ធនាគារពិភពលោក​បានប្រកាសនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ថា​ បានអនុម័តកញ្ចប់​ឥណទាន​មានតម្លៃទឹកប្រាក់​ចំនួន ២០០លានដុល្លារអាមេរិក​សម្រាប់ជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា ដែលទទួលផលប៉ះពាល់ដោយសារកូវីដ ១៩។

យោងតាមសេចក្ដីប្រកាសព័ត៏មាន គម្រោងថ្មីនេះនឹងជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ១៩ តាមរយៈកិច្ច​អន្តរាគមន៍សង្គ្រោះ​ទាន់ពេលវេលា និង​ចំគោលដៅ​សម្រាប់ពលរដ្ឋ​ងាយរងគ្រោះ ការ​សម្រួល​ឱ្យសេដ្ឋកិច្ច​ងើបឡើងវិញដោយស្វាហាប់​តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និង​ការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។

សេចក្ដីប្រកាសដដែលបានបញ្ជាក់ថា​ កម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមដែលមិនធ្លាប់មាន ហើយជា​លើកដំបូងហើយក្នុងរយៈពេល​៣០ឆ្នាំដែល​សេដ្ឋកិច្ច​នៃប្រទេសនេះ​ នៅ​ក្នុង​ឆ្នាំ​២០២០ បានរួញទំហំអស់ ៣,១ភាគរយ ហើយពេលនេះ កម្ពុជា​កំពុងស្ថិតនៅ​កណ្តាល​ស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ១៩ ចាប់​តាំង​ពី​មានការ​ផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។

«វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុតរួមមាន ​ផ្នែកកាត់ដេរ ទេសចរណ៍ និង​សំណង់ ហើយវិស័យទាំងនេះ​សុទ្ធ​​តែបាន​ផ្តល់​ការ​ងារ​ច្រើន​ជាង​គេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​មាននិរន្ត​ភាពឡើងវិញ»។

យោងតាមធនាគារពិភពលោក ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុតនៅមិនទាន់មាន ការ​រាតត្បាតជំងឺនេះអាចនឹង​បណ្តាល​ឱ្យ​ភាពអត់ការងារធ្វើ និង​ភាពក្រីក្រកាន់​តែកើនឡើង​ថែមទៀត ដែលក្នុងនោះ ពលរដ្ឋ​ជិត​មួយលាននាក់​ត្រូវ​បាន​គេ​រំពឹងថា​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាពក្រីក្រវិញ។

បើគិត​ត្រឹម​ថ្ងៃ​​ទី​​២៤ ​ខែ​​មិថុនា ​​ឆ្នាំ​​​២០២១​​នេះ​ កម្ពុជា​​មាន​​អ្នក​​ឆ្លង​​ជំងឺ​​កូវីដ១៩​​សរុប​​កើន​​ដល់​​ ៤៦,០៦៥នាក់ និង​​អ្នក​ជា​​សះ​ស្បើយ​​សរុប​​​ចំនួន​​​​ ៤០,៧៦៩​នាក់ និង​​អ្នក​​ស្លាប់​​សរុប​​កើន​​ដល់​​៥០៩​​នាក់ ​​​ ​គិត​ចាប់​​តាំង​​ពី​​ការ​​រក​​ឃើញ​​ដំ​បូង​​នៅ​​ចុង​​ខែ​​មករា ​ឆ្នាំ២០២០នេះ​មក៕