អ្នក​​ប្រកប​របររកស៊ី​ដឹកភ្ញៀវ​ទេសចរ​ជិះទូក​លេង​កម្សាន្ត​នៅ​តាម​ដង​ទន្លេសាប​ និង​ទន្លេមេគង្គ​​ក្នុង​​រាជធានី​ភ្នំពេញ ​បានត្អូញត្អែរ​អំពី​ការបាត់បង់​ភ្ញៀវ​ទេសចរ​មក​ជិះ​ទូក​​កម្សាន្ត ដោយសារ​​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺកូវីដ​១៩ ក្នុងសហគមន៍ជាលើកទីបី។

លោក ​រិន ​ណារ៉ាន់ ​ម្ចាស់​ទូក​ទេសចរណ៍​ឈ្មោះ​ចំការ​ស្នេហ៍បាន​​ប្រាប់សារព័ត៌មាន Newsroom Cambodia ឱ្យដឹងកាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះថា ​​ក្រោយមាន​ការ​ផ្ទុះឡើង​នៃជំងឺកូវីដ​១៩​ក្នុងសហគមន៍​ជាលើកទីបីមក កំណើនភ្ញៀវទេស​ចរ​​ជាតិ និង​អន្តរជាតិ​មក​ជិះ​ទូក​លេង​កម្សាន្ត​បានថយចុះជាខ្លាំង ​បើ​ធៀបទៅនឹងព្រឹត្តិការណ៍សហគមន៍មុនៗ ។

លោកបញ្ជាក់​ថា៖ «បើសិនជាភ្ញៀវជាតិយើង គឺថយតាមព្រឹត្តិការណ៍ ពេល​ណារា​ង​បាន​ធូរស្បើយ​មាន​ការកើន​ឡើង​វិញ ពេល​ណាស្ថានការណ៍ធ្ងន់ធ្ងរគឺស្ងាត់ ដូច​ដំណាក់​កាល​ចុងក្រោយ​នេះ ថ្ងៃទី២០ កុម្ភៈហ្នឹង គឺស្ងាត់មែនទែនតែម្ដង»។

ព្រះតេជគុណ យាន សុខគីម ជាព្រះសង្ឃមួយអង្គគង់ក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ មាន​​សង្ឃដីកា​ថា ជាញឹកញាប់ព្រះសង្ឃអង្គ​ចូលចិត្តនិមន្តជិះទូកលេងកម្សាន្ត មុន​ពេល​ការផ្ទុះ​ឡើងនៃ​ជំងឺកូ​វីដ​១៩ ក្នុងសហគមន៍ជាលើកទីបី ។ ប៉ុន្តែ​ព្រះ​អង្គថា ​ក្រោយ​​ការផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​មក លោកម្ចាស់ សុខគីម បាន​កាត់​បន្ថយ​ការនិមន្ត​ជិះទូក​កម្សាន្តដូចសព្វដង ដោយសារ​ព្រះអង្គ​​ព្រួយបារម្ភ​ចំពោះ​ការរីករាលដាល​ក្នុងសហគមន៍​នេះ​។

ព្រះអង្គបានលើកឡើងថា៖ «កូណាអង្គុយគិតដែរថា បើថា បើឆ្លង​សហគមន៍​អីចឹង​ប្រហែល​ជា​មិនមែន​តិច​ទេ ប្រហែលអាចនឹងបែកទៅច្រើនៗទៀត ចេះតែអង្គុយបារម្ភ»។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍ឆ្លងក្នុងសហមគន៍ ២០កុម្ភៈ មានចំនួន​២៦ថ្ងៃហើយ ដែលក្នុងនោះអ្នកឆ្លងសរុបមានចំនួន​៩៩០នាក់ អ្នក​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន៣៤០នាក់ នេះបើ​តាម​ការចេញផ្សាយ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា៕​