ក្រសួងធម្មការ និងសាសនានៅថ្ងៃទី២៣ ខែមីនានេះ បានចេញសារាចណែនាំអំពី ការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាមនីមួយក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍នៃព្រឹត្តការណ៍ ២០កុម្ភៈ។
សារាចរណែនាំ ដែលចេញផ្សាយដោយក្រសួងធម្មការ និងសាសនា បញ្ជាក់ថា ដោយសារតែស្ថានភាពជំងឺកូវីដ១៩ មានការរាតត្បាតក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង ក្រសួងបានបញ្ជាឲ្យប្រធានមន្ទីធម្មការ និងសាសនារាជធានី ខេត្ត សហការជាមួយព្រះមេគណ និងព្រះអនុគណ ណែនាំទៅគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសកម្ពុជាឱ្យវាយគង រគាំង ជួង ទូងស្គរ ព្រមៗគ្នា។
សារាចរដដែលបន្ថែមថា៖ «ដើម្បីជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
ចំពោះការវាយគង រគាំង ជួង ទូងស្គរនេះ ត្រូវធ្វើឡើងក្នុងមួយថ្ងៃ ប្រាំដង តាមពេលវេលាដែលបានកំណត់ដូចជា លើកទី១ នៅម៉ោង ៥:០០ នាទីព្រឹក លើកទី២ នៅម៉ោង ១១:០០ នាទីព្រឹក លើកទី៣ នៅម៉ោង ២:០០ នាទីរសៀល លើកទី៤ នៅម៉ោង ៥:០០ នាទីល្ងាច និងលើកទី៥ នៅម៉ោង ៨:០០ នាទីយប់ ហើយត្រូវធ្វើជាប្រចាំរហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ៕