ប្រទេសស៊ុយអែត និងអង្គការយូណេស្កូ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ដើម្បីចាប់ផ្តើម​គម្រោងថ្មីមួយមានឈ្មោះថា «ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ» កាលពីថ្ងៃទី០៨ ខែមេសាឆ្នាំ២០២១​នេះ ដើម្បី​ធ្វើ​ឲ្យ​​ប្រសើរឡើង​នៃ​សេរីភា​ព​ក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មាននៅ​កម្ពុជា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​លើគេហ​ទំព័រ​របស់​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា​ ឆ្នាំ​២០២១​​នេះ​​ថា ប្រទេសស៊ុយអែត​​នឹង​ផ្ដល់​ទឹក​ប្រាក់​ប្រមាណជា ២,៥​លានដុល្លារ​អាមេរិក​ដល់​អង្គការយូណេស្កូសម្រាប់ការអនុវត្ត​គម្រោ​ង​ដែល​មាន​កិច្ចព្រមព្រៀង​រយៈពេល​៣ឆ្នាំ​ដើម្បី​ជំរុញ​ឱ្យ​​មានបរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកប​ដោយ​សុវត្ថិភាព សេរី ពហុនិយម និង​ឯករាជ្យ ដែលនឹងជួយធ្វើឱ្យមាន​ភាព​ប្រសើរ​ឡើង​នៃ​សេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ការ​ទទួល​បានព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

ការងាររបស់អង្គការយូណេស្កូ នឹងផ្តោតលើការពង្រឹងក្របខ័ណ្ឌច្បាប់ និងវិស័យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ព្រមទាំង​លើ​តម្រូវការ​បន្ទាន់​បណ្តាល​មក​ពីកា​រ​រីករាល​ដាល​នៃ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ​១៩​ ដោយ​រួមបញ្ចូលទំាងការធានាឱ្យបាននូវការទទួលបានព័ត៌មានសំខាន់ៗ ការ​តស៊ូ​មតិ​ដើម្បី​ឱ្យមានស្តង់ដារខ្ពស់ក្នុងការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ និង​ការលើក​កម្ពស់​វិជ្ជាជីវៈសារព័ត៌មានដើម្បីប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។

​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​​របស់​អង្គការ​យូណេស្កូ​ដដែល​នោះ​​បាន​ស្រង់​សម្តី​របស់​លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយ​អែតប្រចាំ​ប្រទេស​កម្ពុជា ថាការគាំទ្រ​នេះ គឺជាផ្នែកដ៏សំខាន់មួយនៃ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត​ជាមួយ​ប្រទេសកម្ពុជា ដែលផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

លោកបានបន្ថែមថា៖ «យើង​រីករាយ​ដែល​ធ្វើកា​រ​ជាដៃគូ​ជាមួយ​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​​កម្ពុជា​ដើម្បីកសាងសមត្ថភាពលើវិស័យប្រព័ន្ធផ្សព្វផ្សាយ ដើម្បី​លើកកម្ពស់​ស្តង់ដារ​វិជ្ជាជីវៈ​សារព័ត៌មាន និងបង្កើតយន្តការសម្រាប់សុវត្ថិភាពអ្នកសារព័ត៌មាន។ ការយកចិត្ត​ទុក​ដាក់ពិសេស នឹងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មានជាស្ត្រី ដែលងាយ​ទទួលរងគ្រោះ​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន ហើយខ្វះឱកាស​ស្មើភាពគ្នា​ក្នុង​ការទទួល​បាន​ការអភិវឌ្ឍ​វិជ្ជាជីវៈ​របស់​ខ្លួន​នៅ​ក្នុង​វិស័យសារព័​ត៌មាន​នេះ»។

តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា លោក សាដា អ៊ូម៉ា អាឡាម បានលើកឡើង​ពីថា៖ «គំនិតផ្តួចផ្តើមនេះនឹងពង្រឹង​សេរីភា​ព​នៃ​ការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ី​នៃ​ការទទួលបានព័ត៌មាន​​ក្នុងប្រទេស​កម្ពុជា​តាម​រយៈ​ការតស៊ូមតិ​ឱ្យ​ទទួល​បាន​ក្របខ័ណ្ឌច្បាប់ដែល​មាន​លក្ខណៈរឹងមាំ​សម្រាប់​ការអភិវឌ្ឍ​​ប្រព័ន្ធ​ផ្សព្វផ្សាយ ការផ្តល់​វេទិកាសម្រាប់ការសន្ទនា និងកិច្ចពិភាក្សាជាសាធារណៈ និងជំរុញ​ឱ្យមាន​បរិយាកាស​ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពរស់រវើក ដែលនឹងលើកកម្ពស់​តម្លៃប្រជា​ធិប​តេយ្យអ​ភិបាល​កិច្ច​ល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព»។

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ដដែល​បន្ថែមថា គម្រោងនេះបានចូលរួមចំណែកដោយផ្ទាល់ ដោយឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ដែលផ្តោត​លើការជំរុញឱ្យមានគណនេយ្យភាពរបស់រដ្ឋាភិបាល ការកសាងនីតិរដ្ឋ និងការរក្សាសន្តិភាព និងជាពិសេស គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ចំណុច១០  ដែលមានគោលបំណងធានាឱ្យមាននូវការទទួលបានព័ត៌មានជាសាធារណៈ និងការពារសេរីភាពមូលដ្ឋាន ដោយស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ៕​