អង្គការសុខភាពពិភពលោក​ប្រចាំកម្ពុជា (WHO) ​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ បាន​ព្រមានធ្ងន់ៗថា​ កម្ពុជា​អាច​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ដោយ​សារ​ជំងឺ​កូវីដ​១៩​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ និង​ទៅ​ខាង​មុខ​ទៀត ប្រសិន​បើ​ប្រជាពលរដ្ឋ​ទាំងអស់​​មិន​​ចូល​រួម​ទទួល​ខុសត្រូវ​ក្នុងការ​ទប់​ស្កាត់។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នៅ​ថ្ងៃ​ទី​១០ ខែ មេសា ឆ្នាំ​២០២១​នេះ​បញ្ជាក់​ថា រយៈពេលពីរសប្តាហ៍កន្លងមកនេះ វីរុសកូវីដ១៩ បានឆ្លង​រាត​ត្បាត​នៅ​តាម​ភោជ​នីយដ្ឋាន ផ្សារនានា អាជីវកម្មតូចៗ និងតាមការជួបជុំ ក៏ដូចជាពិធីជប់លៀងឯកជននានា។ កន្លែង​ប្រឈម​ខ្ពស់​នឹងការឆ្លងជំងឺគឺជាទីកន្លែងណាដេលមានមនុស្សកកកុញនៅជិតៗគ្នា មិនមាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់។ កន្លែងទាំងនោះរួមបញ្ចូលទាំងកន្លែងស្នាក់នៅឯកជន ដែលមិត្តភក្តិ ក្រុមគ្រួសារ ​តែងតែ​រៀបចំ​ពិ​ធី​ជួប​ជុំ​ពេល​ឈប់សម្រាក។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍​ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ប្រជាជនកម្ពុជា ​គឺ​មាន​សារសំខាន់ ប៉ុន្តែ​អ្នកស្រី​ថា ការ​រួម​គ្នា​ទប់ស្កាត់​ការឆ្លង​រីករាល​ដាល​​ជំងឺ​កូវីដ​១៩ គឺជា​​ការ​ចូលរួម​ចំណែករបស់ខ្លួនប្រជាពលរដ្ឋ​ម្នាក់ៗ។​

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានបន្តថា៖ «បើសិនបើលោកអ្នក​ជួបប្រាស្រ័យ​ជាមួយបុគ្គល​ណាម្នាក់ទៀត ហើយពុំបានអនុវត្តវិធានការការពារនោះ វីរុសនៅតែអាចចម្លង ទោះបីជាលោកអ្នក​គិតថា​លោក​អ្នក​មិន​ឆ្លងក៏ដោយ។ នៅក្នុងឆ្នាំថ្មីនេះសូមកុំធ្វើដំណើរទៅទីណាផ្សេងទៀត។ ហើយប្រារព្ធ​ពិធី​ចូលឆ្នាំតែ​ជា​មួយស​មាជិកគ្រួសារនៅក្នុងផ្ទះរៀងៗខ្លួនរបស់លោកអ្នកបានហើយ»។

លោកស្រីបន្តទៀតថា៖ «ការអនុវត្តបែបនេះ នឹងជួយឲ្យគ្រប់គ្នាមានសុវត្ថិភាព។ ការលះបង់ដ៏សំខាន់​មួយ​ដែល​យើ​ង​ធ្វើឥឡូវនេះ នឹងជួយឲ្យយើងចៀសផុត​​នូវគ្រោះម​ហន្តរាយ​ក្នុង​ប្រទេស​ទាំងមូល​នៅ​ពេល​ក្រោយ។ សូមប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្ទះ! សូមនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា»។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ក៏ព្រមានដែរថា សូម្បីតែប្រជាជនដែលជឿជាក់ថាខ្លួនមានសុខភាពល្អ ក៏អាចមានផ្ទុកជំងឺ​កូវីដ១៩ដែរ។ លោកស្រី​ថា កម្ពុជាកំពុងឈរនៅផ្លូវបំបែក។ អ្វី​ដែល​យើង​ទាំងអស់​គ្នា​ធ្វើ​នៅ​ប៉ុន្មា​នថ្ងៃ ​និងសប្តាហ៍ខាងមុខនេះ នឹងកំណត់អនាគតរបស់យើង។​

លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា៖ «ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូលត្រូវរួមគ្នាជាធ្លុងមួយ ដើម្បី​សម្រេច​គោលដៅ​រួម​រប​ស់យើង ប្រសិនបើយើងចូលរួមទាំងអស់គ្នា នោះគ្នា​យើង​អាច​គ្រប់គ្រង​ជំងឺ​រាតត្បាត​នេះ​បាន។ បើមិនដូច្នោះទេខ្ញុំបារម្ភថាផលវិបាកចុងក្រោយគឺជាគ្រោះមហន្តរាយដ៏ធំ»។

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែមេសា​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ចំនួន​៤,០៨១​នាក់ អ្នក​ជាសះ​ស្បើយ​ចំនួន២,០៨០ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​១,៩៧០​ និង​អ្នក​ស្លាប់​មាន​ចំនួន​២៦​នាក់៕​​