អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) នៅថ្ងៃទី១០ ខែមេសានេះ បានព្រមានធ្ងន់ៗថា កម្ពុជាអាចប្រឈមនឹងគ្រោះមហន្តរាយធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ និងទៅខាងមុខទៀត ប្រសិនបើប្រជាពលរដ្ឋទាំងអស់មិនចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញដោយអង្គការសុខភាពពិភពលោកនៅថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១នេះបញ្ជាក់ថា រយៈពេលពីរសប្តាហ៍កន្លងមកនេះ វីរុសកូវីដ១៩ បានឆ្លងរាតត្បាតនៅតាមភោជនីយដ្ឋាន ផ្សារនានា អាជីវកម្មតូចៗ និងតាមការជួបជុំ ក៏ដូចជាពិធីជប់លៀងឯកជននានា។ កន្លែងប្រឈមខ្ពស់នឹងការឆ្លងជំងឺគឺជាទីកន្លែងណាដេលមានមនុស្សកកកុញនៅជិតៗគ្នា មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។ កន្លែងទាំងនោះរួមបញ្ចូលទាំងកន្លែងស្នាក់នៅឯកជន ដែលមិត្តភក្តិ ក្រុមគ្រួសារ តែងតែរៀបចំពិធីជួបជុំពេលឈប់សម្រាក។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ប្រជាជនកម្ពុជា គឺមានសារសំខាន់ ប៉ុន្តែអ្នកស្រីថា ការរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ គឺជាការចូលរួមចំណែករបស់ខ្លួនប្រជាពលរដ្ឋម្នាក់ៗ។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានបន្តថា៖ «បើសិនបើលោកអ្នកជួបប្រាស្រ័យជាមួយបុគ្គលណាម្នាក់ទៀត ហើយពុំបានអនុវត្តវិធានការការពារនោះ វីរុសនៅតែអាចចម្លង ទោះបីជាលោកអ្នកគិតថាលោកអ្នកមិនឆ្លងក៏ដោយ។ នៅក្នុងឆ្នាំថ្មីនេះសូមកុំធ្វើដំណើរទៅទីណាផ្សេងទៀត។ ហើយប្រារព្ធពិធីចូលឆ្នាំតែជាមួយសមាជិកគ្រួសារនៅក្នុងផ្ទះរៀងៗខ្លួនរបស់លោកអ្នកបានហើយ»។
លោកស្រីបន្តទៀតថា៖ «ការអនុវត្តបែបនេះ នឹងជួយឲ្យគ្រប់គ្នាមានសុវត្ថិភាព។ ការលះបង់ដ៏សំខាន់មួយដែលយើងធ្វើឥឡូវនេះ នឹងជួយឲ្យយើងចៀសផុតនូវគ្រោះមហន្តរាយក្នុងប្រទេសទាំងមូលនៅពេលក្រោយ។ សូមប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្ទះ! សូមនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា»។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ក៏ព្រមានដែរថា សូម្បីតែប្រជាជនដែលជឿជាក់ថាខ្លួនមានសុខភាពល្អ ក៏អាចមានផ្ទុកជំងឺកូវីដ១៩ដែរ។ លោកស្រីថា កម្ពុជាកំពុងឈរនៅផ្លូវបំបែក។ អ្វីដែលយើងទាំងអស់គ្នាធ្វើនៅប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ នឹងកំណត់អនាគតរបស់យើង។
លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា៖ «ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូលត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅរួមរបស់យើង ប្រសិនបើយើងចូលរួមទាំងអស់គ្នា នោះគ្នាយើងអាចគ្រប់គ្រងជំងឺរាតត្បាតនេះបាន។ បើមិនដូច្នោះទេខ្ញុំបារម្ភថាផលវិបាកចុងក្រោយគឺជាគ្រោះមហន្តរាយដ៏ធំ»។
គិតត្រឹមថ្ងៃទី១០ ខែមេសានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤,០៨១នាក់ អ្នកជាសះស្បើយចំនួន២,០៨០ អ្នកកំពុងសម្រាកព្យាបាលចំនួន១,៩៧០ និងអ្នកស្លាប់មានចំនួន២៦នាក់៕