នៅ​ថ្ងៃ​សុក្រ​​ទី​១៩ ខែ​មីនា កម្ពុជា​មានអ្នកបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ១៩ ចំនួន​២នាក់ ម្នាក់​ជា​ស្រ្តី​អាយុ​៦២​ឆ្នាំ និង​ម្នាក់​ទៀត​ជា​បុរស​អាយុ​៤៦​ឆ្នាំ។ ​ នេះបើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងសុខាភិបាល។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចេញផ្សាយកាលពីល្ងាចថ្ងៃទី១៩ ខែមីនា បាន​ឱ្យ​ដឹង​ថា មានស្រ្តីជនជាតិខ្មែរម្នាក់ទៀតហើយបានទទួលមរណៈភាព ដោយសារជំងឺកូវីដ ១៩ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង ១១ និង ៤៥នាទីព្រឹក ។

សេចក្ដីប្រកាសដដែលបានបន្ថែមថា៖ «ស្រ្តីវ័យ៦២ឆ្នាំ​រូបនេះ បានចូល​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិកំចាត់រោគរបេង នៅថ្ងៃទី១០ មីនា ឆ្នាំ២០២១ ដោយសារ​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ១៩ ដោយមាន​លទ្ធផល​វិភាគទ​ទួលបាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ថ្ងៃ​ដដែល»។

ចំណែក​សេចក្ដីប្រកាសព័ត៌មាន​មួយ​ទៀត​​របស់ក្រសួងសុខាភិបាល ​ចេញ​នៅ​ថ្ងៃទី១៩ ខែ​មីនា ដដែល​បញ្ជាក់ថា បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ មានអាសយដ្ឋាន​នៅ​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់អាយុជីវិតដោយ​សារជំងឺកូវីដ ១៩ នាថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទីរសៀល។

សេចក្ដីប្រកាសព័ត៌មាន​នោះ​បញ្ជាក់ថា​៖ «ការពិនិត្យសុខភាព និងការថតសួត បានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ​ក្រោយ​ពេល​ក្រុមគ្រូពេទ្យ​បានព្យាយា​ម​ព្យាបាល​បុរស​ខាង​លើ​នេះ​ដោយប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដាក់ទុយោក្នុងបំពង់ខ្យល់ និងជំនួយ​ការផ្ដល់​អុកស៊ីហ្សែន​ជាដើម តែជាអកុសល ក្រុមជួយសង្គ្រោះនៅតែ​មិនអាចសង្គ្រោះអាយុជីវិត​បុរស​រូប​នេះ​បានឡើយ»។

គួរ​បញ្ជាក់​ថា ស្រ្តី​ដែល​មាន​អាយុ​៦២​ឆ្នាំ ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ គឺ​ជាភរិយា​របស់​អ្នក​ចម្រៀង​ជើង​ចាស់ ហួរ ឡាវី និង​ជា​ម្តាយ​របស់​ កញ្ញា វី ឌីណែត តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ហង្សមាស​ ដែល​កញ្ញា​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩​ផង​ដែរ។​

កញ្ញា វី ឌីណែត តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានបង្ហាញសំណេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ក្រោយពេលដឹងថា​ម្ដាយរបស់ខ្លួនបានបាត់បង់អាយុជីវិត​​ដូច្នេះថា៖ «ខ្ញុំលែង​មា​នម៉ាក់​ហៅ​ហើយ សូមម៉ាក់ទៅឱ្យបានសុខ ម៉ាក់កុំបារម្ភ​ណាកូននឹងនៅមើលថែប៉ា និងអ្នកផ្ទះយើង កូននឹងរឹងមាំ»។

ជាមួយគ្នានោះដែរ លោក ហួរ ឡាវី ឪពុកបង្កើតរបស់កញ្ញា វី ឌីណែត ​ក៏បាន​​រៀបរាប់​សារ​ ចំពោះកា​​របាត់បង់ភរិយារបស់ខ្លួន​លើបណ្ដាញសង្គមហ្វេសប៊ុកដូចនេះថា៖ «អូនអើយ​សូម​អូន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​មក ប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ សាធុ សាធុ»។

​កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានបុរសជនជាតិខ្មែរម្នាក់អាយុ៥០ឆ្នាំ រស់នៅ​សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ ដោយសារ​ជំងឺកូវីដ​១៩៕