បន្ទាប់​ពី​រដ្ឋាភិបាលកម្ពុជា​បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២៨វិច្ឆិកា កាលពីចុងខែធ្នូ ២០២០ កន្លង​ទៅ បាន​ធ្វើឱ្យតាមដងវិថី តំបន់ផ្សារ ហាងអាជីវកម្ម និងសាលារៀន ក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមមានសភាពអ៊ូអរស្ទើរវិលមករកជីវភាពដូចដើមឡើងវិញ។

ប៉ុន្ដែសកម្មភាពទាំងអស់នោះ បានប្រែស្ងប់ស្ងាត់ជាថ្មី​ម្ដងទៀត បន្ទាប់ពី​មាន​ការឆ្លង​រាល​ដាល​​ជំងឺ​កូវីដ១៩ ជាលើកទី៣ ឬហៅថាព្រឹត្តិការណ៍ ២០កុម្ភៈ ដែល​ជា​ដំណាក់កាល​ឆ្លង​ជា​ចង្កោម​ក្នុងសហគមន៍​ទ្រង់ទ្រាយធំបំផុត ដោយនៅតែបន្ដរាលដាល និង​ឈាន​ដល់​មាន​ករណី​អ្នក​ឆ្លង​បាន​ស្លាប់​​ជាបន្ត​បន្ទាប់​ទៀត​ផង។​

ដោយសារមានការឆ្លងរីករាលដាលបន្ដបន្ទាប់មិនស្រកស្រុតបែបនេះ រដ្ឋាភិបាល​បាន​ដាក់​ចេញ​ច្បាប់​បន្ទាន់ ស្ដីអំពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និង​ជំងឺ​ឆ្លងកាច​សាហាវ​ប្រកប​ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឬ​ហៅកាត់​ខ្លី​ថា «ច្បាប់​ប្រឆាំង​ជំងឺ​កូវីដ» ដោយបានអនុម័តដាក់ប្រកាសជាប្រញាប់ឱ្យប្រើប្រាស់ ហើយចូលជាធរមានភ្លាមៗ កាល​ពីថ្ងៃទី១២ មីនា​ ២០២១ កន្លងទៅ។

Newsroom Cambodia បាន​សម្ភាស​ប្រជាពលរដ្ឋ​តាមរយៈ​បណ្ដាញសង្គម និងដកស្រង់ មតិ​យោបល់ ការយល់ឃើញចម្រុះ ព្រម​ទាំង​ការបកស្រាយពន្យល់ ពីរដ្ឋាភិបាល អង្គការ​សង្គមស៊ីវិល អ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋមួយចំនួន ជុំវិញការដាក់កម្រិតផាកពិន័យ និងដាក់ទោសទណ្ឌ របស់ច្បាប់កូវីដ១៩នេះ​ ។

លោក សំបាន ច័ន្ទដារ៉ា​ វ័យ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ កំពុងសិក្សា​នៅសកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានលើកឡើងថា ខ្លួនបាន​អាន​លម្អិតច្បាប់ថ្មីស្ដីអំពីកូវីដ១៩​នេះ តាំង​ពី​អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានផ្សាយ ដែលមាន​លម្អិត​ច្រើន​ជំពូក និង​មាត្រា។

យុវជនរូបនេះយល់ឃើញថា ច្បាប់នេះ​​មាន​ទាំង​ចំ​ណុច​ល្អ និង​ចំណុច​មិន​ល្អ ដោយ​សម្អាង​ថា ​ចំណេះដឹង​ប្រជាជន​នៅ​មាន​កម្រិត ជាពិសេសពួកគាត់ មិនសូវ​បាន​យល់​ដឹ​ង​ស៊ី​ជម្រៅ​អំពី​កត្តា​ជីវសាស្ត្ររបស់ជំងឺកូវីដ​១៩ ជំណែក​ការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​មិនទាន់​ទូលំ​ទូលាយ​នៅឡើយ។

យុវជន ច័ន្ទដារ៉ា៖ «ចំណុចល្អសម្រាប់ច្បាប់នេះនៅត្រង់ថា ជាគោលដៅសុទិដ្ឋិនិយម សម្រាប់​​ប្រទេស​ជាតិយើង ដែលកំពុងរងគ្រោះដោយសារការរីករាលជំងឺកូវីដ១៩ ក្នុង​សហគមន៍ អ៊ីចឹងរដ្ឋាភិបាលបើគួរពុំគួរ ក៏ត្រូវបង្កើតច្បាប់មួយ​ដើម្បីទប់ស្កាត់ការរាល​ដាល។ ក្នុងដំណាក់កាលមួយដែលប្រជាពលរដ្ឋ គាត់មិនសូវយកចិត្តទុកដាក់ និង​មិន​សូវ​ជា​ខ្វល់​ខ្វាយ រដ្ឋាភិបាលបង្កើតច្បាប់ហ្នឹង​មក​ដើម្បីបង្អាក់ និងដាស់តឿនស្មារតីប្រជាពលរដ្ឋ ដោយ​ការដាក់​កំហិត​បង្ខំ ព្រោះពេលខ្លះ​សម្រាប់ប្រទេសយើងទាល់តែបង្ខំ បាន​ទទួលផល»។

លោក​បន្ថែមថា៖ «ក្នុងលក្ខណៈទុទ្ទិដ្ឋិនិយមវិញ គឺការផាកពិន័យជាប្រាក់រហូតដល់ ២លាន​រៀល  ឬលើសពីនេះ ប្រជាពលរដ្ឋខ្លះ គាត់គ្មានប្រាក់ច្រើនដល់នេះទេ  និង​ជាប់​ពន្ធនាគារ​ដល់​៥ឆ្នាំ ១០ឆ្នាំ ២០ឆ្នាំ វាហាក់ធ្ងន់ធ្ងរពេក»។

​​កញ្ញា ទឺន សុលីដា ក្នុងវ័យ​២៤ឆ្នាំ បច្ចុប្បន្នជាបុគ្គលិក​បម្រើការ ក្នុង​ក្រុមហ៊ុន​មួយ​នៅ​រាជធានី​ភ្នំពេញ។ យុវតីមានដើមកំណើតពីខេត្តតាកែវរូបនេះបាននិយាយថា ការដាក់​ចេញ​ច្បាប់​ថ្មី​ទប់ស្កាត់ជំងឺរាតត្បាតកូវីដ​១៩​នេះ វាមិនជាធ្ងន់ធ្ងរពេកទេ សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស។  

កញ្ញាបញ្ជាក់ថា៖ «ដោយការណ៍នេះនាំឱ្យការរាតត្បាតនៃជំងឺ​អាចនឹងធូរស្រាលខ្លះ ប្រសិន​បើ​​ប្រជា​ជនទាំងអស់ចូលរួមសហការ ព្រោះវាមានភាពងាយស្រួលក្នុងការតាមដាន ស្វែងរកប្រភពនៃជំងឺ និងអាចទប់ស្កាត់ចំពោះប្រជាជន ដែលមិនទាន់​ប៉ះពាល់​អ្នក​មាន​ផ្ទុក​ជំងឺ ដោយអាចបង្ការមិនឱ្យឆ្លងចូលក្នុងសហគម៍ ក៏ដូចជាគ្រួសាររបស់ពួកគាត់ដែរ។ សម្រាប់​ច្បាប់ មិនបង្ខំមនុស្សឱ្យស្លាប់ទេ មានតែជំងឺទេ​ដែលឱ្យមនុស្សស្លាប់»។​

ទន្ទឹមនឹងគុណសម្បត្តិ សុលីដា ក៏បានលើកឡើងពីផលវិបាកផងដែរ ដោយសង្កត់ថា ការផាកពិន័យ និងដាក់ទោសទណ្ឌ គឺប៉ះពាល់ខ្លាំង ចំពោះអាជីវករតាមផ្សារបន្លែ និងតាមតូបលក់ទំនិញតូចៗ ជាពិសេសប្រជាជន ដែលមានជីវភាពមធ្យម អាចធ្លាក់ទៅទាប និងទាប កាន់តែធ្លាក់ទាបន្ថែមទៀត។

កញ្ញាបញ្ជាក់ថា៖ «ម្នាក់ៗនឹងមិនហ៊ានចេញក្រៅផ្ទះ ដោយខ្លាចឆ្លងជំងឺទៅ​ត្រូវផាកពិន័យ ជាប់ទោសដាក់ពន្ធនាគារ ប៉ុន្ដែការគ្មានលទ្ធភាពសងបំណុលគេ ខ្លាចក្រុមគ្រួសារដាច់ពោះ ខ្លាចគ្រប់សព្វបែបយ៉ាង សរុបទៅការផាកពិន័យ និងដាក់ទោស ដូចដាក់បន្ទុក​បន្ថែម»។

សុលីដាបន្ថែមថា ​រឹតតែអាក្រក់ទៅទៀត ចំពោះជនអនាថាគ្មានទីពឹង និងអ្នកមានលទ្ធភាព ពួកគាត់មានលទ្ធភាពឯណា នឹងមានប្រាក់ទៅបង់ថ្លៃផាកពិន័យ។

លោក កេត ប៊ុនធឿន មានវ័យ ៣៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ បានបង្ហាញការយល់ឃើញ​ថា ច្បាប់នេះល្អប្រសើរ និងចាំបាច់បន្ទាន់ ក្នុងការ​បង្ការ​កា​រ​ឆ្លងរាលដាលនៃជំងឺកូវីដ ប៉ុន្ដែច្បាប់នេះ​អាចថាចេញរាងយឺតបន្តិច និង​ថា ការផ្សព្វ​ផ្សាយ​មិនសូវទូលំទូលាយ ឲ្យ​​មានប្រសិទ្ធភាពខ្ពស់​។

លោក កេត ប៊ុនធឿន បញ្ជាក់ថា​៖ «ស្ថានភាពកូវីដបច្ចុប្បន្នរាលដាលខ្លាំង ដូចនេះរដ្ឋមិនគួរ ត្រឹមកំណត់កន្លែងចាំបាច់សម្រាប់ការពាក់ម៉ាស់ទេ គួរ ត្រូវតែ កំណត់​ថាគ្រប់​ទី​កន្លែង​សាធារណៈ ឬ​ឯកជន  គ្រប់មនុស្សត្រូវតែពាក់ម៉ាស់ជាកំហិត ដោយ​រដ្ឋ​ត្រូវ​ចាត់​ខាងមូលដ្ឋានឲ្យអនុវត្តច្បាប់នេះ ហើយរដ្ឋខ្លួនឯងក៏ត្រូវធ្វើឱ្យតម្លៃ និងចំនួនម៉ាស់ គឺសមរម្យនឹងពលរដ្ឋទិញពាក់។​

លោក ប៊ុន ធឿន បន្ថែមថា ការ​បក​ស្រាយ​ច្បាប់​នេះ​ក៏​មិនទាន់​លម្អិត​គ្រប់​គ្រាន់​នៅ​ឡើយ។

លោក​ថា៖ «ឯការបកស្រាយច្បាប់ មិនទាន់បានច្បាស់លាស់ ដូចជាការកំណត់តំបន់ ដែល​តម្រូវឱ្យពាក់ម៉ាស់ ធ្វើឡើងមិនបានទូលំទូលាយ ប្រជាជនភាគច្រើនលើសលុប នៅ​តែ​យល់​ច្រឡំ​ថា​ត្រូវពាក់ម៉ាស់គ្រប់ទីកន្លែង។ ក្នុងខ្លឹមសារច្បាប់សោត ដូចជាមិនមានចែង​អំពី​កាតព្វកិច្ច និងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ដែលនៅស្និទ្ធនឹងពលរដ្ឋទេ  បើ​ដូច​នេះ​កាតព្វកិច្ច និងតួនាទីរបស់អ្នកទទួលខុសត្រូវមិនច្បាស់លាស់ ធ្វើឲ្យ​ច្បាប់បាន​ត្រឹមតែ​ច្បាប់  តែការអនុវត្ត គឺនៅតែរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ដដែល»។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងក្នុ​ង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បីស្រាយបំភ្លឺ និងពន្យល់ជាសាធារណៈជុំវិញការបង្កើតច្បាប់ថ្មីនេះ កាលពីទី​១៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅថា ច្បាប់កូវីដនេះ ​បង្កើតឡើងក្នុងស្ថានភាពបន្ទាន់ និងប្រកាសជាការប្រញាប់ ដោយត្រូវចូលជាធរមានភ្លាមក្រោយប្រកាស ព្រម​ទាំង​ប្រដេញ​ឱ្យ​ទាន់​សភាពការណ៍​នៃការឆ្លងរបស់ជំងឺកូវីដ​១៩ ក្នុងសហគមន៍ ២០កុម្ភៈ។

លោក​បញ្ជាក់​ថា៖ «ច្បាប់នេះគឺដាក់ទោសតែចំពោះអ្នក​ដែលមិនគោរពវិធានការ ក្នុង​ការប្រយុទ្ធ​ទប់ស្កាត់​ការរាល​ដាល​ជំងឺកូវីដ​១៩ ដែលអាចផ្ដាច់ជីវិតប្រជាជនកម្ពុជា និង​បង្ក​ភាព​មហន្តរាយ​ដល់សង្គមជាតិ​តែប៉ុណ្ណោះ​»។

លោកក៏បានបញ្ជាក់បន្ថែមអំពីបទល្មើស ដែលមានចែងសំខាន់ៗក្នុងច្បាប់នេះថា មាន​ចំនួនប្រាំ រួមមាន ​បទគេចវេះក្នុងការធ្វើចត្តា​ឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក បទគេចវេះពីការព្យាបាល ឬគេចចេញពីកន្លែងព្យាបាល បទចម្លង​ដោយ​ចេតនា​នូវ​ជំងឺ​កូវីដ​ដល់​អ្នក​ដទៃ បទមិនគោរពវិធានការរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការ។ បទ​ល្មើស​ទាំង​នេះ​​ត្រូវ​ភ្ជាប់ជាមួយការផាកពិន័យជាប្រាក់ចន្លោះពី ១លានរៀល ដល់ ២០​លាន​រៀល ព្រមទាំងអាចជាប់ទោសដាក់ពន្ធនាគារជាអន្តរការណ៍ចន្លោះពី​៦ខែ រហូត​ដល់២០ឆ្នាំ។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាន​ផ្ដល់​សម្ភាស​ដល់ Newsroom Cambodia កាលពីថ្ងៃទី១២ មីនា នេះ​​ ជុំវិញ​ការយល់​ឃើញ​រប​ស់​លោក​ស្រី​ថា​ ការតាក់តែងច្បាប់​ធ្វើឡើងដោយតក់ក្រហល់ ឬមិនទាន់មានការចែករំលែកព័ត៌មាន ឱ្យសាធារណជនបានដឹងឮទូលំទូលាយនៅឡើយ។ ​

លោកស្រី ចក់ សុភាព៖ «ទោសប្បញ្ញត្តិ មានការដាក់ទោសទណ្ឌពី ១០ ទៅ ២០ឆ្នាំនេះ ខ្ញុំយល់ថា​វា​ហាក់បី​​ដូចជា​ធ្ងន់ធ្ងរ  ហើយត្រូវធ្វើយ៉ាងម៉េច ​ចែងឱ្យច្បាស់ពាក់ព័ន្ធនឹង ការ​ចម្លង​​ជំងឺ​​កូវីដ​​១៩ ដោយចេតនាហ្នឹង ថាតើលក្ខខណ្ឌបែបណា ដែល​យើង​កំណ​ត់​ថា​​អាច​ជា​ការចម្លង​ជំងឺ​ដោយចេតនា កន្លែងនេះជាចំណុច​មួយ ដែល​វា​នឹង​អាច​ប្រឈម​សម្រាប់​ពលរដ្ឋ។ ជួនកាលជាការបកស្រាយ​ច្បាប់តាមឆន្ទៈ​រប​ស់​សមត្ថកិច្ច អ៊ីចឹង​ពលរដ្ឋ​អាច​នឹង​រងគ្រោះ​ទ្វេដង រងគ្រោះមួយដោយសារជំងឺ ហើយរងគ្រោះមួយទៀត​ដោយសារ​ការដាក់​ទោស​ទណ្ឌ»។

សម្រាប់អ្នកឃ្លាំមើលសង្គម លោក ឡៅ ម៉ុងហៃ បានសរសេរ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​ កាលពីថ្ងៃទី១៦ មីនា ថា៖ «ច្បាប់ [កូវីដ១៩] បង្កើតបន្ទុកធ្ងន់ធ្ងរមិនសមាមាត្រ ដល់​ប្រជា​ពលរដ្ឋ  បង្កើតស្ថានភាពមិនទៀងទាត់ ពិបាកដល់ការរកស៊ីធ្វើការ និង​បង្ក​លក្ខណ​:​ឱ្យ​មាន​ការ​រំលោភអំណាចថែមទៀត។ ច្បាប់នេះ មាន​លក្ខណ​:​ជា​ច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុងភាពអាសន្ន នៅ​ពេល​ប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពសាធារណ: និង​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ»។

លោក​សរសេរ​បន្ថែម​ថា៖ «ច្បាប់នេះរឹតត្បិតសិទ្ធិ និងសេរីភាពជាច្រើន របស់ប្រជាពលរដ្ឋ តាមច្បាប់សិទ្ធិមនុស្ ស(មាត្រា៤ នៃICCPR) និងរឹតត្បិតបែបនេះបាន លុះណាតែ​ប្រទេ​ស​ស្ថិត​ក្នុង​ ភាពអាសន្នសាធារណៈ ដែលគំរាមកំហែង ដល់អត្ថិភាពជាតិ និង [ដែល] ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ»។

ទោះយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ករណីឆ្លងក្នុងសហគមន៍ នៅតែបន្ដកើនឡើង ដោយមិនមានទាន់ឃើញសញ្ញា​ណា​ថា​អាចវិលមកសភាពល្អប្រសើរនៅឡើយទេ។

លើសតែពីការភ័យខ្លាច ប្រជាពលរដ្ឋ​ក៏បានចូលរួមជាចំណែកក្នុងការទប់ស្កាត់ និងពិត​ជា​ចង់​ឱ្យ​ស្ថានភាពជំងឺកូវីដ-១៩​នេះ អាចត្រូវទប់ស្កាត់បានឆាប់ៗ។ ​ជាមួយ​គ្នា​នេះ ពលរដ្ឋ​​មួយ​ចំនួនក៏​​ស្នើសុំរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ​ពិចារណា និងមើលឡើងវិញ ចំពោះ​ទោស​ប្បញ្ញត្តិ​ ការផាកពិន័យ និងការកម្រិតការដាក់ទោសទណ្ឌ។

យុវជន សំបាន ច័ន្ទដារ៉ា លើកឡើងថា៖ «ក្នុងដំណាក់កាលនេះ​ប្រជាជន​មានការ​ភ័យព្រួយ​នឹង​បញ្ហា​កូវីដ​ហ្នឹង​ផង ហើយក៏ចាំបាច់ក្នុងការប្រកបជីវភាពប្រចាំថ្ងៃ ដើម្បីចិញ្ចឹមក្រពះ និង​គ្រួសារពួកគាត់ផង  ដូច្នេះអ្នកខ្លះ គាត់រងបន្ទុកគ្រួសារធ្ងន់ធ្ងរ និង​មិនមាន​ជីវ​ភាព​​ល្អ​ប្រសើរ​ដូចជា​អ្នក​មានអំណាច ឬអ្នកធូរធារស្រាប់នោះទេ ដូច្នេះ ការជំរុញ ការលើកទឹកចិត្ត ការគាំពារ គឺជារឿងប្រសើរ និងសូមក្រសួងពាក់​ព័ន្ធជួយ​ផ្សព្វផ្សាយឱ្យបានទូលំទូលាយ បង្រៀន និងពន្យល់ប្រជាជនពលរដ្ឋឱ្យបានយល់ដឹង ជាជាង​ដាក់​ច្បាប់​ដោយ​កំហិត​បង្ខំ»៕​