កងទ័ពកម្ពុជាម្នាក់ទៀតហើយបានឆ្លងជំងឺកូវីដ ១៩ ក្រោយពេលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចរាល់ជាលើកទី២ នៅឯមន្ទីពេទ្យព្រះកេតុមាលា កាលពីថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។

យោងតាមប្រសាសន៍របស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានប្រាប់ Newsroom
Cambodia នៅថ្ងៃព្រហស្បតិ៍ ទី១៧ មីនា គិតមកទល់នឹងពេលនេះមានកងទ័ពចំនួន ៤នាក់ហើយ
ដែលបានឆ្លងជំងឺកូវីដ ១៩ ។ ហើយសុខភាពរបស់ពួកគេទាំងអស់នោះនូវមានសភាពល្អធម្មតា។

បុរសជាកងទ័ពគឺជាជនទីបួន ដែលមានវិជ្ជមានជំងឺកូវីដ ១៩ ក្រោយពេលចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ស៊ីណូហ្វាមរបស់ប្រទេសចិនជាលើកទី២ រួចមក។ លោក ទៀ បាញ់ បានបន្ថែមថា៖ «ក្នុងចំណោមហ្នឹង គឺវា អឺ..គាត់នុងឯង រាប់ទាំងគាត់ហ្នឹង គឺវាបួន»។

លោកវង់ ឡៃ មេភូមិក្រពើហាកើត ក្នុងក្រុងតាខ្មៅ បានមានប្រសាសន៍ថា លោកបានដឹងរឿងនេះ គាត់គឺជាអ្នកជិតខាង ហើយគាត់ត្រូវបានពេទ្យយកទៅហើយ។

គូសបញ្ជាក់ផងដែរថា ចាប់តាំង​ពី​ថ្ងៃបើក​យុទ្ធនា​ការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពី​ថ្ងៃ​ទី ​១០​កុម្ភៈ​
ដល់​ថ្ងៃទី​ ១៥​មីនា ​ឆ្នាំ​២០២១​ ដល់​ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​បណ្តា​កង​ឯកភាព​ទ័​ព និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​តំបន់​ព្រំដែន ​កើន​ដល់​ចំនួន ​១០៩.១៥៣​នាក់ ​ខណៈ​ចាក់​លើ​ក ទី​២ បាន​ចំនួន ​៤៩.០១២​នាក់ នេះបើតាមការចេញផ្សាយដោយក្រសួងការពារជាតិ៕