នៅថ្ងៃសុក្រទី១៩ ខែមីនា កម្ពុជាមានអ្នកបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ ម្នាក់ជាស្រ្តីអាយុ៦២ឆ្នាំ និងម្នាក់ទៀតជាបុរសអាយុ៤៦ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចេញផ្សាយកាលពីល្ងាចថ្ងៃទី១៩ ខែមីនា បានឱ្យដឹងថា មានស្រ្តីជនជាតិខ្មែរម្នាក់ទៀតហើយបានទទួលមរណៈភាព ដោយសារជំងឺកូវីដ ១៩ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង ១១ និង ៤៥នាទីព្រឹក ។
សេចក្ដីប្រកាសដដែលបានបន្ថែមថា៖ «ស្រ្តីវ័យ៦២ឆ្នាំរូបនេះ បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង នៅថ្ងៃទី១០ មីនា ឆ្នាំ២០២១ ដោយសាររកឃើញមានវិជ្ជមានកូវីដ១៩ ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃដដែល»។
ចំណែកសេចក្ដីប្រកាសព័ត៌មានមួយទៀតរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី១៩ ខែមីនា ដដែលបញ្ជាក់ថា បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺកូវីដ ១៩ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទីរសៀល។
សេចក្ដីប្រកាសព័ត៌មាននោះបញ្ជាក់ថា៖ «ការពិនិត្យសុខភាព និងការថតសួត បានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរក្រោយពេលក្រុមគ្រូពេទ្យបានព្យាយាមព្យាបាលបុរសខាងលើនេះដោយប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដាក់ទុយោក្នុងបំពង់ខ្យល់ និងជំនួយការផ្ដល់អុកស៊ីហ្សែនជាដើម តែជាអកុសល ក្រុមជួយសង្គ្រោះនៅតែមិនអាចសង្គ្រោះអាយុជីវិតបុរសរូបនេះបានឡើយ»។
គួរបញ្ជាក់ថា ស្រ្តីដែលមានអាយុ៦២ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩ គឺជាភរិយារបស់អ្នកចម្រៀងជើងចាស់ ហួរ ឡាវី និងជាម្តាយរបស់ កញ្ញា វី ឌីណែត តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដែលកញ្ញាកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ផងដែរ។
កញ្ញា វី ឌីណែត តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានបង្ហាញសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកក្រោយពេលដឹងថាម្ដាយរបស់ខ្លួនបានបាត់បង់អាយុជីវិតដូច្នេះថា៖ «ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅឱ្យបានសុខ ម៉ាក់កុំបារម្ភណាកូននឹងនៅមើលថែប៉ា និងអ្នកផ្ទះយើង កូននឹងរឹងមាំ»។
ជាមួយគ្នានោះដែរ លោក ហួរ ឡាវី ឪពុកបង្កើតរបស់កញ្ញា វី ឌីណែត ក៏បានរៀបរាប់សារ ចំពោះការបាត់បង់ភរិយារបស់ខ្លួនលើបណ្ដាញសង្គមហ្វេសប៊ុកដូចនេះថា៖ «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញមក ប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ សាធុ សាធុ»។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានបុរសជនជាតិខ្មែរម្នាក់អាយុ៥០ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ដោយសារជំងឺកូវីដ១៩៕