ព្រះចៅអធិការវត្តរាជបូណ៍នៅថ្ងៃទី១៥ ខែមីនា បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ បញ្ឈប់សកម្មភាពអប់រំតាមបែបហិង្សាលើភិក្ខុ និងសាមណេរ ក្រោយពីមានការបែកធ្លាយវីដេអូហិង្សាមួយ។
កាលពីសប្តាហ៍មុន តាមរយៈវីដេអូមួយបានបង្ហាញរូបភាពនៃការវាយរំពាត់ដោយសាមណេរ ទៅលើសាមណេរមួយអង្គទៀត ដែលមានរាប់ចំនួនរហូតទៅដល់៥០រំពាត់។ វីដេអូនោះត្រូវបានបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់គ្នា ដោយឃើញមានអ្នកចូលបញ្ចេញមតិរិះគន់លើការវាយនោះ ថាជាការប្រើអំពើហិង្សាធ្ងន់ហួសហេតុ។
បន្ទាប់ពីមានការបែកធ្លាយវីដេអូនេះ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោក ផែង វណ្ណៈ អ្នកប្រើបណ្តាញសង្គមបានឡាយវីដេអូលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន និយាយអំពីការធ្វើទារុណកម្មលើសាមណេរនោះថា «សាហាវព្រៃផ្សៃ»។ លោក ផែង វណ្ណៈ ក៏បានបង្ហើបឱ្យដឹងថា ករណីវាយលើសាមណេរនោះគឺកើតនៅវត្តរាជបូណ៍ ក្នុងខេត្តសៀមរាប។
មួយថ្ងៃបន្ទាប់ពីលោក ផែង វណ្ណៈ ឡាយលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លេខាធិការដ្ឋានគណៈសង្ឃនាយក បានចេញលិខិតមួយស្តីពីការធ្វើកំណត់ហេតុសម្របសម្រួល ដែលមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរធម្មការ និងសាសនា ស្នងការរង នាយការិយាល័យ ចៅអធិការវត្តរាជបូណ៍ ភិក្ខុ និងសាមណេរ៩អង្គ គណៈកម្មាធិការវត្ត និងអ្នកពាក់ព័ន្ធដទៃទៀត ចុះទៅធ្វើការសិក្សាលើករណីហិង្សាមួយនេះ។
ក្នុងលិខិតបានបញ្ជាក់ថា៖ «ករណីនេះមិនមែនជាអំពើហិង្សាធ្វើទារុណកម្ម ទណ្ឌកម្មឃោរឃៅនោះទេ តែគឺជាអំពើទូន្មានប្រៀបប្រដៅ និងការដាក់ពិន័យរបស់ព្រះគ្រូចៅអធិការទៅដល់ភិក្ខុ និងសាមណេរដែលប្រព្រឹត្តខុសនឹងវិន័យ ដែលមានចែងក្នុងបទកំណត់ផ្ទៃក្នុងរបស់វត្តរាជបូណ៍តែប៉ុណ្ណោះ ហើយព្រះសង្ឃដែលធ្លាប់ទទួលពិន័យទាំង៩អង្គ សុទ្ធតែមានសង្ឃដីកាថា ពួកខ្លួនពិតជាយល់ព្រមទទួលនូវវិន័យទាំងនេះ»។
ក្នុងនោះផងដែរ លោកស្រី ដួង ថាវរី ឧត្តមសេនីយ៍ត្រីនឹងជាស្នងការរង បានធ្វើការសម្របសម្រួលករណីនេះទៅឯកឧត្តមព្រះរាជអាជ្ញា ដោយសុំឱ្យព្រះចៅអធិការវត្ត ព្រះតេជគុណ ពិន សែម ធ្វើកិច្ចសន្យាសម្របសម្រួលបញ្ចប់រឿង។
ក្នុងលិខិតកិច្ចសន្យារបស់ព្រះតេជគុណ ពិន សែម ធ្វើនៅថ្ងៃ ទី១៥ ខែ មីនា ដដែល បានបញ្ជាក់ថា ព្រះអង្គ ពិន សែម បានសន្យាថាឈប់ប្រើអំពើហិង្សាលើកើការអប់រំភិក្ខុ និងសាមណេរ ដោយប្រូតមកជាការអប់រំតាមបែបវិន័យអហិង្សាវិញ។
ព្រះអង្គ ពិន សែម បញ្ជាក់ក្នុងលិខិតនោះថា៖ «អាត្មាភាពសូមកែប្រែនូវការអប់រំ ទូន្មានប្រដៅដល់ភិក្ខុ និងសាមណេរតាមបែបចិន័យព្រះពុទ្ធសាសនា និងអហិង្សាវិញ»។
ព្រះតេជគុណ បូ បេត អតីតគង់នៅវត្តប្រយូវង្ស ក្នុងរាជធានីភ្នំពេញ បានផ្តល់បទសម្ភាសន៍ជាមួយ Newsroom Cambodia តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា លោកមិនសូវពេញចិត្តនឹងចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាអំពីការប្រើហិង្សានេះទេ។
ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាគាំទ្រ សកម្មភាពរបស់ព្រះតេជគុណ ពិន សែម ដែលលោកបានប្រព្រឹត្តធ្វើកន្លងមក លោកជាព្រះសង្ឃគំរូ តែការប្រើអំពើហិង្សាលើកូននេនតូចៗ ខុសយ៉ាងណាក៏ដោយមានវិធីសាស្រ្តច្រើនតាមបែបព្រះពុទ្ធសាសនា ដើម្បីដាក់ទណ្ឌកម្មឱ្យលោកសូត្រធម៍១០០ចប់ ឱ្យអង្គុយសមាធិ៣ទៅ៤ម៉ោង ឬកន្លះម៉ោងទៅ១ម៉ោងក្នុងមួយថ្ងៃរយៈពេល១អាទិត្យ ឬឱ្យទៅដងទឹក ជំរះស្មៅ បោសសម្អាតវត្តជាដើម»។
ព្រះតេជគុណ បូ បេត បន្តទៀតថា ព្រះតេជគុណ ពិន សែម ជាព្រះសង្ឃមួយអង្គដែលគោរពធម៌វិន័យបានល្អិតល្អន់ ចេះពុទ្ធវចនៈច្រើន និងមានមនសិកាស្នេហាសង្គមជាតិ ជាពិសេសវប្បធម៍ប្រពៃណី។
វត្តរាជបូណ៍ គឺជាវត្តចំណាស់មួយដែលស្ថិតក្នុងខេត្តសៀមរាម ដែលមានព្រះសង្ឃប្រមាណជា១៤៥អង្គគង់នៅ រៀនសូត្រក្នុងវត្ត និងនៅពុទ្ធិកវិទ្យាល័យ ក្រោមឱវាទរបស់ព្រះចៅអធិការវត្តព្រះនាម ពិន សែម។
លោក ឃុន បញ្ញាវុធ អ្នកជួយកិច្ចការរដ្ឋបាលក្នុងវត្តបូណ៍បានឱ្យដឹងថា ព្រះតេជគុណ ពិន សែម គឺជាព្រះសង្ឃមួយអង្គដែលបានគង់នៅវត្តមួយនេះសឹងតែមួយជីវិតរបស់ព្រះអង្គទៅហើយ។ លោកបន្ថែមថា ចំពោះការវាយរំពាត់នេះ គឺសាមណេរដែលធ្វើខុសវិន័យវត្ត គឺវាយគ្នាឯងម្តងម្នាក់ៗ ដែលលោកសាមណេរទាំងនោះមានព្រះជន្មជិត២០វស្សា និងអង្គខ្លះជាង២០វស្សា។
លោក ឃុន បញ្ញាវុធ បម្រើការក្នុងវត្តអស់រយៈពេល១៥ បានរៀបរាប់ទៀតថា៖ «ពីមុនមក ការវាយរំពាត់លើព្រះសង្ឃមិនដែលកើតមាននោះទេ ទើបមួយរយៈក្រោយនេះលោកតាព្រះជន្មចាស់បន្តិច ហើយប្រហែលជាទំនងប្រដៅលោកសាមណេរមិនស្តាប់ អាចជាឆេវឆាវ ឬមួម៉ៅខ្លះ ប៉ុន្តែការធ្វើទាំងអស់នេះមិនមែនជាអំពើទុច្ចរិតទេ ព្រោះលោកធ្វើបែបនេះគឺចង់កសាងមនុស្ស ហើយប្រសិនបើជាខុសវិន័យត្រូវដេញចេញ វាអាចនឹងបាត់ធនធានមនុស្ស»។
លោក ឃុន បញ្ញាវុធ បន្ថែមថា ព្រះតេជគូណ ពិន សែម បានបង្កើតក្រុមការងារចុះជួយ បង្រៀនអប់រំសីលធម៌តាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួនក្នុងខេត្តសៀមរាបផងដែរ ដែលគំនិតនេះលោកតាយល់ចង់ផ្សារភ្ជាប់ព្រះពុទ្ធសាសនា និងសង្គម ដើម្បីឱ្យក្មេងៗទទួលបាននូវវប្បធម៌ខ្លួនឯង។
គួររំលឹកថា ករណីប្រើអំពើហិង្សារវាងព្រះសង្ឃ និងព្រះសង្ឃនេះ កើតឡើងក្នុងមហាកុដិនៃវត្តរាជបូណ៍ ក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១៕