ក្រសួងធម្មការ និងសាសនា​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា​នេះ បាន​ចេញ​សារាចណែនាំអំពី ការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាមនីមួយក្នុងប្រទេសកម្ពុជា ដើម្បី​ទប់ស្កាត់​ការរី​ក​រាល​ដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍នៃព្រឹត្តការណ៍ ២០កុម្ភៈ។​

សារាចរណែនាំ ដែលចេញផ្សាយដោយក្រសួងធម្មការ និងសាសនា បញ្ជាក់​ថា ដោយសារតែ​ស្ថានភាព​ជំងឺ​កូវីដ១៩ មានការរាត​ត្បាតក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង ក្រសួង​បាន​បញ្ជាឲ្យ​​ប្រធានមន្ទីធម្មការ និងសាសនារាជធានី ខេត្ត សហការជាមួយព្រះមេគណ និង​ព្រះ​អនុគណ ណែនាំទៅគ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសកម្ពុជាឱ្យវាយគង រគាំង ជួង ទូង​ស្គរ ព្រមៗគ្នា។​

សារាចរ​ដដែលបន្ថែមថា៖ «ដើម្បីជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល»។

ចំពោះការវាយគង រគាំង ជួង ទូងស្គរនេះ ត្រូវធ្វើឡើងក្នុងមួយថ្ងៃ ប្រាំដង តាម​ពេល​វេលា​ដែល​បាន​កំណត់​ដូចជា លើកទី១  នៅម៉ោង ៥:០០ នាទីព្រឹក លើកទី២ នៅម៉ោង ១១:០០ នាទី​ព្រឹក លើកទី៣  នៅម៉ោង ២:០០ នាទីរសៀល លើកទី៤  នៅម៉ោង ៥:០០ នាទីល្ងាច និង​លើ​កទី៥  នៅម៉ោង ៨:០០ នាទីយប់ ហើយត្រូវធ្វើជាប្រចាំរហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ៕