ប្រជាពលរដ្ឋ​​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ បង្ហោះ​​សារ​​​​លើ​គណនី​ហ្វេសប៊ុក​របស់​ពួកគេ ដោយ​អំពាវនាវឲ្យ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ដោះស្រាយបញ្ហា​សេដ្ឋកិច្ច​​ដែលពួកគេ​កំពុង​ជួបប្រទះ​ក្នុង​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩។

នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុង​សប្តាហ៍​នេះ គេ​ឃើញ​មាន​អ្នក​ប្រើ​បណ្តាញ​សង្គម​ជាច្រើន​បង្ហោះសា​រ​ភ្ជាប់​ជា​មួយ​រូប​ថត​នៃ​ការ​រក​ស៊ី​របស់​ពួកគេ និង​រូប​ថត​លោក​នាយករដ្ឋមន្រ្តី​ជា​បន្ត​បន្ទាប់​ ដោយ​​ត្អូញ​ត្អែរ​ពី​ផល​លំ​បាក និង​ផល​ប៉ះពាល់​ក្នុង​អំឡុង​ការ​កើត​មាន​ជំងឺ​កូវីដ​១៩ ព្រមទាំង​ស្នើ​ឲ្យ​មានការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ គណនី​ហ្វេសប៊ុក​ឈ្មោះ តាំង គីមឡេង ដែល​ជា​គណនី​ហ្វេស​ប៊ុក​មួយ​ក្នុង​ចំណោម​គណនី​ហ្វេសប៊ុក​ជា​ច្រើន​ទៀត​ដែល​បាន​បង្ហោះ​សារ​សុំ​ជំនួយ​​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​សរសេរ​រៀប​រាប់​ថា លោក​ស្នើសុំទៅលោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ជួយ​ដោះស្រាយបញ្ហាទុក្ខធុរៈ និងទុក្ខសោករបស់ប្រជាជន ក្នុងស្ថានភាពកូវីដ១៩។

ខ្លឹម​សារ​នៃ​សារ​របស់លោក តាំង គីមឡេង បានរៀបរាប់ចំនួន​បួន​ចំណុច​ថា៖ «ទី១ សូមមេត្តា​ជួយ​ដោះស្រាយ​បញ្ហា​សាំង​ឡើង​ថ្លៃ សម្រួលឱ្យ​ថោក ឬ​ធូ​រ​ថ្លៃ​សមរម្យ​ក្នុងស្ថានភាពសេដ្ឋកិច្ច​ជីវភាព​ប្រជាជន​សម័យ​កូវីដ ទី២​សូមមេត្តាធ្វើសេចក្តីប្រកាស​សម្រួល​​ជាមួយម្ចាស់ផ្ទះ ម្ចាស់​កន្លែង​ជួល​បើក​រកស៊ី ឱ្យ​ចុះថ្លៃបន្ទប់ ឬផ្ទះល្វែងឱ្យសល់ត្រឹមតែពាក់កណ្តាល១រយៈពេល ទី៣ សូម​សម្រួល​ជាមួយ​ធនាគា​ហិរញ្ញវត្ថុ​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន​ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រាក់​កម្ចី​ដោយ​ធ្វើ​ការផ្អាក​បង់​១រយៈពេល ទី៤ សូម​ជួយ​សម្រួលជាមួយអគ្គីសនីកម្ពុជា និងរដ្ឋាករទឹក ឱ្យចុះថោកបន្តិច ដើម្បី​ជួយសម្រួលជីវភាពប្រជាពលរដ្ឋដោយអនុគ្រោះ​ផង​សម្តេច​អ៊ុំ»។

ចំណែក​​អ្នកនាង គឹម លីហ្សា ​អាជីវករមួយរូប ក៏បានបង្ហោះសារដូចគ្នានេះដែរ ដែល​មក​ដល់​ត្រឹមថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១នេះ មានចំនួនអ្នកគំាំទ្រ (Like) ប្រមាណជា​ជាង១ម៉ឺននាក់​ និង​អ្នក​ចែក​រំលែក​ប​ន្ត​​ជិត១ម៉ឺននាក់ ។ ក្នុង​នោះ​ក៏​មាន​អ្នក​បញ្ចេញមតិ​គាំទ្រ​យ៉ាងច្រើន​ដោយ​មួយ​ចំនួ​ន​បញ្ចេញមតិ (Commet) ស្នើ​ឲ្យ​មានការ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្រ្តី និង​ខ្លះ​ត្អូញ​ត្អែរ​ពី​ផល​លំបាក និង​ផល​ប៉ះពាល់​បណ្តាល​មក​ពី​ការ​​រាល​ដាល​ជំងឺកូវីដ​១៩។

កម្ពុជាបានជួបវិបត្តិកូវីដ១៩ជាងមួយឆ្នាំមកហើយ ប៉ុន្តែ​ចាប់​ពី​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មក គឺ​ត្រឹម​តែ​រយៈ​ពេល​១ខែ​​ ធ្វើឱ្យកម្ពុជាមានសភាពធ្ងន់ធ្ងរ ស្ងប់ស្ងាត់ជាងរយៈពេលមួយឆ្នាំមុន ដោយ​សារ​មាន​ចំនួន​អ្នកឆ្លងជំងឺកូវីដច្រើន ហើយ​ទីតាំង​​អាជីវកម្មមួយ​ចំនួន​ត្រូវ​ផ្អាក និង​បិទ​ជា​បន្ត​បន្ទាប់​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ Newsroom Cambodia នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា​ថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធកំពុងពិចារណាក្នុងករណី​នៃ​ផលប៉ះពាល់របស់ប្រជាជននេះ។ លោក​ថា​ ដំណាក់កាល​ដំបូង​ក្រសួង​ពាក់ព័ន្ធ​កំពុង​ស្នើ​ទៅ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​កណ្តាល ដើម្បីសិក្សាមើលទៅលើបញ្ហាទាំងនេះ។

«យើងយកផលប៉ះពាល់មកពិចារណា ហើយក្រសួងសាម៉ីដែលពាក់ព័ន្ធក្នុងសាច់រឿងហ្នឹង យើង​មាន​ក្រសួង​៣​ដែលពាក់ព័ន្ធសាច់​រឿងហ្នឹង ទី១គឺក្រសួងផែនការ  ទី២គឺក្រសួងសង្គមកិច្ច ទី៣​គឺក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងជជែកគ្នា ដោយជំហាន​ទីមួយ​​បាន​ស្នើ​សុំ​តាមរយៈ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ធនាគារ​កណ្តាល​ដើម្បី​សុំ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​កម្មវិ​ធី​ក្នុង​ការប្រមូល​ប្រាក់​ជំពាក់​ពី​អតិថិជន​របស់​គេ ដើម្បីបន្ធូរ​ ឬពន្លាតពេលវេលានៃកាសងប្រាក់»។

លោកក៏បានលើកឡើងទាក់ទងបញ្ហាទឹកភ្លើងទៀតថា៖ «ចំពោះទឹកភ្លើង ខ្ញុំជឿជាក់ថាសម្តេចលោក កំពុងតែពិចារណា ថាធ្វើយ៉ាងម៉េច ពីព្រោះវាប៉ះពាល់ឧស្សាហកម្មរដ្ឋដែរ»។

ចំណែកថ្លៃជួលបន្ទប់ និងឈ្នូលផ្ទះ លោក ផៃ ស៊ីផានលើកឡើងថា​ មិនមាន​អ្វីក្រៅ​ពី​សំណូមពរ​ឱ្យម្ចាស់ផ្ទះ ជួយបន្ទូរបន្ថយ ពីព្រោះលោកបានបញ្ជាក់ថាគឺជារឿងបុគ្គល។

«រដ្ឋាភិបាលគ្មានអ្វីក្រៅពីអំពាវនាវដើម្បីដោះស្រាយក្នុងរបៀបទន់ភ្លន់នោះទេ ព្រោះម្ចាស់​ផ្ទះគ្មា​ន​ចំណូល​ដែរ ដូច្នេះយើងមិនហ៊ានឱ្យជាគោលការណ៍ធំទេ យើងសុំឱ្យម្ចាស់ផ្ទះ តើយើង​សម្រប​សម្រួល​របៀប​ម៉េច ជាមួយសមាគម​កម្មករ សមាគម​ដទៃទៀតដែលពាក់ព័ន្ធបញ្ហានេះ»។

លោក ផៃ ស៊ីផាន បានបន្តទៀតថា រដ្ឋាភិបាលកំពុងគិតគូរទៅលើក្រុម​អាទិភាពចាំបាច់ជាមុន ដើម្បីប្រយុទ្ធប្រឆាំង និងការពារសេដ្ឋកិច្ចរបស់ប្រទេសជាតិឱ្យមានដំណើរការល្អ។ លោក​​បន្ថែម​ដោយ​ជឿជាក់ថា បញ្ហានានាដែលកំពុងតែកើតមាន​បច្ចុប្បន្ន ពិសេស​ចំពោះប្រជាជន លោក​នាយករដ្ឋមន្រ្តី​នឹ​ងមានការសម្របសម្រួល ហើយស្ថានភាពសេដ្ឋកិច្ចអាចនឹងវិលទៅជាធម្មតាវិញ។

«ខ្ញុំជឿជាក់ថានឹងមានការសម្រួល ក៏ប៉ុន្តែ​តើពេ​លណាមួយនោះ​ យើងចាំស្តាប់នៃការដោះសា្រយ​ពីប្រមុខរា​ជរដ្ឋាភិបាល គឺយើងធ្វើការដោះស្រាយមួយដើម្បីរស់ទាំងអស់គ្នា។ ប្រសិនបើ​យើង​ទប់ស្កាត់​មួយ​រយៈពេល ៣​ទៅ៤អាទិត្យនេះ យើង​បើកចំ​ហរ​មក​វិញ គឺ​សេដ្ឋកិច្ច​យើង​ឡើង​មកវិញ​ហើយ»។

គិត​មកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ អ្នកមានផ្ទុកវីរុសកូវីដ១៩ សរុបមានចំនួន១,៥៧៨នាក់ ដែលក្នុងនេះមានអ្នកឆ្លងក្នុងព្រឹត្តិ​ការណ៍​២០កុម្ភៈ មានចំនួនរហូតដល់១,០៦២នាក់ ក្នុង​រយៈពេល​ត្រឹម​តែ១ខែ​ និងមាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ចំនួន​៣​នាក់​៕