ក្រសួងសុខាភិបាល បានចេញប្រកាសកំណត់កាតព្វកិច្ច និងកំណត់ទីតាំងប្រជុំជននានា ដែលតម្រូវឱ្យមានការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ចំពោះបុគ្គលកំពុងពាក់ព័ន្ធ ដោយអនុវត្ត ចាប់ថ្ងៃទី២២ មីនា នេះតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលនៅតែបន្តរីករាលដាលក្នុងសហគមន៍ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ។
ក្នុងប្រកាសចេញដោយក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានកំណត់អំពីបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ក្នុងនោះរួមមាន អ្នកផ្ទុកជំងឺកូវីដ១៩ អ្នកកំពុងធ្វើចត្តាឡីស័ក រួមជាមួយអ្នកដទៃ អ្នកបើកបររថយន្ដគ្រប់ប្រភេទ ព្រមទាំងអ្នកធ្វើដំណើរជារួមជាមួយគ្នា អ្នកផ្ដល់សេវាផ្ទាល់ដល់អតិថិជន និងអ្នកផ្សេងទៀត នៅតាមទីសាធារណៈ ដែលមានមនុស្សច្រើន ឬទីកន្លែងប្រជុំជន។
ប្រកាសដែលមានកម្រាស់៧ទំព័រនោះក៏មានបញ្ជាក់អំពីការអាចលើកលែងពាក់ម៉ាស់ សម្រាប់បុគ្គលមួយចំនួនផងដែរ គឺមានកុមារអាយុក្រោម៦ឆ្នាំ ដែលមិនមែនជាអ្នកមានផ្ទុកជំងឺកូវីដ១៩ ឬត្រូវធ្វើចត្តាឡីស័ក អ្នកមិនអាចពាក់ម៉ាសដោយមូលហេតុសុខភាព ដែលមានបញ្ជាក់ពីគ្រូពេទ្យ អ្នករស់នៅក្នុងលំនៅឋានឯកជនរួមគ្នា កីឡាករកំពុងហាត់សម ឬកំពុងប្រកួតកីឡាផ្លូវការ អ្នកបើកបររថយន្តតែម្នាក់ឯង ឬជាមួយអ្នករស់នៅជាមួយគ្នា បុគ្គលត្រូវបញ្ចេញមតិក្នុងកិច្ចប្រជុំផ្លូវការ ដែលការពាក់ម៉ាស់ជាឧបសគ្គបញ្ចេញសំឡេង។ ក្រៅពីនេះក៏មានករណីអាចលើកលែងមួយចំនួនទៀតដូចជា ក្នុងកាលៈទេសៈអាជ្ញាធរតម្រូវឱ្យដោះម៉ាសជាចាំបាច់ ពេលបរិភោគអាហារ ឬភេសជ្ជៈ ពេលថតរូបសម្រាប់ប្រើប្រាស់ដើម្បីសម្គាល់អត្តសញ្ញាណ ឬឯកសារផ្លូវការ ព្រមទាំងការសម្ដែងរបស់សិល្បករ ដែលមានការអនុញ្ញាត ដោយអាជ្ញាធរមានសមត្ថកិច្ច។
ចំពោះកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព គឺគ្រប់បុគ្គលស្ថិតនៅកន្លែងធ្វើការ នៃសហគ្រាស គ្រឹះស្ថានឯកជន ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈមានមនុស្សច្រើន ត្រូវអនុវត្តគម្លាតរវាងគ្នា និងគ្នាឱ្យបានយ៉ាងតិច១ម៉ែត្រកន្លះ។ សម្រាប់ករណីលើកលែងក៏មានផងដែរ ចំពោះអ្នកកំពុងរស់នៅជាមួយគ្នា អ្នកធ្វើដំណើរតាមមធ្យោបាយឯកជនក្នុងស្ថានភាពការរក្សាគម្លាតមិនអាចធ្វើទៅបាន អ្នកថែរទាំជនពិការ ចាស់ជរា ឬកុមារ រវាងមន្ត្រី និងបុគ្គលិកសុខាភិបាលសាធារណៈ រវាងកូនកំលោះ និងកូនក្រមុំ ក្នុងពិធីការ ឬភ្ជាប់ពាក្យ ដែលអនុញ្ញាតដោយអាជ្ញាធរ កីឡាករកំពុងហាត់សម ឬពេលកំពុងប្រកួតផ្លូវការ ព្រមទាំងអ្នកផ្ដល់ និងទទួលសេវាមួយចំនួនជាអាទិ៍ ការព្យាបាលដោយចលនា សេវាថែររក្សាសម្រស់ ការកាត់សក់ជាដើម។
ចំពោះទីតាំង ដែលក្រសួងតម្រូវឱ្យពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព គឺបណ្ដាសហគ្រាស គ្រឹះស្ថានឯកជន ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងទីតាំងភូមិសាស្រ្តកំណត់ថាមាន និងកំពុងឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ប៉ុន្ដែក្រសួងមិនទាន់បញ្ជាក់អំពីភូមិសាស្ត្រ ខេត្ត ឬក្រុងណាមួយត្រូវអនុវត្តទាំងស្រុងនៅឡើយទេ។
ទាក់ទិននឹងប្រកាសនេះដែរ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ មីនានេះ ដោយសរសេរថា៖ «សូមរង់ចាំការជូនដំណឹងរបស់ក្រសួងសុខាភិបាល អំពីភូមិសាស្រ្តដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ ទើបកំណត់បានអំពីតំបន់ណាខ្លះដែលត្រូវឱ្យអនុវត្តជាកាតព្វកិច្ចចំពោះការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព!»។
ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ក៏បានបន្ដលើកទឹកចិត្តដល់ប្រជាជន និងតំបន់ពុំទាន់មានការរាលដាលជំងឺកូវីដ១៩ ឱ្យប្រកាន់វិធានការអនាម័យ សម្អាងដៃនឹងសាប៊ូ ឬទឹកអាល់កុល ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយចំពោះបុគ្គលមិនអនុវត្តទៅតាមកាតព្វកិច្ចដែលតម្រូវក្នុងប្រកាស ជាជំហានដំបូង បុគ្គលល្មើសទាំងនោះ នឹងរងនូវការព្រមាន និងណែនាំពីមន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច និងប្រសិនបើមិនសហការណ៍ ជំហានបន្ទាប់ នឹងត្រូវផាកពិន័យជាអន្តរការណ៍ ចំពោះការបំពានកាតព្វកិច្ច ទៅតាមសមត្ថកិច្ចនៃក្រសួងសុខាភិបាល។
ប្រកាសរបស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីច្បាប់ស្ដីអំពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ មីនា ២០២១ កន្លងទៅ។
គិតត្រឹមថ្ងៃទី២៣ មីនា នេះ កម្ពុជាបន្តរកឃើញចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កើនដល់ ១,២៦៦នាក់ ក្នុងនោះមានអ្នកបានស្លាប់ ៥នាក់ផងដែរ ខណៈចំនួនអ្នកឆ្លងទូទាំងប្រទេសសរុបកើនដល់ ១,៧៨៨នាក់ ព្យាបាលជាសះស្បើយ ៩៩៩នាក់ និងកំពុងសម្រាកព្យាបាល ៧៨៣នាក់៕