ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច​តែង​តាំង​សមាសភាព​១៥​ រូបធ្វើ​ជា​ក្រុម​ការងារ​ឌីជីថល បច្ចេកវិទ្យា​ និង​ព័ត៌មាន​ នៅ​កម្ពុជា​ដើម្បីជំរុញ​​ឲ្យ​​ការ​អនុវត្ត​ការ​ងារ​ផ្នែក​ឌីជីថល​តាម​ស្ថាប័ន​រដ្ឋ​នានា​មាន​ភាព​ប្រសើរ​ឡើង។  

យោង​តាម​សេចក្តី​​សម្រេច​របស់​ក្រសួង​មហា​ផ្ទៃ​ស្តីពីការ​បង្កើត​ក្រុមការងារ​ឌីជីថល បច្ចេកវិទ្យា​គមនាគមន៍ ក្រសួង​មហាផ្ទៃ ​​​ចេញ​​​កាល​ពី​ថ្ងៃទី១៥​ ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​បញ្ជាក់​​ថា ​សមាសភាព​ចំនួន​១៥​រូប ដែល​​​មាន​លោក សក់​ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ ជា​ប្រធាន​ លោក​​ ហ៊ុយ​ វណ្ណ: រដ្ឋលេខាធិការ​ ជា​អនុប្រធាន​ លោក​ ប៉ោ​ ភក្តិ អគ្គលេខាធិការ​ក្រសួង​មហាផ្ទៃ ជាអនុ​ប្រធាន​អចិន្ត្រៃយ៍​ បូក​រួម​ទាំង​សមាជិក​១២​ នាក់​ផ្សេង​ទៀត​ជា​សមាជិក​ ធ្វើ​ជា​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក​ ឌីជីផល​ បច្ចេក​វិទ្យា និង​ព័ត៌មាន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា ពី​រដ្ឋមន្រ្តី​ ស ខេង តទៅ។

សមាជិក​រដ្ឋាភិបាល​ឌីជីថល និង​ព័ត៌មានទាំង​១៥រូប ​មាន​ភារកិច្ច​ និងតួនាទី​ដូចជា​ ជា​សេនាធិកា​ក្រោម​ក្រសួង​មហាផ្ទៃ​ ក្រោម​ចំណុះ​អគ្គនាយក​ដ្ឋាន​ និង​អង្គភាព​ក្នុង​ការ​គ្រប់គ្រង​គម្រោង​បច្ចេកវិទ្យា និង​ព័ត៌មាន។ រៀប​ចំ​មេ​បច្ចេកវិទ្យា គមនាគមន៍ ព្រម​ទាំង​បណ្តុះបណ្តាល​សមត្ថភាព​ធនធាន​មនុស្ស​។ ធ្វើ​សមាហរណកម្ម​តភ្ជាប់​បណ្តាញ​ប្រពន្ធ័ គមនាគមន៍​និង ព័ត៌មាន របស់​ក្រសួង​មហាផ្ទៃ​ទៅ​នឹង​ ប្រព័ន្ធបច្ចេកវិទ្យា​របស់​បណ្តា​ក្រសួង ស្ថាប័ន​ពាក់​ពន្ធ័​នានា​របស់​រាជរដ្ឋាភិបាលកម្ពុជា​។ ទទួល​ខុសត្រូវ​ ក្នុង​ការ​វាយ​តម្លៃ​ប្រព័ន្ធ និង​សម្ភារ:បច្ចេក​ទេស​ ស្រប​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ពិភព​លោក​ ដែល​ជំរុញ​ដល់​ការ​ងារ​ជំនាញ​ និង​ការងារ​ក្នុង​ការ​ផ្តល់​សេវា​សាធារណ:ឱ្យ​មាន​ប្រសិទ្ធភាព​។ រៀប​ចំ​គោលនយោបាយ​ លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ពាក់ព័ន្ធផ្សេងៗ និង​ធុរកិច្ចឌីជីថល​។ រៀប​ចំ​របាយ​ការណ៍​លទ្ធផល​ការងារ​តាម​ដំណាក់​កាល​នីមួយ​ៗ ដើម្បី​ស្នើ​មតិ​ដឹក​នាំ​ចាំបាច់​។

Newsroom Cambodia  បាន​ព្យាយាម​ទាក់ទងសុំ​ការ​អត្ថាធិប្បាយបន្ថែម​​ពី​​​​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​ ខៀវ សុភ័គ​ តែ​រហូត​មក​ដល​ថ្ងៃ​ចន្ទ​នេះ​ មិនមាន​ការ​ឆ្លើយ​តប​៕