លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមីនានេះ បានហៅរបាយការណ៌ខេមបូចាថាជាការស្រាវជ្រាវមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈជាវិទ្យាសាស្រ្តនោះទេដោយគ្រាន់តែជាបូកសរុបព្រឹត្តិការណ៍ និងមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើអ្នកសារព័ត៌មាននោះឡើយ។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន (ខេមបូចា) បានចេញរបាយការណ៍នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយបាននិយាយថា អ្នកសារព័ត៌មានចំនួន ៧២នាក់ ត្រូវបានគេយាយី ទទួលរងអំពើហិង្សា និងដាក់ឱ្យមានទោសជាប់ពន្ធនាគារថែមទៀតផង ដែលមានរហូតដល់ ៣៥ករណី កាលពីឆ្នាំ២០២០ កន្លងទៅ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន លោកជិន ម៉ាលីន បានចោទសួរថាបើអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ តើត្រូវទទួលខុសត្រូវតាមច្បាប់អ្វីទៅវិញ ហើយបើអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ តើធ្វើច្បាប់ព្រហ្មទណ្ឌមកដើម្បីអ្វី?
លោកជិន ម៉ាលីន ក៏បានបកស្រាយផងដែរអំពីទោសទណ្ឌចំពោះអ្នកប្រព្រឹត្តកំហុសណាមួយ
ដោយលើកឡើងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ព្រហ្មទណ្ឌ។ លោកបាននិយាយថា៖ «អ្នកសារព័ត៌មានមិនមានអភ័យឯកសិទ្ធិដូចសមាជិកសភានោះទេ ពោលគឺ បើមានកំហុសខាងវិជ្ជាជីវៈ ត្រូវទទួលខុសត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន តែបើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌដែលមានជាធរមានដូចពលរដ្ឋដ៏ទៃទៀតដែរ»។
លោកជិន ម៉ាលីន បានបន្ថែម «ការស្រាវជ្រាវរបស់ខេមបូចា មិនគ្រប់ជ្រុងជ្រោយនិងមានលក្ខណៈជាវិទ្យាសាស្រ្តនោះទេ ព្រោះវាគ្រាន់តែជារបាយការណ៍បូកសរុបព្រឹត្តិការណ៍ និងសន្និដ្ឋានផ្អែកលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ដោយមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ជាពិសេសអង្គហេតុនិងអង្គច្បាប់
ដែលនាំឱ្យមានបទល្មើសនិងការចោទប្រកាន់តាមផ្លូវតុលាការលើអ្នកសារព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងនីមួយៗនោះឡើយ»។
ប៉ុន្តែ នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោកណុប វី បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ថារបាយការណ៍ដែលបានចេញផ្សាយជាសារធារណៈនេះគឺជារបាយការណ៍មួយដែលឆ្លងកាត់ការកត់ត្រាបានយ៉ាងត្រឹមត្រូវទៅ តាមស្ថានភាពជាក់ស្តែងនៅក្នុងឆ្នាំ២០២០។
«របាយការណ៍ដែលបានចេញជារបាយការណ៍មួយដែលឆ្លងកាត់ការកត់ត្រានូវករណីផ្សេងៗដែលបានកើតមានឡើងយ៉ាងពិត ប្រាកដនៅក្នុងប្រទេសយើងក្នុងឆ្នាំ២០២០ និងបានដាក់បញ្ជូលក្នុងរបាយការណ៍នេះ» ។
លោកណុប វី ក៏បានលើកឡើងបន្តទៀតថា ចំពោះអ្នកសារព័ត៌មានគួរតែប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានមកប្រើជាជាងការប្រើច្បាប់ព្រហ្មទណ្ឌពីព្រោះករណីភាគច្រើន កើតឡើងនៅពេលអ្នកសារព័ត៌មានកំពុងបំពេញការងាររបស់ពួកគេ។
«ការអនុវត្តច្បាប់សម្រាប់អ្នកសារព័ត៌មាន គួរតែប្រើច្បាប់ស្តីពីរបបសារព័ត៌មាន ជាជាងការប្រើប្រាស់ក្រមព្រហ្មទណ្ឌដើម្បីយកមកចាត់វិធាការណ៍ចំពោះអ្នកសារព័ត៌មាន ហើយមួយផ្នែកទៀតយើងក៏បានពិនិត្យឃើញថាករណីជាច្រើន ក៏បានកើតឡើងលើអ្នកសារព័ត៌មាន ដែលគាត់កំពុងបំពេញការងារ ហើយត្រូវបានហាម និងរារាំង ដោយកម្លាំងសមត្ថកិច្ច និងកងសន្តិសុខជាដើម»៕