ក្រសួងសុខាភិបាល បាន​ចេញប្រកាស​កំណត់កាតព្វកិច្ច និង​កំណត់​ទីតាំង​ប្រជុំ​ជន​នានា ដែលតម្រូវឱ្យមានការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ចំពោះបុគ្គលកំពុងពាក់ព័ន្ធ ដោយ​អនុវត្ត ចាប់ថ្ងៃទី២២ មីនា នេះ​តទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែល​នៅ​តែ​បន្ត​រីករាល​ដាល​ក្នុង​ស​ហគមន៍ បន្ទាប់ពី​ផ្ទុះ​ព្រឹត្តិការណ៍​២០កុម្ភៈ។​

ក្នុងប្រកាសចេញ​ដោយ​​​​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ បានកំណត់អំពីបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ក្នុងនោះរួមមាន អ្នកផ្ទុកជំងឺកូវីដ១៩ អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក រួមជាមួយអ្នកដទៃ អ្នកបើកបររថយន្ដគ្រប់ប្រភេទ ព្រមទាំង​អ្នក​ធ្វើដំណើរ​ជារួម​ជាមួយ​គ្នា អ្នកផ្ដល់សេវាផ្ទាល់ដល់អតិថិជន និងអ្នកផ្សេងទៀត នៅតាមទីសាធារណៈ ដែល​មាន​មនុស្ស​ច្រើន ឬទីកន្លែងប្រជុំជន។

ប្រកាស​​ដែលមានកម្រាស់​៧ទំព័រ​នោះ​ក៏មានបញ្ជាក់អំពីការអាចលើកលែងពាក់ម៉ាស់ សម្រាប់​បុគ្គល​មួយ​ចំនួន​ផង​ដែរ គឺ​​មាន​កុមារ​អាយុក្រោ​ម​៦ឆ្នាំ ដែលមិនមែន​ជាអ្នកមានផ្ទុកជំងឺកូវីដ១៩ ឬ​ត្រូវ​ធ្វើ​ចត្តា​ឡីស័ក អ្នកមិនអាចពាក់ម៉ាសដោយមូលហេតុសុខភាព ដែល​មានបញ្ជាក់ពីគ្រូពេទ្យ អ្នករស់នៅ​ក្នុង​លំនៅឋាន​ឯកជនរួមគ្នា កីឡាករកំពុងហាត់សម ឬកំពុងប្រកួតកីឡាផ្លូវការ អ្នក​បើកបរ​រថយន្ត​តែ​ម្នាក់​ឯង ឬជាមួយអ្នករស់នៅជាមួយគ្នា បុគ្គលត្រូវបញ្ចេញមតិក្នុងកិច្ចប្រជុំផ្លូវការ ដែល​ការពាក់​ម៉ាស់​ជា​ឧបសគ្គ​បញ្ចេញ​សំឡេង។ ក្រៅពីនេះ​ក៏​មាន​ករណីអាចលើកលែងមួយចំនួនទៀតដូចជា ក្នុង​កាលៈ​ទេសៈ​​អាជ្ញាធរ​តម្រូ​វឱ្យដោះម៉ាសជាចាំបាច់ ពេលបរិភោគអាហារ ឬភេសជ្ជៈ ពេលថត​រូប​សម្រាប់​ប្រើប្រាស់ដើម្បីសម្គាល់អត្តសញ្ញាណ ឬឯកសារផ្លូវការ ព្រមទាំងការសម្ដែងរបស់សិល្បករ ដែល​មាន​ការអនុញ្ញាត ដោយអាជ្ញាធរមានសមត្ថកិច្ច។

ចំពោះកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព គឺគ្រប់បុគ្គលស្ថិតនៅកន្លែងធ្វើការ នៃសហគ្រាស គ្រឹះស្ថាន​ឯកជន ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈមានមនុស្សច្រើន ត្រូវអនុវត្តគម្លាតរវាងគ្នា និង​គ្នា​ឱ្យ​បាន​យ៉ាង​តិច​១ម៉ែត្រកន្លះ។ សម្រាប់ករណីលើកលែងក៏មានផងដែរ ចំពោះអ្នកកំពុងរស់នៅជាមួយគ្នា អ្នកធ្វើដំណើរតាមមធ្យោបាយឯកជនក្នុងស្ថានភាពការរក្សាគម្លាតមិនអាចធ្វើទៅបាន​ អ្នកថែរ​ទាំ​ជន​ពិការ ចាស់ជរា ឬកុមារ រវាងមន្ត្រី និងបុគ្គលិកសុខាភិបាលសាធារណៈ រវាងកូនកំលោះ និងកូនក្រមុំ ក្នុង​ពិធីការ ឬភ្ជាប់ពាក្យ ដែលអនុញ្ញាតដោយអាជ្ញាធរ កីឡាករកំពុងហាត់សម ឬ​ពេល​កំពុង​ប្រកួត​ផ្លូវ​ការ ព្រមទាំងអ្នកផ្ដល់ និងទទួលសេវាមួយចំនួនជាអាទិ៍ ការព្យាបាលដោយចលនា សេវា​ថែររក្សា​សម្រស់ ការកាត់សក់ជាដើម។

ចំពោះទីតាំង ដែលក្រសួងតម្រូវឱ្យពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព គឺបណ្ដាសហគ្រាស គ្រឹះស្ថាន​ឯកជន ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងទីតាំងភូមិសាស្រ្តកំណត់ថាមាន និងកំ​ពុងឆ្លងរាល​ដាល​ជំងឺ​កូវីដ១៩ ក្នុងសហគមន៍ ប៉ុន្ដែក្រសួងមិនទាន់បញ្ជាក់អំពីភូមិសាស្ត្រ ខេត្ត ឬក្រុង​ណាមួយ​ត្រូវអនុវត្ត​ទាំងស្រុង​នៅ​ឡើយទេ។

ទាក់ទិន​នឹងប្រកាសនេះដែរ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅថ្ងៃទី២៣ មីនានេះ ដោយ​សរសេរ​ថា៖ «សូមរង់ចាំការជូនដំណឹងរបស់​ក្រសួង​សុខាភិបាល អំពីភូមិសាស្រ្តដែលមានការឆ្លង​រាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ ទើប​កំណត់​បាន​អំពី​តំបន់ណាខ្លះដែលត្រូវឱ្យអនុវត្តជាកាតព្វកិច្ចចំពោះការពាក់ម៉ាស និង​ការរក្សា​គម្លាត​សុវត្ថិភាព!»។

ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ក៏បានបន្ដលើកទឹកចិត្តដល់ប្រជាជន និងតំបន់ពុំ​ទាន់មាន​ការរាល​ដាល​ជំងឺកូវីដ១៩ ឱ្យប្រកាន់​វិធានការអនាម័យ សម្អាងដៃនឹងសាប៊ូ ឬទឹកអាល់កុល ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយចំពោះបុគ្គលមិនអនុវត្តទៅតាមកាតព្វកិច្ចដែលតម្រូវក្នុងប្រកាស ជា​ជំហានដំបូង បុគ្គលល្មើសទាំងនោះ នឹងរងនូវការព្រមាន និងណែនាំពីមន្ត្រីក្រសួងសុខាភិបាល និង​អាជ្ញាធរ​មានសមត្ថកិច្ច និងប្រសិនបើមិនសហការណ៍ ជំហានបន្ទាប់ នឹង​ត្រូវផាក​ពិន័យ​ជា​អន្តរការណ៍ ចំពោះការបំពានកាតព្វកិច្ច ទៅតាមសមត្ថកិច្ចនៃក្រសួងសុខាភិបាល។

ប្រកាសរបស់​ក្រសួង​សុខាភិបាល​​ ធ្វើឡើងបន្ទាប់ពីច្បាប់ស្ដីអំពី «វិធានការទប់ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កាលពីថ្ងៃទី១១ មីនា ២០២១ កន្លងទៅ។

គិត​ត្រឹម​ថ្ងៃទី២៣ មីនា នេះ កម្ពុជាបន្តរកឃើញចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កើនដល់ ១,២៦៦នាក់ ក្នុងនោះមានអ្នកបានស្លាប់ ៥នាក់ផងដែរ ខណៈ​ចំនួន​អ្នក​ឆ្លង​ទូទាំង​ប្រទេស​សរុ​ប​កើនដល់ ១,៧៨៨នាក់ ព្យាបាលជាសះស្បើយ ៩៩៩នាក់ និងកំពុងសម្រាកព្យាបាល ៧៨៣​នាក់៕