កម្ពុជា​បាន​សម្រេច​លើកលែង​បម្រាម​លើ​ការ​នាំ​ចូលសាច់​បង្កក ​និង​ទំនិញ​បង្កក​ដែល​អាច​មាន​ហានិភ័យ​ផ្សេង​ទៀត​មក​ពីឥណ្ឌា​វិញ​ហើយ ​ដោយសារ​​ស្ថាន​ភាព​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩បាន​ធូរ​ស្រាល ​និង​ការ​ធ្វើ​តេស្ត​លើ​សាច់​បង្កកនា​ពេល​កន្លង​មក​​​អវិជ្ជមាន​។

យោង​តាម​លិខិត​របស់​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋា​ករ​កម្ពុជា​ដែល​ណែនាំ​​ដល់​នាយកដ្ឋាន​សាខា ​និង​ការិយាល័យ​គយ ​និង​រដ្ឋា​ករ​ កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​មិថុនា ​ឆ្នាំ​២០២១​​​បាន​ឱ្យ​ដឹង​ថា​កម្ពុជា​បាន​សម្រេច​លើក​លែង​បម្រាម​លើ​ការ​នាំ​ចូល​សាច់​បង្កក ​និង​មុខ​ទំនិញ​បង្កក​ដែល​អាច​មាន​ហានិភ័យ​ផ្សេងទៀត​មកពី​ប្រទេស​ឥណ្ឌា​​ចេញ​វិញ​ ​ដោយ​សា​​​ស្ថានភាព​​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​នៅឥណ្ឌា​មាន​ភាព​ធូរ​ស្រាល​ ហើយ​​សាច់​បង្កក​ទាំង​នោះ​មាន​តេស្ត​អវិជ្ជមាន​កន្លងមក។

លិខិត​ដដែល​នោះ​បាន​បញ្ជាក់​នូវ​វិធាន​ការ​ជំនួស​បណ្តោះ​អាសន្នដែល​ត្រូវ​អនុវត្ត​បន្ថែមលើ​ការ​នាំ​ចូលសាច់​បង្កក ​និង​ទំនិញបង្កកទាំងនោះ​​ថា៖ «​តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ​ ឬ​លិខិត​បញ្ជាក់​បន្ថែម​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​ប្រទេស​ដើម​កំណើត​ទំនិញ ​ដែល​បញ្ជាក់​​ថា​ គ្មាន​វី​រុស​កូវីដ-លើ​សាច់​បង្កក»។

លិខិត​ខាង​លើ​នោះ​បានបន្ត​ទៀត​ថា៖ «នៅ​ពេល​ទំនិញ​មក​ដល់​ តម្រូវ​ឱ្យ​យក​សំណាក​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​មុនអនុញ្ញាត​ឱ្យ​បំពេញ​បែប​បទ​បញ្ចេញ​ទំនិញ​ពី​គយ»។

វិធាន​ការ​នោះ​នឹង​ត្រូវ​បន្ធូរបន្ថយ​រហូតដល់​ការ​លុប​ចោល​ទាំង​ស្រុង​នៅ​ពេល​ស្ថាន​ភាព​ជំងឺ​កូវីដ​-១៩​បាន​ធូរ​ស្រាល​នៅពេល​ណា​​ប្រទេស​នាំ​ចេញ ​និង​លទ្ធផល​​តេស្ត​អវិជ្ជមាន​ជា​បន្ត​បន្ទាប់​លើ​សាច់​បង្កក​​ទាំង​នោះ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។​ នេះ​បើ​យោង​​​តាម​លិខិត​របស់​​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋា​ករ​កម្ពុជា។

អតីត​ប្រធានអង្គការ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ការ​សិក្សា​ និង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​(CEDAC) លោកស្រី តុង ច័ន្ទធាង បាន​ប្រាប់​ Newsroom Cambodia នៅ​ថ្ងៃទី​២២ ខែ​មិថុនា​ឆ្នាំ​២០២១​តាម​ទូរសព្ទថា អ្នកស្រី​នៅ​តែ​​​បារម្ភអំពី​បញ្ហា​សុខភាព​ ជា​ពិស​សេស​ទាក់​ទង​នឹង​វីរុសកូវីដ​-១៩ ​ដែល​​មិនទាន់​មាន​ថ្នាំ​ព្យា​បាល​នៅឡើយ​។

លោក​ស្រី​បាន​បន្ថែម​​ថា៖ «​ការពិត​ទៅអ្វី​ដែល​​យើ​ង​បារម្ភ​ទាក់​ទង​ទៅ​ហ្នឹងបញ្ហា​​សុខភាព គឺ​យើង​បារម្ភ​ខ្លាំង បន្ថែមលើ​វីរុស​នោះ​ទៀត គឹ​សុវត្ថិភាព​ចំណីអាហារ ឧទាហរណ៍ថា​បើ​ការ​បង្កកហ្នឹង​ធ្វើ​តាម​បច្ចេក​ទេស រក្សាក្នុង​សីតុណ្ហភាព​មួយ​តាម​ស្តង់​ដារដែល​បាន​កំណត់នោះ​វា​មិន​មាន​បញ្ហាអ្វី​ទេ»។

លោក​ស្រី​បាន​បង្ហាញ​សេចក្តី​បារម្ភ​ថា​៖ «ប៉ុន្តែ​ខ្លាចតែ ការ​រក្សា​ទុក​នោះ​មិន​បាន​ល្អត្រឹម​ត្រូវ​តាម​បច្ចេកទេស វាអាចប៉ះពាល់​ដល់​អ្នក​បរិភោគ ព្រោះ​ថា​អ្នក​បរិភោគ​គ្នា​មិន​ដឹង​ទេ ដឹង​តែ​ថាពេល​គេ​លក់មក ​គ្នា​មិន​មាន​អីលទ្ធភាពអី​ទៅ​ពិនិត្យ​មើលអាហារ​និង​ផលិត​ផល​នៅ​មាន​អ្វីខ្លះទេ គឺយើង​មិនដឹងនោះទេ»។

គួរបញ្ជាក់ថា ​កម្ពុជា​បាន​ដាក់បម្រាម​មិន​ឱ្យនាំ​ចូល​សាច់​ក្របី ​និង​ផលិត​ផល​សាច់​ផ្សេងទៀតដែល​មាន​ប្រភព​មក​ពីប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ​ឆ្នាំ​២០២១​កន្លងទៅ ដោយ​សារ​តែ​ស្ថាន​ភាព​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​​កូវីដ-១៩​​​​​​ក្នុង​ប្រទេស​នេះ​មាន​ភាព​ធ្ងន់​ធ្ងរ៕​