស៊ាននៅសៀមរាមនេះ លោកយល់ថា
ដោយសារតែគាត់មានការឃ្លាំមើលយកព័ត៌មានទៅលើបទឈ្មើសព្រៃឈើ ដែលជាហេតុធ្វើឱ្យជនប្រព្រឹត្តទាំងអស់ហ្នឹង អត់សប្បាយចិត្ត អាចថាគុំគួនគាត់ រកឱកាសក្នុងការធ្វើបាបគាត់ដោយប្រើប្រាស់នូវអំពើហឹង្សាបែបនេះ៕

លោកស៊ឹង សែនករុណា បានប្រាប់ទៀតថា៖ «យើងនៅតែចង់ឃើញសមត្ថកិច្ចមានតួនាទីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវហើយចាត់វិធានការឱ្យទាន់ពេលវេលា វែកមុខរកជនដៃដល់ ហើយអ្នកប្រព្រឹត្តនៅពីក្រោយខ្នង ជាមួយអ្នកផ្សំគំនិតទាំងអស់ហ្នឹង យកមកផ្តន្ទាទោសតាមច្បាប់របស់កម្ពុជា ពីព្រោះបើសិនជាមិនមានការចាត់វិធានការចឹងទេ យើងព្រួយបារម្ភមិនមែនត្រឹមតែអ្នកកាសែតនៅខាងខេត្តសៀមរាមហ្នឹងទេ យើងព្រួយបារម្ភដល់អ្នកសារព័ត៌មានផ្សេងៗទៀតដែលសរសរដើម្បីជាផលប្រយោជន៍សង្គមជាតិ ដែលអាចនឹងទទួលរងការធ្វើទុកបុកម្នេញ ហឹង្សាឬអាចគ្រោះថ្នាក់ដល់អាយុជីវិតក៏ថាបានដែរ»។

គួរំលឹកដែរថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅលើបណ្តាញសង្គមហេ្វសប៊ុកសារព័ត៌មានចក្រភពព័ត៌មាន លោក មួក សារ៉ែន ដែលជានិពន្ធនាយករងនៃអង្គភាពសារព័ត៌មានចក្រភពព័ត៌មាន CPN News
ត្រូវជនមិនស្គាល់មុខមួយក្រុម មាន​គ្នា​ជិត​១០​នាក់ ប្រដាប់​ដោយ​ព្រនង់ ពូថៅ នាំ​គ្នា​មក​វាយ​កំទេចរថយន្ត
បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ជា​ដំណំ និង​រង​របួស ក្នុង​ចេតនា​ធ្វើឃាត។

ហេតុការណ៍​នេះបាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា ២០២០
នៅ​ផ្លូវ​ច្រកចូល​ទៅ​បឹង​ជ្រោង ត្រង់​ចំណុច​ភូមិ​ដូង​ទី​២ ឃុំ​ត្រ​មូង​ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ហើយអង្គភាពសារព័ត៌មានចក្រភពព័ត៌មាន ក៏បានអំពាវនាវឲ្យសមត្ថកិច្ចជួយវែកមុខរកជនដៃដល់ដើម្បីចាត់ការតាមនិតិវិធីច្បាប់ក្នុងពេលឆាប់ៗផងដែរ។

Newsroom Cambodia ក៏បានទាក់ទងទៅខាងសារព័ត៌មានចក្រភព (CPN News) តាមរយៈទូរស័ព្ទដែរ ប៉ុន្តែគ្មានការឆ្លើយតប៕