រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា (KOICA) បាន​ផ្ដល់ជំនួយ​​២​លាន​ដុល្លារ​ដល់កម្ពុជា លើគម្រោងបង្កើតផែនការមេ​សម្រាប់​ការគ្រប់គ្រងធនធានទឹកចម្រុះ នៅតំបន់ដីសណ្ដភាគខាងកើតទន្លេមេគង្គ កាលពីថ្ងៃទី២៥ មីនា ២០២១។

បើតាមការ​ផ្សាយ​លើ​គេហទំព័រផ្លូវការ​របស់​ កយកា(KOICA) ប្រចាំកម្ពុជា កាល​ពី​​ថ្ងៃ​ទី​២៥ ខែមីនា ​បញ្ជាក់​ថា ទឹកប្រាក់ចំនួន​២លានដុល្លារអាមេរិក គឺជាជំនួយឥតសំណង​ដែលនឹងត្រូវអនុវត្ត​លើ​ផែនការគ្រប់គ្រងធនធានទឹក​សម្រាប់ខេត្តគោលដៅចំនួនពីរ គឺព្រៃវែង និងស្វាយរៀង ក្នុង​រយៈពេល ២៤ខែ។ ផែនការ​នេះ​ ចាប់ផ្ដើមពីឆ្នាំ២០២១ ដល់២០២៣ ដែលផ្ដោតទៅលើផ្នែកសំខាន់ៗ​ រួមមាន ការបង្កើត​ផែនការមេ ក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ សម្រាប់​តំបន់ដី​សណ្តរ​ភាគខាង​កើត​ទន្លេ​មេគង្គ ការធ្វើសិក្សាលទ្ធភាពបឋម និង ការគាំទ្រការពង្រឹងសមត្ថភាពអភិវឌ្ឍន៍។ ​

ក្នុង​គេហទំព័រ​ដដែលបន្ថែមថា គម្រោងនេះ​នឹងបង្កើតផែនការអភិវឌ្ឍន៍​រយៈពេលវែង ក្នុងគោលបំណង ដើម្បីកាត់បន្ថយផលប៉ះពាល់​បង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនានា ដូចជាគ្រោះទឹកជំនន់ នៅរដូវវស្សា និងគ្រោះរាំងស្ងួត នៅរដូវប្រាំង ដើម្បីបង្កើនផលិតកម្មកសិកម្ម សម្រាប់ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក្នុងប្រទេស និងក្នុងតំបន់ផ្ទាល់។ លើសអំពីនេះ គម្រោងមានគោលបំណង ដើម្បី​បង្កើនគុណភាពជីវិត របស់ប្រជាជនក្នុងតំបន់គោលដៅ តាមរយៈការបង្កើនប្រាក់ចំណូល របស់​កសិករ។

ក្នុងកិច្ចចុះហត្ថលេខាទទួលជំនួយ លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិកាក្រសួងធនធានទឹក និងឧតុនិយម បាន​មាន​ប្រសាសន៍ថា គម្រោងនេះជាតម្រូវការចាំបាច់​សម្រាប់កម្ពុជា ព្រោះផែនការមេ ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុងវិស័យទឹក​សម្រាប់កសិកម្មរបស់កម្ពុជា ជាពិសេសក្នុងតំបន់ដីសណ្ដរ​ទនេ្លមេគង្គ។

លោកបានបន្ថែម៖ «វាជាផែនទីបង្ហាញផ្លូវ សម្រាប់កម្ពុជា ក្នុងការចាត់ចែងទឹក ប្រកប​ដោយ​ប្រសិទ្ធភាព និងសមិទ្ធផលធនធានទឹក នឹងត្រូវបានចាត់ចែង មិនត្រឹម​តែប្រើ​ប្រាស់​ក្នុង​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ ថែមទាំងអាចប្រើប្រាស់ក្នុងជីវភាពរស់នៅ​របស់ប្រជាជន និង​លើ​វិស័យ​ផ្សេងៗ​ទៀត​ផ​ង​ដែរ។»​

លោក Rho Hyunjun នាយកទីភ្នាក់ងារកយកាប្រចាំប្រទេសកម្ពុជា(KOICA) មានប្រសាសន៍ថា​ វិស័យ​ទឹកជាសសរស្តម្ភមួយ ក្នុងយុទ្ធសាស្រ្ត​ភាពជាដៃគូ​របស់ទីភ្នាក់ងារ​កយកា ហើយ​កយកា ក៏​បាន​ប្តេជ្ញាគាំ​ទ្រវិស័យនេះផងដែរ។

«តំបន់ទម្លេមេគង្គ ជាចំនុចសំខាន់ ក្នុងគោលនយោបាយភាគខាងត្បូង របស់សាធារណៈរដ្ឋកូរ៉េ ដែល​ស្វែងរកកិច្ចសហការដ៏រឹងមាំ ជាមួយបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍ តាមរយៈសសរស្តម្ភចំនួន៤ រួម​មាន មនុស្ស វិបុលភាព សន្តិភាព និងភពផែនដី»។​

​ទី​ភ្នាក់ងារ កយកា ជាដៃគូផ្ដល់ជំនួយទ្វេភាគីដ៏ធំមួយ ក្នុងចំណោមដៃគូសំខាន់ៗដទៃទៀត ក្នុងការ​ចំណែក​ដល់​ការអភិវឌ្ឍនៅកម្ពុជា ដោយផ្ដោតសំខាន់ លើវិស័យកសិកម្ម វិស័យអប់រំ វិស័យ​សុខាភិបាល ការអភិវឌ្ឍជនបទ ហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕