ក្រសួងអប់រំ យុវជននិងកីឡា លើកទឹកចិត្តឱ្យសិស្សានុសិស្ស និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងរដ្ឋ និងឯកជនទូទាំងប្រទេសទាំងអស់ចូលរួមក្នុងព្រឹត្តិការណ៍ «បំណងប្រាថ្នា» ដែលជាការបង្កើតគម្រោងវេទិកាសិក្សាតាមបែបឌីជីថលដំបូងគេបំផុតនៅកម្ពុជា សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ទី១២។
បើតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ លើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំយុវជន និងកីឡា បញ្ជាក់ថា សិស្សានុសិស្ស ដែលចូលរួមប្រកួតក្នុងប្រព្រឹត្តិការណ៍នេះ នឹងទទួលបានការលើកទឹកចិត្តពីក្រសួងអប់រំ ដោយបន្ថែមពិន្ទុសម្រាប់ការប្រឡងប្រចាំឆ្នាំ ករណីបើពិន្ទុនៃគម្រោងលើស៧០%។ ចំពោះសិស្ស ឬក្រុមសិស្សដែលនៅលំដាប់៥%ចុងក្រោយទូទាំងប្រទេសតាមមុខវិជ្ជានីមួយៗនៅតាមថ្នាក់នីមួយៗ នឹងក្លាយជាសិស្សសក្តានុពលនៃក្រសួង។
ខ្លឹមសារបន្ថែមចេញពីសេចក្តីប្រកាសដដែលបន្តថា គម្រោងដែលវាយតម្លៃថាមាន «គុណតម្លៃ» ខ្ពស់ នឹងទទួលបានថវិកាសម្រាប់អនុវត្ត។ ក្រុមសិស្សទទួលចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ប្រចាំមុខវិជ្ជា និងថ្នាក់នីមួយៗ នឹងទទួលបានបណ្ណសរសើរ ជាមួយនឹងរង្វាន់មួយចំនួន។
គោលបំណងធំៗ៣ យ៉ាងរបស់ព្រឹត្តការណ៍ «បំណងប្រាថ្នា» មានដូចជា ការលើកកម្ពស់ការសិក្សាដោយប្តូរមកវិធីសាស្រ្តរៀនបែបទំនើបថ្មី គឺតាមការរៀនបែបសហការ ប្រើការត្រិះរិះ ការរកដំណោះស្រាយ និងរៀនបង្កើតគម្រោង។ ការលើកស្ទួយដល់ការបង្កើតគម្រោងសិក្សាណាដែលសម្រេចបាននូវពុទ្ធិសម្បទាដល់កំពូល។ ការគាំទ្រឱ្យមានការចែករំលែកគម្រោងដែលជាស្នាដៃរបស់បណ្តាសិស្សានុសិស្សយកទៅពិភាក្សា កែលម្អ និងដកស្រង់បទពិសោធន៍។
ក្រសួងអប់រំក៏បានបន្ថែមថា សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ មកពីបណ្តាគ្រឹះស្ថានអប់រំនានា មិនថារដ្ឋ និងឯកជន អាចចូលរួមប្រកួតបាន តាមជំហាន ៥សំខាន់ៗ រួមមានជំហានទី១ គឺការចុះឈ្មោះនៅលើវេទិកាឌីជីថល ជំហានទី២ ការប្រកាសរកដៃគូ និងការបង្កើតក្រុម ជំហានទី៣ ការរៀបចំបង្កើតគម្រោង ការប្រមូលព័ត៌មាន និងការសរសេររបាយការណ៍ ជំហានទី៤ ការពិគ្រោះយោបល់ និងកែលម្អ និងជំហានទី៥ ការផ្ញើកញ្ចប់របាយការណ៍។
ក្រសួងបានរំឮកបន្ថែមនៅចុងបញ្ចប់នៃសេចក្តីប្រកាសនោះថា ព័ត៌មានលម្អិត និងសេចក្តីណែនាំពិស្តារនៃការរៀបចំ និងការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនាពេលខាងមុខ។ ក្រសួងអប់រំ យុវជន និងកីឡា សូមស្ថានប័នជាតិ និងអន្តរជាតិ វិស័យឯកជន និងសប្បុរសជនដែលមានចំណាប់អារម្មណ៍គាំទ្រដល់ព្រឹត្តការណ៍ «បំណងប្រាថ្នា» សូមទាក់ទងទៅ [email protected] ៕