ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បាន​ប្រកាស​​​អនុញ្ញាត​ឱ្យថែ​ទាំ​​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩កម្រិត​ស្រាល ​និង​គ្មាន​រោគ​សញ្ញា​នៅ​តាម​ផ្ទះ​បាន ដោយ​គោរព​តាម​នីតិ​វិធី​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​។

រដ្ឋ​មន្ត្រី​ក្រសួង​​សុខា​ភិបាល​ លោក ម៉ម ប៊ុនហេង​ បានចេញ​សេចក្តី​ប្រកាស​មួយ​​នៅ​ថ្ងៃ​ទី​២០ ​ខែ​មិថុនា​ ឆ្នាំ​២០២១ ​ដែល​មាន​ចែង​ចំនួន​៤បញ្ញត្តិ​ ស្តីអំពី​ការ​​ដាក់​ឱ្យ​ប្រើ​នីតិ​វិធី​ប្រតិបត្តិ​ស្តង់​ដារ​សម្រាប់​គ្រប់​គ្រង​ ថែ​ទាំ​ និង​ព្យាបាល​​អ្នក​ជំងឺ​កូវីដ​១៩​នៅ​តាម​ផ្ទះ។ ប្រការ​១​នៃ​ប្រកាស​នោះ​បញ្ជាក់​ថា​ នីតិ​វិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់​​គ្រង​ ថែ​ទាំ​ និង​ព្យា​បាល​អ្នក​ជំងឺ​កូវីដ១៩​កម្រិត​ស្រាល​ និង​គ្មាន​រោគសញ្ញា​នៅ​តាម​ផ្ទះ​នេះ ជា​ជំហាន​ដំបូង​ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ។

ប្រការ​២​នៃ​ប្រកាស​នោះ​បញ្ជាក់​​​ថា៖ «ការ​ដាក់​ឲ្យ​ដំណើរ​ការ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​កម្រិតស្រាល និង​គ្មាន​រោគ​សញ្ញា​នៅ​តាម​​ផ្ទះសម្រាប់​ភូមិសាស្ត្រ​ខេត្ត​ផ្សេងទៀត​ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ពេល​ក្រោយ​ ផ្អែក​តាម​កម្រិត​នៃ​ការ​ឆ្លង​រាល​​ដាល​នៃ​ជំងឺ​កូវីដ១៩​ក្នុង​ភូមិសាស្ត្រ​នីមួយៗ»។

បើតាម​​​​​នីតិ​វិធី​ប្រតិបត្តិ​ស្តង់​ដារ​សម្រាប់​គ្រប់​គ្រង​ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​នៅតាម​ផ្ទះរបស់​ក្រសួង​សុខាភិបាល បញ្ជាក់​ថា មាន​ហេតុផ​ល​ដ៏សំខាន់ ​និង​ទិន្នន័យទុកចិត្ត​បាន​លើ​ការ​សម្រច​នេះ​ ពីព្រោះ​តែ​ការ​ថែ​ទាំ​អ្នក​ជំងឺ​កូវីដ១៩​ក្នុង​កម្រិត​ស្រាល ​​និង​គ្មាន​រោគ​សញ្ញាត្រូវ​បាន​បណ្តា​ប្រទេស​ជា​ច្រើន​បាន​ជ្រើស​រើស​យក​ការ​ព្យាបាល​ជំងឺ​កូវីដ១៩នៅតាម​ផ្ទះ។

ចំណែក​ ឲ​អង្គការ​សុខភាព​ពិភពលោក ​(WHO) ក៏បាន​ណែនាំ​សម្រាប់​ការ​ថែ​ទាំ​អ្នក​ជំងឺ​កូវីដ១៩​ ក្នុង​កម្រិត​ស្រាល​ដែល​អាច​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ព្យាបាល​នៅ​តាម​ផ្ទះ​ ដើម្បី​កាត់​បន្ថយ​បន្ទុក​របស់​ប្រព័ន្ធ​សុខាភិបាល​ផងដែរ។ នេះ​បើ​​តាម​នីតីវិធី​ប្រតិបត្តិ​ស្តង់​ដារ​ដដែល ។​

ក្នុង​​​នីតីវិធី​ប្រតិបត្តិ​ស្តង់​ដារ​នោះ​ក៏​បាន​បញ្ជាក់​ថា​​ តាម​ការប៉ាន់ស្មាន​នៅ​កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន​៨០%​ស្ថិត​ក្នុង​កម្រិត​គ្មាន​រោគសញ្ញា ​និង​កម្រិត​ស្រាល​។ អ្នក​ជំងឺ​កូវីដ១៩​កម្រិត​ស្រាល​ដែល​គ្មាន​កត្តា​ប្រឈម​អាច​ទទួល​បាន​ការព្យាបាល​នៅ​តាម​ផ្ទះ​​ ក៏ប៉ុន្តែ​ត្រូវ​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​ ថែ​ទាំ និង​ព្យាបាល​ជាប់​ជាប្រចាំ​ដោយ​មន្ត្រី​ បុគ្គលិក​សុខាភិបាល ​និង​អ្នក​ស្ម័គ្រចិត្តដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ​ ដើម្បី​អនុវត្ត​នៅ​តាម​មូលដ្ឋាន និង​តាម​ការ​វាយ​តម្លៃ​ផ្ទះ​របស់​អ្នក​ជំងឺ​យ៉ាង​ម៉ត​ចត់​ជាមុន​ពី​មន្ត្រី​បុគ្គលិកពាក់​ព័ន្ធ៕