កញ្ញាមាស គឹមធួន សិក្ខាកាមសារព័ត៌មាន Newsroom Cambodia កាលពីពេលថ្មីៗនេះ បានសម្ភាសកញ្ញាចេន សុជាតា អាយុ ២៧ឆ្នាំ ជានិស្សិតបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាចេន សុជាតា ដែលជាអ្នកសារព័ត៌មាននៅ BTV បាននិយាយអំពីជីវិតគ្រួសារ ជីវិតពេលនៅរៀន អាជីព និងអំពីអត្ថប្រយោជន៍សម្រាប់អ្នកដែលរៀនអក្សរសាស្ត្រខ្មែរ។
Q: សួស្តីបង តើខ្ញុំអាចដឹងពីមូលហេតុបន្តិចបានទេ ហេតុអ្វីបានជាបងចាប់យកជំនាញអក្សរសាស្រ្តខ្មែរ?
A: ឆ្លើយតបទៅនឹងសំណួរនេះ ខ្ញុំចង់រំលឹកទៅអតីតកាលបន្តិច កាលពីរៀនវិទ្យាល័យ ដោយសារខ្ញុំចូលចិត្តរៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និយាយរួមទៅមុខវិជ្ជាទាំងអស់ខ្ញុំចូលចិត្តផ្នែកសង្គម ជាងវិទ្យាសាស្រ្ត ហើយអក្សរសាស្រ្តខ្មែរគឺជាចំណូលចិត្តរបស់ខ្ញុំមួយ ក្រោយមកខ្ញុំបានប្រលងចប់ទី១២ទៅ ខ្ញុំក៏ដាក់អាហារូបករណ៍បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរជាប់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរយៈពេល ៤ឆ្នាំ។
Q: ពេលជាប់អាហារូបករណ៍រយៈពេល ៤ឆ្នាំ តើឪពុកម្តាយ និងបងប្អូនរបស់បងមានការជំទាស់ដែរឬទេ?
A: ពុំមានការជំទាស់អ្វីទេ ដោយសារតែខ្ញុំជាកូនអ្នកកសិករអ៊ីចឹងហើយឪពុកម្តាយរបស់ខ្ញុំកសិករ
ម្ល៉ោះហើយគាត់មិនសូវដឹងច្បាស់ពីឳកាសការងារនៅទីក្រុង ឳកាសការងារនាពេលអនាគត រៀនចប់ធ្វើអីៗគាត់មិនសូវជាខ្វល់ប៉ុន្មានទេ សំខាន់ឲ្យតែកូនគាត់ប្រលងជាប់ រៀនចប់មានការងារធ្វើសមរម្យមួយក្នុងសង្គមគឺគាត់ពេញចិត្តហើយ។ ដូច្នេះគាត់មិនបានបង្ខំយើងឲ្យរៀននូវជំនាញអីផ្សេងតាមចិត្តគាត់នោះទេ។
Q: កំឡុងពេលដែលបងកំពុងសិក្សា តើមានការព្រួយបារម្ភបន្ទាប់ពីរៀនចប់បរិញ្ញាបត្រ ៤ឆ្នាំ ពិបាករកការងារធ្វើដែរ ឬទេក្រៅពីគ្រូបង្រៀន និងអ្នកនិពន្ធ?
A: រយៈពេល៤ឆ្នាំដែលសិក្សាផ្នែកបរិញ្ញាបត្រនៅសាកលវិទ្យាល័យ មែនទែនទៅខ្ញុំបានគិតនៅពេលដែលខ្ញុំរៀនបណ្តើរតាំងពីឆ្នាំ១ គឺឆ្នាំមូលដ្ឋានដែលយើងរៀនមុខវិជ្ជាចម្រុះដូចថ្នាក់ទី១២អ៊ីចឹងដែរ គ្រាន់តែគេរៀនស៊ីជម្រៅតិចទៅផ្នែកអក្សរសាស្ត្រខ្មែរ ប៉ុន្តែឆ្នាំទី២ខ្ញុំចាប់ផ្តើមរៀនបណ្តើរអង្គុយគិតបណ្តើរស្រម៉ៃទៅកាន់អនាគតរបស់ខ្ញុំបណ្តើរថាតើខ្ញុំរៀនហើយខ្ញុំអាចក្លាយទៅជាគ្រូបង្រៀនបានដែរអត់ ព្រោះថានៅពេលដែលខ្ញុំបានសម្រេចចិត្តជ្រើសរើសយកមុខវិជ្ជាអក្សរសាស្រ្តខ្មែរហ្នឹងដាក់អាហារូបករណ៍ទៅផ្នែកហ្នឹងដោយសារតែគិតថាប្រហែលជារៀនចប់ទៅអាចធ្វើជាគ្រូបង្រៀនម្នាក់។
ពេលសម្លឹងទៅសិស្សច្បងមុនយើង នៅពេលដែលគាត់រៀនចប់ទៅ ដើម្បីក្លាយជាគ្រូបង្រៀនម្នាក់បានគឺត្រូវឆ្លងកាត់ការប្រឡងច្រើន ហើយប្រលងហ្នឹងគឺមានអ្នកចូលរួមប្រលងប្រកួតប្រជែងច្រើនមែនទែន ហើយអ្នកដែលជាប់គឺមានភាគតិចណាស់។ អ៊ីចឹងសមត្ថភាពរបស់យើងបើសិនជាល្មមៗប្រាកដជាមិនអាចប្រកួតប្រជែងឈ្នះគេក្នុងការប្រឡងហ្នឹង អ៊ីចឹងទៅខ្ញុំបានដកចិត្តរបស់ខ្ញុំចេញពីអាជីពជាគ្រូបង្រៀន ថាតើមានមុខវិជ្ជាដទៃណាទៀតដែលខ្ញុំអាចធ្វើបានក្រៅពីគ្រូបង្រៀន។
ក្នុងពេលកំពុងសិក្សាហ្នឹង ខ្ញុំបានគិតទៅនៅពេលដែលយើងរៀនបណ្តើរគិតបណ្តើរៗតែមិនដឹងថាអាជីពមួយណាដែលខ្ញុំគិតថាថានឹងអាចឈានទៅចាប់យកជាឳកាសការងារបានទេ ពីព្រោះពេលនេះយើងកំពុងតែរៀន តែក៏មិនភ្លេចយើងនៅតែបន្តខំប្រឹងរៀនបន្តទៀត។
Q: ទាក់ទងនឹងជំនាញអក្សរសាស្រ្តខ្មែរ អាណាព្យាបាលមួយចំនួនលើកឡើងថាជំនាញនេះពុំសូវមានទីផ្សារទូលំទូលាយរៀនចប់ទៅធ្វើត្រឹមជាគ្រូបង្រៀនប៉ុណ្ណោះ? ត្រង់ចំណុចនេះបងយល់ឃើញយ៉ាងណាដែរ?
A: សម្រាប់ខ្ញុំ ដូចជាមិនជំទាស់តាមការលើកឡើងរបស់អាណាព្យាបាលមួយចំនួនទេ ព្រោះថាតាមបទពិសោធន៍ដែលខ្ញុំឆ្លងកាត់កន្លងទៅហ្នឹងគឺវាអត់ដូចអ្វីដែលគាត់បានគិតទុក ធម្មតាក្នុងនាមជាឪពុកម្តាយគាត់ក្រៅពីមានកាតព្ថកិច្ចចិញ្ចឹមបីបាច់កូន គាត់ក៏ចង់ឲ្យកូនរបស់គាត់ធំឡើងទៅមានការងារល្អ ក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ម្ល៉ោះហើយគាត់ពិតជាចង់ឲ្យកូនរបស់គាត់រៀននូវជំនាញណាដែលសម្បូរទីផ្សារការងារ
ទទួលបានប្រាក់ខែខ្ពស់ជាជាងជំនាញណាដែលរៀនទៅមានទីផ្សារការងារចង្អៀត។
ប៉ុន្តែនៅត្រង់ចំណុចនេះខ្ញុំចង់ជម្រាបជូនដែរថាមិនថាមុខជំនាញណាទេ ខ្ញុំនៅតែនិយាយដដែលៗឲ្យតែយើងចេះប្រាកដអត់ខ្វះទេការងារដូចសុភាសិតខ្មែរពោល «ចេះប្រាកដ ប្រាក់រត់តាមហៅ» នេះក៏ដូចគ្នាដែរ មិនខ្វះទេកន្លែងណាគេក៏ចង់ទទួលយើងដែរ ហើយខ្លាចតែយើងអត់ចេះប្រាកដ ចេះស្ទើរៗលំៗទើបជាការព្រួយបារម្ភ។ ហើយម្យ៉ាងវិញទៀតជំនាញអក្សរសាស្ត្រខ្មែរហ្នឹងមែនទែនទៅ ស្ទើរតែគ្រប់ក្រសួងស្ថាប័នគឺគេត្រូវការអ្នកជំនាញអក្សរសាស្ត្រខ្មែរដើម្បីយកទៅបម្រើការនៅស្ថាប័នរបស់គេ។
ម្យ៉ាងវិញទៀតគេក៏ត្រូវការអ្នកនិពន្ធ អ្នកពិនិត្យអក្ខរាវិរុទ្ធ គឺមានតែអ្នករៀនផ្នែកហ្នឹងទើបគាត់អាចយល់ដឹងស៊ីជម្រៅថាពាក្យ និងសរសេរបែបណាត្រូវ បែបណាខុស។ បើសិនជាយើងខ្មែរធម្មតាយើងចេះអានភាសាខ្មែរ តែអ្នកខ្លះមិនចាប់អារម្មណ៍ទេអក្ខរាវិរុទ្ធសរសេរបែបនេះត្រូវបែបនេះខុស យើងនិយាយភាគច្រើនទៅកាន់ភាសានិយាយ។ អ្នកសរសេរភាគច្រើនប្រើភាសានិយាយ ម្យ៉ាងវិញទៀត ខ្ញុំចង់ផ្តល់ជាសារ ឬយោបល់មួយទៅដល់ប្អូនៗដែលនៅសាកលវិទ្យាល័យ ក្រៅតែពីការរៀននៅជំនាញស្នូលរបស់យើងទី១ ប្អូនត្រូវមានភាពក្លាហាន ក្លាហានក្នុងការបង្កើតភាពប្រាស្រ័យទាក់ទងមនុស្សជុំវិញខ្លួន ហ៊ានចូលរួមក្នុងសិក្ខាសាលាផ្សេងៗឬពេលមានវាគ្មិនផ្សេងៗគាត់ជំនាញផ្នែកណាមួយ យើងត្រូវឈ្មុសឈ្មុលទៅទៅដើម្បីសួរនាំគាត់យកបទពិសោធន៍ពីគាត់មកថាគាត់ធ្វើម៉េចបានដើរដល់ចំណុចនេះ។ យើងត្រូវមានភាពក្លាហានជួបជាមួយមហាជន ជួបជាមួយមនុស្សជាច្រើនប្រភេទទើបយើងនឹងទទួលបាននូវឲកាសការងារច្រើនសម្បូរបែប។
Q: ចំពោះបងផ្ទាល់ តើបងយល់ឃើញថាជំនាញនេះមានសក្តានុពលកម្រិតណាសម្រាប់ការងារបច្ចុប្បន្ន? ការងារទូលំទូលាយដែរឬទេ? ការងារទាំងនោះមានអ្វីខ្លះ?
A: សម្រាប់ខ្ញុំយល់ឃើញថាមុខជំនាញអក្សរសាស្រ្តខ្មែរគឺមានសក្តានុពល ហើយរឹតតែមានសក្តានុពលខ្ពស់នៅក្នុងសង្គមខ្មែរយើងទៅទៀត ប្រសិនបើសិក្សានៅមុខជំនាញមួយហ្នឹងគាត់ចេះចាប់ឱកាសនិងចេះស្វែងរកឱកាស។ បើនិយាយទីផ្សារការងារវិញមែនទែនទៅត្រូវការច្រើន ក៏ប៉ុន្តែមនុស្សមួយចំនួនហាក់បីដូចជាមិនសូវបានចាប់អារម្មណ៍ ឃើញតែថាការងារដែលគេប្រូម៉ូតនៅនឹងមុខ អ៊ីចឹងទៅគាត់គិតថាការងារនឹងមានសក្តានុពល ឱកាសការងារច្រើនក៏ប៉ុន្តែវាអត់បែបហ្នឹងទេ។
បន្ទាប់ពីរៀនចប់ ការងារចម្បងនោះគឺគ្រូបង្រៀន រៀនចប់គឺអាចប្រឡងចូលក្របខ័ណ្ឌរដ្ឋ ឬអាចបង្រៀននៅតាមសាលាឯកជននានា ហើយក៏អាចក្លាយទៅជាអ្នកសិក្សាស្រាវជ្រាវបន្ថែមទៀតទៅលើផ្នែកអក្សរសាស្រ្តខ្មែរ អាចទៅជាអ្នកអក្សរសាស្រ្តវិទូ អ្នកបកប្រែ មគ្គុទេស អ្នកនិពន្ធ អ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធនៅតាមស្ថាប័នណាមួយ អ្នកសារព័ត៌មានដូចរូបខ្ញុំផ្ទាល់មានដើមកំណើតអ្នកសិក្សាអក្សរសាស្ត្រខ្មែរប៉ុន្តែអាចក្លាយទៅជាអ្នកកាសែត អាចក្លាយទៅជាអ្នកអត្ថាធិប្បាយព័ត៌មាន ពិធីករពិធីការនី អ្នករដ្ឋបាលផ្សេងៗ។ល។
បើនៅតាមក្រសួងវិញអ្នករដ្ឋបាលគឺត្រូវការចាំបាច់ណាស់ អ្នកដែលចេះពិតប្រាកដផ្នែកអក្សរសាស្រ្តខ្មែរ ពីព្រោះថាលិខិតស្នាមផ្សេងៗដែលចេញទៅនឹងចង់មិនចង់គឺទាមទារឲ្យមានការត្រួតពិនិត្យអក្ខរាវិរុទ្ធឲ្យបានម៉ត់ចត់មែនទែនមុននឹងធ្វើលិខិត នោះចេញទៅ។ ក្រៅពីនោះទៀតអ្នកសិក្សាអក្សរសាស្រ្តខ្មែរក៏អាចមានឱកាសក្លាយជាមន្រ្តីរាជការអាចឈានទៅដល់ឥស្សរជនជាន់ខ្ពស់ផងនៅក្នុងសង្គម យើងក៏មានដែរ ពីព្រោះថានៅក្នុងសង្គមខ្មែរយើងជាក់ស្តែងមានលោកជំទាវ មានឯកឧត្តមច្រើនដែលពួកគាត់មានដើមកំណើតដែលជាអ្នកសិក្សាអក្សរសាស្រ្តខ្មែរហើយបានវិវត្តន៍ខ្លួនរបស់ពួកគាត់ឲ្យទៅជាឥស្សរជនជាន់ខ្ពស់នៅក្នុងសង្គមរបស់ពួកយើង៕