ផលិតផល​ជ័រកៅស៊ូបានបន្ដមានតម្លៃស្ថិរភាពមួយ ក្នុងរយៈពេលប៉ុន្មានខែ នាដើមឆ្នាំ ២០២១នេះ
ស្របពេលនឹងទិន្នផលបង្កបង្កើន ក៏សម្រេចបានខ្ពស់ រីឯបរិមាណការនាំចេញក្នុងខែកុម្ភៈកន្លងមក បានកើនឡើងជាង ១០%​ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ ស្ដីអំពីសភាពការណ៍កសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមរបាយការណ៍ប្រចាំខែកុម្ភៈ តម្លៃលក់ជ័រកៅស៊ូជាមធ្យម ១, ៥៥៧ដុល្លារក្នុងមួយតោន កើនចំនួន
១២៩ដុល្លារ/តោន ឬស្មើ ៩% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០។ ឯតម្លៃលើការប្រមូលទិញតាមគ្រួសារចម្ការគឺ ជ័រទឹក(DRC 100%) មានការប្រែប្រួលពី ៥, ៥៧៥៛ ដល់ ៥, ៨០០៛ ក្នុងមួយគីឡូក្រាម និងជ័រកក(DRC 50%) ពី ២, ១៥០៛ ដល់ ២, ៧៥០៛ ក្នុងមួយគីឡូក្រាម។

ទិន្នន័យសរុបប្រចាំខែកុម្ភៈរបស់ក្រសួងបានឱ្យដឹងបន្ថែមថា ផលិតផលជ័រកៅស៊ូ ដែលសម្រេចបានមានចំនួន ៣២,៨៤៣តោន កើន ៣, ៦៤០តោន ស្មើនឹង ១២% ហើយបរិមាណបញ្ចេញលក់ក្រៅប្រទេសបានចំនួន ៣០,
៩០៩តោន កើន ៣, ៤០២តោន ស្មើនឹង ១២% បើប្រៀបធៀបនឹងខែកុម្ភៈដូចគ្នា កាលពីឆ្នាំ២០២០,
ក៏ប៉ុន្ដែមានការធ្លាក់ចុះបន្ដិចវិញ បើធៀបនឹងខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗ ដោយជ័រកៅស៊ូសម្រេចបានមានចំនួន ៥៧, ៩៧២តោន ឯការបញ្ចេញលក់បានចំនួន ៥២, ៧១១តោន និងតម្លៃលក់ជាមធ្យម ១,៦០៣ដុល្លារ/តោន។

លោកប៉ុល សុផា មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកៅស៊ូ បានផ្ដល់សម្ភាសតាមទូរសព្ទឱ្យ Newsroom
Cambodia អំពីមូលហេតុនៃ​ការកើនឡើងតម្លៃ និងទិន្នផលជ័រកៅស៊ូថា ដោយសារតម្លៃ និងតម្រូវការទីផ្សារអន្តរជាតិកើនឡើង មិនមែនកើនត្រឹមទីផ្សារស្រុកខ្មែរទេ ព្រោះសម្រាប់ផលិតផលជ័រកៅស៊ូខ្មែរ គឺនាំចេញទាំងស្រុង។ នៅរយៈពេលប៉ុន្មានខែចុងក្រោយ គិតចាប់ពីចុងឆ្នាំ២០២០ បន្ដមក តម្លៃទីផ្សារក្រៅស្រុកមានកំណើន និងមានកត្ដាស្ថិរភាពល្អ ដែលនាំឱ្យជ័រកៅស៊ូក្នុងស្រុកមានតម្លៃស្ថិរភាពល្អប្រសើរតាមហ្នឹង។

ដោយឡែកចំពោះទិន្នផលជ័រកៅស៊ូក្នុងស្រុក គឺនឹងមានការកើនឡើងជាបន្តបន្ទាប់ ពីឆ្នាំនេះ ដល់ឆ្នាំ ២០២២
ឬ២០២៤ ដោយសារកៅស៊ូបានដាំនៅក្មេង ឱ្យទិន្នផលខ្ពស់ និងដល់ពេលកំពុងឱ្យផល។ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ផ្ទៃដីដាំកៅស៊ូបានកើនឡើង ឯកៅស៊ូដល់ពេលអាចចៀរបានមានកំណើនបន្តបន្ទាប់ផងដែរ ដូច្នេះការកើនផលិតផលក៏តាមហ្នឹង។ នេះជាអ្វីលោកប៉ុល សុផា បានបញ្ជាក់បន្ថែម។

«បញ្ហាស្ថិរភាពតម្លៃកៅស៊ូ គឺអាស្រ័យលើបរិបទទីផ្សារអន្តរជាតិ។ ដោយសារជំងឺកូវីដ ១៩ ស្ថានភាពប្រទេសផលិតកៅស៊ូធំៗ មានវិបត្តិក្នុងការផលិត ដូចជាប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជាដើម ដែលដំណើរការផលិតគឺ ពឹងផ្អែកលើ ពលករពីប្រទេសជិតខាង»។

«ដោយមានការបិទប្រទេស ព្រោះជំងឺឆ្លងកូវីដ១៩ ធ្វើឱ្យប្រទេសទាំងនោះ ខ្វះកម្លាំងពលកម្ម អ៊ីចឹងនាំឱ្យដំណើរការផលិតធ្លាក់ចុះ។ ស្របជាមួយគ្នានេះ ប្រទេសចិនបានមានភាពធូរស្បើយ ប្រសើរឡើងវិញពីវិបត្តិកូវីដ ១៩ ហើយការផលិតបានមានកំណើន អ៊ីចឹងតម្រូវការវត្ថុធាតុដើមសម្រាប់ការផលិតក៏កើនឡើង ធ្វើឱ្យស្ថិរភាពតម្លៃកៅស៊ូល្អប្រសើរ»។
លោកប៉ុល សុផា បានបន្ថែមថា សម្រាប់ការនាំចេញវិញ គឺមានបញ្ហាបន្ដិចបន្ដួច ប៉ុន្ដែមិនមែនជាបញ្ហាចោតទេ ដោយសារប្រទេសជិតខាងមានលក្ខខណ្ឌរាំងទ្ទប់ប្រទេសពីជំងឺកូវីដ នាំឱ្យការឆ្លងដែន និងការផ្ទេរទំនិញ
មានតម្លៃកើនឡើងផងដែរ។

ដោយឡែកលោកបាន សាវឿន អ្នកគ្រប់គ្រងផ្នែករដ្ឋបាលទូទៅក្នុងចម្ការកៅស៊ូ នៅឃុំរំចេក ស្រុកមេមត់
ខេត្តត្បូងឃ្មុំ បានប្រាប់ Newsroom Cambodia តាមសារបណ្ដាញសង្គមហ្វេសប៊ុកថា ទាក់ទងនឹងតម្លៃកៅស៊ូ
សម្រាប់ឆ្នាំ២០២១ នេះនិងកាលឆ្នាំ ២០២០ កន្លងទៅ មានភាពខុសគ្នាចន្លោះ ១០០ ទៅ ២០០ដុល្លារដែរក្នុងមួយតោន ប៉ុន្ដែការប្រមូលផលវិញ កាលពីឆ្នាំទៅ បានផលច្រើនគួរសមជាងឆ្នាំនេះ។

លោកបានបញ្ជាក់បន្ថែមថា បើទោះទិន្នផល និងតម្លៃទីផ្សារបច្ចុប្បន្ន ទទួលបានយ៉ាងណា ក៏ប៉ុន្ដែពុំសូវឆ្លើយតបនឹងតម្លៃពលកម្មថ្លៃ និងការចំណាយទុនច្រើនគួរសមលើចម្ការកៅស៊ូប៉ុន្មានទេ ព្រោះផលិតផលជ័រកៅស៊ូ
ក៏អាចឡើងចុះទៅតាមការប្រែប្រួលអាកាសធាតុផងដែរ។

«ក្នុងស្ថានភាពជំងឺកូវីដកំពុងរាលដាលនេះ វាពិបាកត្រង់ការបញ្ចេញលក់ ដោយទីផ្សារប្រទេសជិតខាងបិទ
ដូច្នេះតម្លៃ គឺនៅត្រឹមតែឈ្មួញកណ្ដាល ធ្វើឱ្យជួបផលលំបាកដែរ ជាពិសេសសម្រាប់ម្ចាស់ចម្ការ គឺពិបាកមែនទែន។ ហើយចង់សំណូមពរថា បើអាចសូមបន្ធូរបន្ថយការយកពន្ធអីតាមហ្នឹង ដែលជាផលល្អដល់កសិករដែរ ហើយបើតម្លៃពន្ធ វាថ្លៃពេក មិនថាកសិករជាម្ចាស់ចម្ការ ឬសហគ្រាសទេ គឺមានការលំបាក
និងមានផលប៉ះពាល់ទាំងសងខាង។» នេះជាសម្ដីបុរសវ័យ ៣៣ឆ្នាំរូបនេះបន្ថែម។

សូមឱ្យដឹងថា លើសអំពីដំណាំកៅស៊ូ ក៏មានចំនួនការនាំចេញទិន្នផលដំណាំកសិកម្មផ្សេងទៀតសរុប
ប្រចាំខែកុម្ភៈផងដែរ ដូចជា បរិមាណផ្លែចេកស្រស់មានចំនួន ៤២, ១៥៦តោន, ផ្លែស្វាយស្រស់ ២២, ៦៩៦តោន, គ្រាប់ពោត ៥៤, ៤៤៣តោន, គ្រាប់ស្វាយចន្ទី ៤, ៤៥០តោន, ម្រេច ៤តោន និងម្ទេសស្រស់ ១៥, ២៥៣តោន ដែលនាំចេញទៅកាន់ប្រទេសគោលដៅសំខាន់ៗ រួមមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន សិង្ហបុរី វៀតណាម ថៃ ហុងកុង បែលហ្ស៊ិក និងអាមេរិកជាដើម។

កៅស៊ូ គឺជាដំណាំកសិ-ឧស្សាហកម្មនៅកម្ពុជា ដែលមានដាំភាគច្រើនផងដែរ បន្ទាប់ពីដំណាំស្រូវ។
តាមរបាយការណ៍ក្រសួងកសិកម្ម ផ្ទៃដីដាំកៅស៊ូសរុបមានចំនួន ៤០៤, ១១៨ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័របានចំនួន ២៩២, ៤៩៧ហិកតា ស្មើនឹង ៧២% និងផ្ទៃដីកៅស៊ូកំពុងថែទាំចំនួន ១១១,៦២១ហិកតា ស្មើនឹង ២៨%។

គួរបព្ជាក់ថាកាលពីឆ្នាំ ២០២០កន្លងទៅ ទំហំទឹកប្រាក់ នៃការនាំចេញជ័រ និងដើមកៅស៊ូសរុបមានចំនួន ៤៨២,៧៦លានដុល្លារ ដែលក្នុងនោះជ័រកៅស៊ូនាំចេញសរុបចំនួន ៣៤០,​ ០០០តោន និងដើមកៅស៊ូចំនួន ១៥៨,៤០០ម៉ែត្រគូប៕