រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា (KOICA) បានផ្ដល់ជំនួយ២លានដុល្លារដល់កម្ពុជា លើគម្រោងបង្កើតផែនការមេសម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះ នៅតំបន់ដីសណ្ដភាគខាងកើតទន្លេមេគង្គ កាលពីថ្ងៃទី២៥ មីនា ២០២១។
បើតាមការផ្សាយលើគេហទំព័រផ្លូវការរបស់ កយកា(KOICA) ប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា បញ្ជាក់ថា ទឹកប្រាក់ចំនួន២លានដុល្លារអាមេរិក គឺជាជំនួយឥតសំណងដែលនឹងត្រូវអនុវត្តលើផែនការគ្រប់គ្រងធនធានទឹកសម្រាប់ខេត្តគោលដៅចំនួនពីរ គឺព្រៃវែង និងស្វាយរៀង ក្នុងរយៈពេល ២៤ខែ។ ផែនការនេះ ចាប់ផ្ដើមពីឆ្នាំ២០២១ ដល់២០២៣ ដែលផ្ដោតទៅលើផ្នែកសំខាន់ៗ រួមមាន ការបង្កើតផែនការមេ ក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ សម្រាប់តំបន់ដីសណ្តរភាគខាងកើតទន្លេមេគង្គ ការធ្វើសិក្សាលទ្ធភាពបឋម និង ការគាំទ្រការពង្រឹងសមត្ថភាពអភិវឌ្ឍន៍។
ក្នុងគេហទំព័រដដែលបន្ថែមថា គម្រោងនេះនឹងបង្កើតផែនការអភិវឌ្ឍន៍រយៈពេលវែង ក្នុងគោលបំណង ដើម្បីកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនានា ដូចជាគ្រោះទឹកជំនន់ នៅរដូវវស្សា និងគ្រោះរាំងស្ងួត នៅរដូវប្រាំង ដើម្បីបង្កើនផលិតកម្មកសិកម្ម សម្រាប់ធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងប្រទេស និងក្នុងតំបន់ផ្ទាល់។ លើសអំពីនេះ គម្រោងមានគោលបំណង ដើម្បីបង្កើនគុណភាពជីវិត របស់ប្រជាជនក្នុងតំបន់គោលដៅ តាមរយៈការបង្កើនប្រាក់ចំណូល របស់កសិករ។
ក្នុងកិច្ចចុះហត្ថលេខាទទួលជំនួយ លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិកាក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា គម្រោងនេះជាតម្រូវការចាំបាច់សម្រាប់កម្ពុជា ព្រោះផែនការមេ ជាធាតុចូលដ៏សំខាន់ក្នុងវិស័យទឹកសម្រាប់កសិកម្មរបស់កម្ពុជា ជាពិសេសក្នុងតំបន់ដីសណ្ដរទនេ្លមេគង្គ។
លោកបានបន្ថែម៖ «វាជាផែនទីបង្ហាញផ្លូវ សម្រាប់កម្ពុជា ក្នុងការចាត់ចែងទឹក ប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផលធនធានទឹក នឹងត្រូវបានចាត់ចែង មិនត្រឹមតែប្រើប្រាស់ក្នុងវិស័យកសិកម្មប៉ុណ្ណោះទេ ថែមទាំងអាចប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាជន និងលើវិស័យផ្សេងៗទៀតផងដែរ។»
លោក Rho Hyunjun នាយកទីភ្នាក់ងារកយកាប្រចាំប្រទេសកម្ពុជា(KOICA) មានប្រសាសន៍ថា វិស័យទឹកជាសសរស្តម្ភមួយ ក្នុងយុទ្ធសាស្រ្តភាពជាដៃគូរបស់ទីភ្នាក់ងារកយកា ហើយកយកា ក៏បានប្តេជ្ញាគាំទ្រវិស័យនេះផងដែរ។
«តំបន់ទម្លេមេគង្គ ជាចំនុចសំខាន់ ក្នុងគោលនយោបាយភាគខាងត្បូង របស់សាធារណៈរដ្ឋកូរ៉េ ដែលស្វែងរកកិច្ចសហការដ៏រឹងមាំ ជាមួយបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍ តាមរយៈសសរស្តម្ភចំនួន៤ រួមមាន មនុស្ស វិបុលភាព សន្តិភាព និងភពផែនដី»។
ទីភ្នាក់ងារ កយកា ជាដៃគូផ្ដល់ជំនួយទ្វេភាគីដ៏ធំមួយ ក្នុងចំណោមដៃគូសំខាន់ៗដទៃទៀត ក្នុងការចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ដោយផ្ដោតសំខាន់ លើវិស័យកសិកម្ម វិស័យអប់រំ វិស័យសុខាភិបាល ការអភិវឌ្ឍជនបទ ហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕