រដ្ឋបាលខេត្តក្រចេះ បានជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ឲ្យផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំកម្មវិធីមង្គលការ ពិធីបុណ្យ និងពិធីជួបជុំផ្សេងៗ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

យោងលើសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះបានឱ្យដឹងថាដូច្នេះថា «ស្ថិតក្នុងស្ថានភាពបែបនេះ រដ្ឋបាលខេត្តក្រចេះ សូមធ្វើការផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ និងពិធីជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្ដុំមនុស្សច្រើននៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងភូមិទូទាំងខេត្ត
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។

លិខិតដដែលបានបន្ថែមថា រដ្ឋបាលខេត្តនឹងបើកឱ្យដំណើរការជាធម្មតាឡើងវិញ នៅពេលដែលស្ថានភាពព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ត្រូវបានបញ្ចប់ នឹងមានការជូនដំណឹងជាថ្មីពីរដ្ឋបាលខេត្តនេះផ្ទាល់។

«ដោយសារទូទាំងប្រទេសមានការរីករាលដាល ដូច្នេះហើយដើម្បីជាវិធានការ យើងរាំងខ្ទប់ឱ្យហើយទៅ
កុំឱ្យវាកើតហើយទើបទៅព្យាបាល វាពិបាក» នេះជាសំដីលោក វ៉ា ថន អភិបាលខេត្តក្រចេះ ថ្លៃងប្រាប់ Newsroom Cambodia។

«បើសិនជាគាត់យល់ដឹង វាត្រូវតែការហ្អើយ ព្រោះកូនដល់វេលាហ្អើយ គ្រាន់តែសម្រួលតូចតាចទៅ យើងចាំជួបលៀងពេលក្រោយអីទៅក៏វាមិនខុសអីដែរ» ។

លោកក៏បានបន្ថែមថា ក្នុងករណីដែលមិនអាចចៀសវាងបានសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រារព្ធកម្មវិធីផ្សេងៗ បងប្អូនអាចធ្វើជាលក្ខណៈទ្រង់ទ្រាយតូច ឬលក្ខណៈគ្រួសារ ហើយចាំរៀបចំធំដុំឡើងវិញនៅពេលស្ថានភាពកូវីដ ១៩ វិលមករកសភាពធម្មតាវិញក៏បាន។

សេចក្ដីជូនដំណឹងដដែលនោះក៏បានបន្ថែមថា «រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា​ សាធារណជន
និងបងប្អូនប្រជាពលរដ្ឋទាំងអស់ យោគយល់ អធ្យាស្រ័យ និងសូមចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់»។

គួរំឮកដែរថា គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ អ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន ៩១៥នាក់ និងអ្នកដែលបានជាសះស្បើយមានចំនួន ៣១៩នាក់។ នេះយោងតាមក្រសួងសុខាភិបាល៕