ព្រះចៅអធិការវត្តរាជបូណ៍​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា បាន​ធ្វើកិច្ច​សន្យា​ជា​មួយ​អាជ្ញាធរ បញ្ឈប់​សកម្មភាព​​អប់​រំ​តាម​បែប​ហិង្សា​លើ​ភិក្ខុ និងសាមណេរ ​ ក្រោយពីមានការបែកធ្លាយវីដេអូហិង្សាមួយ។

កាលពីសប្តាហ៍​​មុន តាមរយៈវីដេអូមួយបានបង្ហាញរូបភាពនៃការវាយរំពាត់ដោយសាមណេរ ទៅលើ​សាមណេរ​មួយ​អង្គ​ទៀត ដែលមានរាប់ចំនួនរហូតទៅដល់៥០រំពាត់។​ វីដេអូនោះ​ត្រូវ​បាន​បាន​ចែក​ចាយ​​លើ​បណ្តាញស​ង្គម​ហ្វេសប៊ុកជាបន្តបន្ទាប់គ្នា ដោយ​ឃើញ​​មាន​អ្នក​ចូល​បញ្ចេញមតិ​រិះគន់លើ​ការវាយ​នោះ ថា​ជាការប្រើអំពើហិង្សាធ្ងន់ហួសហេតុ​។

បន្ទាប់​ពី​មានការ​បែកធ្លាយវីដេអូនេះ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោក ផែង វណ្ណៈ ​អ្នក​ប្រើ​បណ្តា​ញ​សង្គម​បាន​ឡាយវីដេអូលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន និយាយ​អំពី​ការធ្វើទារុណកម្ម​លើ​សាមណេរ​នោះ​ថា​ «សាហាវព្រៃផ្សៃ»។ លោក ផែង វណ្ណៈ ក៏បានបង្ហើបឱ្យដឹងថា ករណី​វា​យ​លើ​សាមណេរ​នោះ​គឺកើតនៅវត្តរាជបូណ៍ ក្នុងខេត្តសៀមរាប។

មួយថ្ងៃបន្ទាប់ពីលោក ផែង វណ្ណៈ ឡាយលើបណ្តាញសង្គមហ្វេសប៊ុក​របស់ខ្លួន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លេខាធិការដ្ឋាន​គណៈសង្ឃនាយក បានចេញ​លិខិត​មួយ​ស្តីពី​ការ​ធ្វើ​កំណត់​ហេតុ​សម្រប​សម្រួល ដែលមានការចូលរួមពីអភិបាល​រងខេត្ត​ មន្ទីរធម្មការ និងសាសនា ស្នងការរង នាយ​ការិយាល័យ ចៅអធិការវត្តរាជបូណ៍ ភិក្ខុ និងសាមណេរ៩អង្គ គណៈកម្មាធិការវត្ត និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ចុះទៅធ្វើការសិក្សាលើករណីហិង្សាមួយនេះ។

ក្នុងលិខិតបានបញ្ជាក់ថា៖ «ករណីនេះមិនមែនជាអំពើហិង្សាធ្វើទារុណកម្ម ទណ្ឌកម្ម​ឃោរឃៅ​នោះ​ទេ  តែគឺជាអំពើទូន្មានប្រៀបប្រដៅ និង​ការដាក់ពិន័យរបស់ព្រះគ្រូចៅ​អធិការ​ទៅដល់ភិក្ខុ និង​សាមណេរ​ដែល​ប្រព្រឹត្តខុសនឹងវិន័យ ដែល​មា​នចែ​ង​ក្នុង​បទ​កំណត់​ផ្ទៃក្នុង​របស់​វត្ត​រាជបូណ៍​តែ​ប៉ុណ្ណោះ ហើយព្រះសង្ឃដែលធ្លាប់ទទួលពិន័យទាំង៩អង្គ សុទ្ធតែមានសង្ឃដីកាថា ពួកខ្លួន​ពិ​ត​ជា​យល់​ព្រម​ទទួល​នូវវិន័យទាំងនេះ»។

ក្នុងនោះផងដែរ លោកស្រី ដួង ថាវរី ឧត្តមសេនីយ៍ត្រីនឹងជាស្នងការរង បានធ្វើការសម្របសម្រួលករណីនេះទៅឯកឧត្តមព្រះរាជអាជ្ញា ដោយសុំឱ្យព្រះចៅអធិការវត្ត ព្រះតេជគុណ ពិន សែម ធ្វើកិច្ចសន្យាសម្របសម្រួលបញ្ចប់រឿង។

ក្នុង​លិខិត​កិច្ច​សន្យា​របស់​ព្រះ​តេជគុណ ពិន សែម ធ្វើ​នៅ​ថ្ងៃ ទី​១៥ ខែ មីនា ដដែល បាន​បញ្ជាក់​ថា ព្រះ​អង្គ​ ពិន សែម បាន​សន្យា​ថា​ឈប់​ប្រើ​អំពើ​ហិង្សា​លើ​​កើ​ការ​អប់​រំ​ភិក្ខុ និង​សាមណេរ ដោយ​ប្រូត​មកជា​ការ​អប់រំ​តាម​បែប​វិន័យ​​អហិង្សា​វិញ។

ព្រះ​អង្គ ពិន សែម​ បញ្ជាក់​ក្នុង​លិខិត​នោះ​ថា៖ «អាត្មាភាព​សូម​កែប្រែ​នូវ​ការ​អប់​រំ​ ទូន្មាន​ប្រដៅ​ដល់​ភិក្ខុ និង​សាមណេរ​តាម​បែប​ចិន័យ​ព្រះ​ពុទ្ធសាសនា និង​អហិង្សា​វិញ»។

ព្រះតេជគុណ បូ បេត អតីតគង់នៅវត្តប្រយូវង្ស ក្នុងរាជធានីភ្នំពេញ​ បាន​ផ្តល់​បទ​សម្ភាស​ន៍​ជាមួយ Newsroom Cambodia តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា លោក​មិន​សូវ​ពេញចិត្តនឹង​ចំណាត់កា​រ​របស់​​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការដោះស្រាយ​បញ្ហា​អំពី​ការ​ប្រើ​ហិង្សា​​នេះទេ។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ «អាត្មាគាំទ្រ សកម្មភាពរបស់ព្រះតេជគុណ ពិន សែម  ដែល​លោក​បាន​ប្រព្រឹត្ត​ធ្វើ​កន្លងមក លោកជាព្រះសង្ឃគំរូ តែការប្រើអំពើហិង្សាលើកូននេនតូចៗ ខុស​យ៉ាង​ណាក៏​ដោយ​មាន​វិធីសាស្រ្តច្រើនតាម​បែបព្រះពុទ្ធសាសនា ដើម្បីដាក់ទណ្ឌកម្មឱ្យលោកសូត្រធម៍១០០ចប់ ឱ្យអង្គុ​យសមាធិ៣ទៅ៤ម៉ោង ឬកន្លះម៉ោងទៅ១ម៉ោងក្នុងមួយថ្ងៃរយៈពេល១អាទិត្យ ឬឱ្យទៅដងទឹក ជំរះស្មៅ បោសសម្អាតវត្តជាដើម»។

ព្រះតេជគុណ បូ បេត បន្តទៀតថា ព្រះ​តេជគុណ ពិន សែម ជាព្រះសង្ឃ​មួយអង្គ​ដែល​គោរព​ធម៌វិន័យ​បាន​ល្អិតល្អន់ ចេះពុទ្ធវចនៈច្រើន និងមានមនសិកាស្នេហាសង្គមជាតិ ជាពិសេស​វប្បធម៍​ប្រពៃណី។​

វត្តរាជបូណ៍ គឺជាវត្តចំណាស់មួយដែលស្ថិតក្នុងខេត្តសៀមរាម ដែល​មាន​ព្រះសង្ឃ​ប្រមាណ​ជា​១៤៥​អង្គ​គង់​នៅ រៀនសូត្រ​ក្នុងវត្ត និងនៅពុទ្ធិកវិទ្យាល័យ ក្រោមឱវាទរបស់ព្រះចៅអធិការវត្តព្រះនាម ពិន សែម។

លោក ឃុន បញ្ញាវុធ អ្នកជួយកិច្ចការរដ្ឋបាលក្នុងវត្តបូណ៍បានឱ្យដឹងថា ព្រះតេជគុណ ពិន សែម គឺជាព្រះសង្ឃមួយអង្គដែលបានគង់នៅវត្តមួយនេះសឹងតែមួយជីវិតរបស់ព្រះអង្គទៅហើយ។ លោក​បន្ថែមថា ចំពោះការវាយរំពាត់នេះ គឺសាមណេរដែលធ្វើខុសវិន័យវត្ត គឺវាយគ្នាឯងម្តងម្នាក់ៗ ដែល​លោក​សាមណេរ​ទាំង​នោះ​មានព្រះជន្ម​ជិត២០វស្សា និងអង្គខ្លះជាង២០វស្សា។

លោក ឃុន បញ្ញាវុធ បម្រើការក្នុងវត្តអស់រយៈ​ពេល១៥ បានរៀបរាប់ទៀតថា៖ «ពីមុនមក ការ​វាយ​រំពាត់​លើ​ព្រះសង្ឃមិនដែលកើតមាននោះទេ ទើបមួយរយៈក្រោយនេះលោកតាព្រះជន្មចាស់បន្តិច ហើយប្រហែលជាទំនងប្រដៅលោកសាមណេរមិនស្តាប់ អាចជាឆេវឆាវ ឬមួម៉ៅខ្លះ ប៉ុន្តែ​ការធ្វើ​ទាំងអស់​នេះ​មិនមែន​ជាអំពើទុច្ចរិតទេ ព្រោះលោកធ្វើបែបនេះគឺចង់កសាងមនុស្ស ហើយ​ប្រសិន​បើ​ជា​ខុស​វិន័យ​ត្រូវ​ដេញ​ចេញ វាអាចនឹងបាត់ធនធានមនុស្ស»។  

លោក ឃុន បញ្ញាវុធ បន្ថែម​ថា ព្រះ​តេជគូណ ពិន សែម បានបង្កើតក្រុម​ការងារ​ចុះ​ជួយ​ បង្រៀន​អប់រំ​សីលធម៌​តាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួនក្នុងខេត្តសៀម​រាបផងដែរ ដែល​គំនិតនេះ​លោកតាយល់ចង់ផ្សារភ្ជាប់ព្រះពុទ្ធសាសនា និងសង្គម ដើម្បី​ឱ្យ​ក្មេងៗ​ទទួល​បាន​នូវ​វប្បធម៌​ខ្លួនឯង។

គួររំលឹកថា ករណីប្រើអំពើហិង្សារវាងព្រះសង្ឃ និងព្រះសង្ឃនេះ កើតឡើង​ក្នុងមហា​កុដិ​នៃ​វត្ត​រាជបូណ៍ ក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១៕​