ប្រទេសស៊ុយអែត និងអង្គការយូណេស្កូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងថ្មីមួយមានឈ្មោះថា «ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ» កាលពីថ្ងៃទី០៨ ខែមេសាឆ្នាំ២០២១នេះ ដើម្បីធ្វើឲ្យប្រសើរឡើងនៃសេរីភាពក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មាននៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលផ្សាយលើគេហទំព័ររបស់អង្គការយូណេស្កូប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះថា ប្រទេសស៊ុយអែតនឹងផ្ដល់ទឹកប្រាក់ប្រមាណជា ២,៥លានដុល្លារអាមេរិកដល់អង្គការយូណេស្កូសម្រាប់ការអនុវត្តគម្រោងដែលមានកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំដើម្បីជំរុញឱ្យមានបរិយាកាសប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព សេរី ពហុនិយម និងឯករាជ្យ ដែលនឹងជួយធ្វើឱ្យមានភាពប្រសើរឡើងនៃសេរីភាពក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
ការងាររបស់អង្គការយូណេស្កូ នឹងផ្តោតលើការពង្រឹងក្របខ័ណ្ឌច្បាប់ និងវិស័យប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងលើតម្រូវការបន្ទាន់បណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតជាសាកលកូវីដ១៩ ដោយរួមបញ្ចូលទំាងការធានាឱ្យបាននូវការទទួលបានព័ត៌មានសំខាន់ៗ ការតស៊ូមតិដើម្បីឱ្យមានស្តង់ដារខ្ពស់ក្នុងការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ និងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានដើម្បីប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូដដែលនោះបានស្រង់សម្តីរបស់លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា ថាការគាំទ្រនេះ គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិរបស់ប្រទេសស៊ុយអែតជាមួយប្រទេសកម្ពុជា ដែលផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លោកបានបន្ថែមថា៖ «យើងរីករាយដែលធ្វើការជាដៃគូជាមួយអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាដើម្បីកសាងសមត្ថភាពលើវិស័យប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសារព័ត៌មាន និងបង្កើតយន្តការសម្រាប់សុវត្ថិភាពអ្នកសារព័ត៌មាន។ ការយកចិត្តទុកដាក់ពិសេស នឹងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មានជាស្ត្រី ដែលងាយទទួលរងគ្រោះក្នុងវិជ្ជាជីវៈសារព័ត៌មាន ហើយខ្វះឱកាសស្មើភាពគ្នាក្នុងការទទួលបានការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួននៅក្នុងវិស័យសារព័ត៌មាននេះ»។
តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា លោក សាដា អ៊ូម៉ា អាឡាម បានលើកឡើងពីថា៖ «គំនិតផ្តួចផ្តើមនេះនឹងពង្រឹងសេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីនៃការទទួលបានព័ត៌មានក្នុងប្រទេសកម្ពុជាតាមរយៈការតស៊ូមតិឱ្យទទួលបានក្របខ័ណ្ឌច្បាប់ដែលមានលក្ខណៈរឹងមាំសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចពិភាក្សាជាសាធារណៈ និងជំរុញឱ្យមានបរិយាកាសប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពរស់រវើក ដែលនឹងលើកកម្ពស់តម្លៃប្រជាធិបតេយ្យអភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា គម្រោងនេះបានចូលរួមចំណែកដោយផ្ទាល់ ដោយឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ដែលផ្តោតលើការជំរុញឱ្យមានគណនេយ្យភាពរបស់រដ្ឋាភិបាល ការកសាងនីតិរដ្ឋ និងការរក្សាសន្តិភាព និងជាពិសេស គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ចំណុច១០ ដែលមានគោលបំណងធានាឱ្យមាននូវការទទួលបានព័ត៌មានជាសាធារណៈ និងការពារសេរីភាពមូលដ្ឋាន ដោយស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ៕