ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមមួយចំនួន បង្ហោះសារលើគណនីហ្វេសប៊ុករបស់ពួកគេ ដោយអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលពួកគេកំពុងជួបប្រទះក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩។
នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងសប្តាហ៍នេះ គេឃើញមានអ្នកប្រើបណ្តាញសង្គមជាច្រើនបង្ហោះសារភ្ជាប់ជាមួយរូបថតនៃការរកស៊ីរបស់ពួកគេ និងរូបថតលោកនាយករដ្ឋមន្រ្តីជាបន្តបន្ទាប់ ដោយត្អូញត្អែរពីផលលំបាក និងផលប៉ះពាល់ក្នុងអំឡុងការកើតមានជំងឺកូវីដ១៩ ព្រមទាំងស្នើឲ្យមានការដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ គណនីហ្វេសប៊ុកឈ្មោះ តាំង គីមឡេង ដែលជាគណនីហ្វេសប៊ុកមួយក្នុងចំណោមគណនីហ្វេសប៊ុកជាច្រើនទៀតដែលបានបង្ហោះសារសុំជំនួយពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសរសេររៀបរាប់ថា លោកស្នើសុំទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយដោះស្រាយបញ្ហាទុក្ខធុរៈ និងទុក្ខសោករបស់ប្រជាជន ក្នុងស្ថានភាពកូវីដ១៩។
ខ្លឹមសារនៃសាររបស់លោក តាំង គីមឡេង បានរៀបរាប់ចំនួនបួនចំណុចថា៖ «ទី១ សូមមេត្តាជួយដោះស្រាយបញ្ហាសាំងឡើងថ្លៃ សម្រួលឱ្យថោក ឬធូរថ្លៃសមរម្យក្នុងស្ថានភាពសេដ្ឋកិច្ចជីវភាពប្រជាជនសម័យកូវីដ ទី២សូមមេត្តាធ្វើសេចក្តីប្រកាសសម្រួលជាមួយម្ចាស់ផ្ទះ ម្ចាស់កន្លែងជួលបើករកស៊ី ឱ្យចុះថ្លៃបន្ទប់ ឬផ្ទះល្វែងឱ្យសល់ត្រឹមតែពាក់កណ្តាល១រយៈពេល ទី៣ សូមសម្រួលជាមួយធនាគាហិរញ្ញវត្ថុគ្រប់ស្ថាប័នរដ្ឋ និងឯកជនចំពោះប្រជាពលរដ្ឋនៃប្រាក់កម្ចីដោយធ្វើការផ្អាកបង់១រយៈពេល ទី៤ សូមជួយសម្រួលជាមួយអគ្គីសនីកម្ពុជា និងរដ្ឋាករទឹក ឱ្យចុះថោកបន្តិច ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋដោយអនុគ្រោះផងសម្តេចអ៊ុំ»។
ចំណែកអ្នកនាង គឹម លីហ្សា អាជីវករមួយរូប ក៏បានបង្ហោះសារដូចគ្នានេះដែរ ដែលមកដល់ត្រឹមថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១នេះ មានចំនួនអ្នកគំាំទ្រ (Like) ប្រមាណជាជាង១ម៉ឺននាក់ និងអ្នកចែករំលែកបន្តជិត១ម៉ឺននាក់ ។ ក្នុងនោះក៏មានអ្នកបញ្ចេញមតិគាំទ្រយ៉ាងច្រើនដោយមួយចំនួនបញ្ចេញមតិ (Commet) ស្នើឲ្យមានការអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី និងខ្លះត្អូញត្អែរពីផលលំបាក និងផលប៉ះពាល់បណ្តាលមកពីការរាលដាលជំងឺកូវីដ១៩។
កម្ពុជាបានជួបវិបត្តិកូវីដ១៩ជាងមួយឆ្នាំមកហើយ ប៉ុន្តែចាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មក គឺត្រឹមតែរយៈពេល១ខែ ធ្វើឱ្យកម្ពុជាមានសភាពធ្ងន់ធ្ងរ ស្ងប់ស្ងាត់ជាងរយៈពេលមួយឆ្នាំមុន ដោយសារមានចំនួនអ្នកឆ្លងជំងឺកូវីដច្រើន ហើយទីតាំងអាជីវកម្មមួយចំនួនត្រូវផ្អាក និងបិទជាបន្តបន្ទាប់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ Newsroom Cambodia នៅថ្ងៃទី១៩ ខែមីនាថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធកំពុងពិចារណាក្នុងករណីនៃផលប៉ះពាល់របស់ប្រជាជននេះ។ លោកថា ដំណាក់កាលដំបូងក្រសួងពាក់ព័ន្ធកំពុងស្នើទៅប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកណ្តាល ដើម្បីសិក្សាមើលទៅលើបញ្ហាទាំងនេះ។
«យើងយកផលប៉ះពាល់មកពិចារណា ហើយក្រសួងសាម៉ីដែលពាក់ព័ន្ធក្នុងសាច់រឿងហ្នឹង យើងមានក្រសួង៣ដែលពាក់ព័ន្ធសាច់រឿងហ្នឹង ទី១គឺក្រសួងផែនការ ទី២គឺក្រសួងសង្គមកិច្ច ទី៣គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងជជែកគ្នា ដោយជំហានទីមួយបានស្នើសុំតាមរយៈប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកណ្តាលដើម្បីសុំឱ្យមានការផ្លាស់ប្តូរកម្មវិធីក្នុងការប្រមូលប្រាក់ជំពាក់ពីអតិថិជនរបស់គេ ដើម្បីបន្ធូរ ឬពន្លាតពេលវេលានៃកាសងប្រាក់»។
លោកក៏បានលើកឡើងទាក់ទងបញ្ហាទឹកភ្លើងទៀតថា៖ «ចំពោះទឹកភ្លើង ខ្ញុំជឿជាក់ថាសម្តេចលោក កំពុងតែពិចារណា ថាធ្វើយ៉ាងម៉េច ពីព្រោះវាប៉ះពាល់ឧស្សាហកម្មរដ្ឋដែរ»។
ចំណែកថ្លៃជួលបន្ទប់ និងឈ្នូលផ្ទះ លោក ផៃ ស៊ីផានលើកឡើងថា មិនមានអ្វីក្រៅពីសំណូមពរឱ្យម្ចាស់ផ្ទះ ជួយបន្ទូរបន្ថយ ពីព្រោះលោកបានបញ្ជាក់ថាគឺជារឿងបុគ្គល។
«រដ្ឋាភិបាលគ្មានអ្វីក្រៅពីអំពាវនាវដើម្បីដោះស្រាយក្នុងរបៀបទន់ភ្លន់នោះទេ ព្រោះម្ចាស់ផ្ទះគ្មានចំណូលដែរ ដូច្នេះយើងមិនហ៊ានឱ្យជាគោលការណ៍ធំទេ យើងសុំឱ្យម្ចាស់ផ្ទះ តើយើងសម្របសម្រួលរបៀបម៉េច ជាមួយសមាគមកម្មករ សមាគមដទៃទៀតដែលពាក់ព័ន្ធបញ្ហានេះ»។
លោក ផៃ ស៊ីផាន បានបន្តទៀតថា រដ្ឋាភិបាលកំពុងគិតគូរទៅលើក្រុមអាទិភាពចាំបាច់ជាមុន ដើម្បីប្រយុទ្ធប្រឆាំង និងការពារសេដ្ឋកិច្ចរបស់ប្រទេសជាតិឱ្យមានដំណើរការល្អ។ លោកបន្ថែមដោយជឿជាក់ថា បញ្ហានានាដែលកំពុងតែកើតមានបច្ចុប្បន្ន ពិសេសចំពោះប្រជាជន លោកនាយករដ្ឋមន្រ្តីនឹងមានការសម្របសម្រួល ហើយស្ថានភាពសេដ្ឋកិច្ចអាចនឹងវិលទៅជាធម្មតាវិញ។
«ខ្ញុំជឿជាក់ថានឹងមានការសម្រួល ក៏ប៉ុន្តែតើពេលណាមួយនោះ យើងចាំស្តាប់នៃការដោះសា្រយពីប្រមុខរាជរដ្ឋាភិបាល គឺយើងធ្វើការដោះស្រាយមួយដើម្បីរស់ទាំងអស់គ្នា។ ប្រសិនបើយើងទប់ស្កាត់មួយរយៈពេល ៣ទៅ៤អាទិត្យនេះ យើងបើកចំហរមកវិញ គឺសេដ្ឋកិច្ចយើងឡើងមកវិញហើយ»។
គិតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ អ្នកមានផ្ទុកវីរុសកូវីដ១៩ សរុបមានចំនួន១,៥៧៨នាក់ ដែលក្នុងនេះមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ មានចំនួនរហូតដល់១,០៦២នាក់ ក្នុងរយៈពេលត្រឹមតែ១ខែ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣នាក់៕