ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃចន្ទនេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសឡាវទាំងអស់ឱ្យប្រុងប្រយ័ត្ន និងការពារខ្លួនពីជំងឺកូវីដ១៩ អំឡុងពេលរដ្ឋធានីវៀងច័ន្ទបន្តបិទខ្ទប់១៤ថ្ងៃទៀត ដោយសារការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ ចេញនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋធានីវៀងច័ន្ទនឹងបន្តបិទខ្ទប់១៤ថ្ងៃទៀត ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ព្រោះតែការឆ្លងជំងឺកូវីដ១៩នៅតែមានក្នុងសហគមន៍។ ក្នុងនោះ រដ្ឋាភិបាលឡាវបន្តបិទអាជីវកម្ម និងហាមឃាត់ការធ្វើដំណើរមួយចំនួន។
ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា៖ «បន្តបិទកន្លែងស៊ីផឹក កាស៊ីណូ ការ៉ាអូខេ កន្លែងកំសាន្ត កន្លែងម៉ាស្សា ក្លឹបកីឡាគ្រប់ប្រភេទ ហាមលក់គ្រឿងស្រវឹង ហាមជួបជុំគ្នាលើសពី៥០នាក់ ហាមមិនឱ្យពលរដ្ឋដែលមិនទាន់បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើដំណើរតាមរថយន្ត និងជិះយន្តហោះ និងហាមចេញ-ចូលតំបន់ក្រហម»។
សេចក្តីជូនដំណឹងនោះបានបន្ថែមថា បើទោះបីជារដ្ឋធានីវៀងច័ន្ទនៅបន្តការបិទខ្ទប់១៤ថ្ងៃទៀតក្តី ប៉ុន្តែរដ្ឋាភិបាលឡាវបានបន្ធូរបន្ថយវិធានការមួយចំនួន។ វិធានការដែលបានបន្ធូរបន្ថយទាំងនោះរួមមាន ការអនុញ្ញាតឱ្យបើកដំណើរការពាណិជ្ជកម្ម ផ្សារគ្រប់ប្រភេទ កន្លែងហាត់ប្រាណ រមណីយដ្ឋាន ភោជនីយដ្ឋាន មានកិច្ចប្រជុំ បើកសាលាដែលមិនមានការឆ្លងជំងឺកូវីដ១៩ និងអាចធ្វើដំណើរឆ្លងខេត្តតាមរថយន្តចំពោះអ្នកចាក់វ៉ាក់សាំងកូវីដ១៩បានពីរដូសរួចហើយជាដើម៕