នាយក​រដ្ឋមន្ត្រី​កម្ពុជា លោកហ៊ុន សែន បានប្រកាសនៅ​ថ្ងៃសៅរ៍នេះថាលោកនឹងចាប់ផ្តើមធ្វើចត្តាឡីស័ក​រយៈពេល​ ១៤ថ្ងៃ ​ចាប់​ពី​ល្ងាច​ថ្ងៃ​ទី១៩នេះ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា​ ឆ្នាំ​២០២១ បន្ទាប់ពីបាន​ពាក់​ព័ន្ធ​ដោយ​ប្រយោល​ជា​មួយ​អ្នក​កើត​ជំងឺ​កូវីដ-១៩។

តាមរយៈ​សារ​លើ​ទំព័រ​ហ្វេសប៊ុករបស់ខ្លួន លោកហ៊ុន សែនបាននិយាយថា លោក​លុប​ចោល​កម្ម​វិធី​ជួប​ជុំ​ទាំង​អស់​ដែល​បាន​គ្រោង​ទុក​ទាំង​ការ​ជួប​ផ្ទាល់ ​​និង​ទាំង​ការ​ជួប​តាម​វី​ដេអូ​។

«ខ្ញុំ​សូម​អភ័យ​ទោស​ដែល​តម្រូវ​ឱ្យ​ខ្ញុំ​លុប​ចោល​កម្មវិធី​ជួប​ជុំ​ទាំង​អស់​ដែល​បាន​គ្រោង​ទុក​ទាំង​ការ​ជួប​ផ្ទាល់​ទាំង​ការ​ជួប​តាម​វី​ដេ​អូ​ ជា​ពិ​សេស​សុំ​ការ​យោគ​យល់​ពី​សំណាក់​ឯក​ឧត្តម​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស  ដែល​គ្រោង​ជួប​គ្នា​នៅ​ម៉ោង​៩:០០ព្រឹក ថ្ងៃ​ទី​២៣​ខែ​មិថុនា​ឆ្នាំ​២០២១​ខាង​មុខ​នេះ​នៅ​វិមាន​សន្តិភាព»។

ទោះ​បីជា​យ៉ាង​នេះ​ក្តី​ លោក​បាន​បញ្ជាក់​ក្នុង​សារលើ​ទំព័រហ្វេសប៊ុក​នោះ​ថា លោក​នៅ​តែ​ធ្វើ​ការ​ដូច​ពេល​មុន​ជាមួយ​គ្រប់​ស្ថាប័ន​ទាំង​ស៊ី​វិល​ កងកម្លាំង​ប្រដាប់​អាវុធ រាប់​ទាំង​ការ​ប្រជុំតាម​ZOOMផងដែរ៕