លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះប្រកាសបញ្ជាឲ្យត្រៀមរៀបចំដាក់អ្នកជំងឺកូវីដ១៩ ដែលមានអាការៈស្រាល ឱ្យព្យាបាលនៅតាមផ្ទះរបស់ខ្លួន ប្រសិនបើករណីព្រឹត្តិការណ៍២០កុម្ភៈនេះមិនមានការថមថយ។
តាមរយៈសារសំឡេងរបស់លោកនាយករដ្ឋមន្រ្តីដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រៀបចំក្រុមការងារប្រតិបត្តិ អមជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
បន្ទាប់ពីមានការឆ្លងថ្មីនៃជំងឺកូវីដ១៩នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងយ៉ាងគំហុក ដែលត្រឹមតែរយៈពេលជាងមួយខែប៉ុណ្ណោះ។ បើគិតត្រឹមថ្ងៃទី៦ ខែមេសានេះ មានអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់២,២៩៣នាក់។
លោក ហ៊ុន សែន បន្ថែមថា សម្រាប់កន្លែងទទួលព្យាបាលសម្រាប់អ្នកមានផ្ទុកជំងឺកូវីដ១៩នៅមានតិចតួច គឺមានត្រឹមតែ៤មន្ទីរពេទ្យតែប៉ុណ្ណោះ ដែលរួមមាន មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យចាក់អង្រែ មន្ទីរពេទ្យរបេងហង់សិន និងមន្ទីរពេទ្យហ្លូងម៉ែ ដែលជាហេតុធ្វើឱ្យរាជរដ្ឋាភិបាលត្រៀមវិធានការថ្មី ដោយឱ្យអ្នកមានផ្ទុកជំងឺកូវីដ១៩ មានអាការៈស្រាលៗ ឱ្យព្យាបាលនៅផ្ទះរបស់ខ្លួន ដើម្បីជាការកាត់បន្ថយការកក់ស្ទះនៅតាមមន្ទីរពេទ្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំសូមស្នើឱ្យក្រុមការងាររបស់យើង រៀបចំនូវក្រុមប្រតិបត្តិសម្រាប់ការព្យាបាលនៅតាមផ្ទះ ឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាពក្នុងការទទួលយកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទុកសម្រាប់ការព្យាបាលនៅតាមផ្ទះ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន ទោះបីជាយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ។ ទុកអ្នកវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាល ទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវតែមានការវិនិច្ឆ័យឱ្យបានច្បាស់»។
លោក ហ៊ុនសែន ក៏បានឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់ និងមើលថែអ្នកជំងឺតាមផ្ទះឱ្យបានដិតដល់ និងផ្តល់ប្រាក់ឧត្ថមមួយចំនួនដើម្បីទំនុកបំរុងអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។
«យើងក៏ត្រូវសម្រួលរៀបចំពួកគាត់ ដើម្បីឱ្យពួកគាត់រស់នៅបានស្រួលមិនលំបាក អញ្ចឹងក្រៅពីការព្យាបាល អាចរៀបចំការជួយឧបត្ថមចំពោះពួកគាត់ តាមរបៀបនៃការធ្វើចត្តាឡីស័កអញ្ចឹង ក្នុងមួយថ្ងៃជូនគាត់២ម៉ឺនរៀលក្នុងការហូបចុកនានា ដែលត្រូវផ្តល់ទៅឱ្យពួកគាត់ដើម្បីឱ្យអ្នកផ្ទះជួយរៀបចំម្ហូបអាហារសម្រាប់គាត់ ដើម្បីបំប៉នសម្រាប់ការព្យាបាល»។
ប៉ុន្មានម៉ោងបន្ទាប់ពីលោក ហ៊ុន សែន បានដាក់បញ្ជា ក្រសួងសុខាភិបាលក៏បានចេញសេចក្តីជូនដំណឹងទៅគណៈអភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឱ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យ ដើម្បីព្យាបាល និងថែទាំអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ដោយត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់ខ្លួន។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះបញ្ជាក់ថា៖ «ក្រសួងស្នើឱ្យត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះនៃមន្ទីរពេទ្យរដ្ឋ ឬកន្លែងដែលឯកឧត្តម លោកជំទាវ បានរៀបចំរួចជាស្រេច។ ការត្រៀមបំរុងនេះត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ»។
គួរបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជានេះ បានកើតឡើងខ្លាំងសារជាថ្មីបន្ទាប់ពីមានការផ្ទុះសហគមន៍២០កុម្ភៈ ដែលធ្វើឱ្យមានអ្នកពាក់ព័ន្ធជាច្រើន និងបានឈានទៅដល់ការដាក់បំរាមគោចរនៅរាជធានីភ្នំពេញ មិនឱ្យមានការធ្វើចរាចរណ៍លើដងផ្លូវ និងលក់ដូរនៅពេលយប់ ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹកផងដែរ៕