ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៦ ខែមីនានេះ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១០៥នាក់ ជាតួរលេខប្រចាំថ្ងៃខ្ពស់បំផុត និងមានអ្នកជាសះស្បើយចំនួន ៨៨នាក់ ដែលភាគច្រើនជាជនជាតិបរទេសនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក្នុងចំណោមករណីវិជ្ជមានកូវីដ ១៩ថ្មីគឺសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះមានជនជាតិខ្មែរ ជនជាតិចិនមានចំនួនច្រើនជាងគេ មានជនជាតិថៃ ម៉ាឡេស៊ី និងជនជាតិវៀតណាមចំនួន។
អ្នកដែលមានផ្ទុកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលសណ្ឋាគារក្រេតឌុកចំនួន ០៧នាក់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ០១នាក់ មណ្ឌលសុខភាពចាក់អង្រែចំនួន ០២នាក់ មន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្តាលចំនួន ៦៤នាក់ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុចំនួន ០៨នាក់ មន្ទីរពេទ្យបង្អែកខេត្តកោះកុងចំនួន ០៣នាក់ និងមន្ទីពេទ្យបង្អែកខេត្តព្រៃវែង ០១នាក់។ ចំណែកអ្នកជំងឺចំនួន ១៩នាក់ទៀត ក្រសួងកំពុងរកកន្លែងឲ្យសម្រាកព្យាបាល។
សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១៦ ខែមីនានេះមានចំនួនសរុប ៩១៥នាក់ រួមមានស្រ្តីចំនួន ៤២៤នាក់ និងបុរសចំនួន ៤៩១នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៤៣០នាក់។
អ្នកព្យាបាលជាសះស្បើយចំនួន ៨១៨នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់ និងស្លាប់ ០១នាក់៕